ទីផ្សារភាគហ៊ុន

ក្រុមហ៊ុននំស្រួយលីលីរបស់ជំទាវឧកញ៉ា កែវ មុំ ត្រៀមឈានជើងចូលក្នុងទីផ្សារភាគហ៊ុននៅឆ្នាំក្រោយ


ក្រុមហ៊ុនផលិតនំស្រួយលីលី របស់ ជំទាវឧកញ៉ា កែវ មុំ នឹងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជានៅឆ្នាំក្រោយ។ បើតាមការគូសបញ្ជាក់របស់ ឧកញ៉ា កែវ មុំ ការឈានជើងចូលរួមបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ គឺជាឱកាសមួយដែលក្រុមហ៊ុន មានគម្រោងផែនការអភិវឌ្ឍក្រុមហ៊ុន លីលីហ្វូត ឱ្យកាន់តែរីកធំបន្ថែមទៀត។
ជំទាវឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតនំស្រួយលីលី

តាមរយៈការចូលក្នុងផ្សារមូលបត្រនេះដែរ ក្រុមហ៊ុននឹងអាចជួយជំរុញ និងចែកចាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការទិញ-លក់ផ្សារភាគហ៊ុននេះផងដែរ។ ជាក់ស្តែងក្រុមហ៊ុនលីលីហ្វូត បានត្រៀមខ្លូនរួចជាស្រេច ដោយគម្រោងចូលរួមបោះផ្សាយលក់មូលបត្រដំបូងនេះ ក្រុមហ៊ុន លីលីហ្វូត គ្រោងបោះផ្សាយលក់ភាគហ៊ុនប្រមាណចំនួន១០% នៃភាគហ៊ុនសរុប។

ជំទាវឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតនំស្រួយលីលី បានបញ្ជាក់ប្រាប់​ខេមបូណូមីសថា ក្រុមហ៊ុន លីលីហ្វូត មានគោលបំណងក្នុងការចូលរួមក្នុងទីផ្សារមូលបត្រនេះជាយូរណាស់មកហើយ តាំងពីរាជរដ្ឋាភិបាលបានបង្កើតផ្សារមូលបត្រដំបូងមកម្លេះ ប៉ុន្តែដោយសារមានផលលំបាកមួយចំនួនទើបមិនទាន់អាចចូលរួមបាន។ បើតាម ជំទាវឧកញ៉ា កែវ មុំ នៅរយៈពេលប៉ុន្មានឆ្នាំដែលទីផ្សារមូលបត្របានបង្កើតឡើង អ្នកដែលចូលរួមក្នុងទីផ្សារមូលបត្រ ក៏ដូចជាអ្នកទិញ-លក់ មូលបត្រនេះ ហាក់នៅមានកម្រិតនៅឡើយ។ ដូចនេះ ប្រសិនបើ ក្រុមហ៊ុន លីលីហ្វូត អាចចូលក្នុងទីផ្សារមូលបត្រ វាគឺជាឱកាសមួយដែលក្រុមហ៊ុន លីលីហ្វូត អាចជួយជំរុញ និងចែកចាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការទិញ-លក់ទីផ្សារមូលបត្រនេះផងដែរ។

ឧកញ៉ា កែវ មុំ អះអាងថា ក្រុមហ៊ុន លីលីហ្វូត មានគោលជំហរយ៉ាងមុតម៉ាំក្នុងការចូលខ្លួនក្នុងទីផ្សារមូលបត្រ ដោយក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ជាស្រេច ដូចជាគណនេយ្យភាព ស្តង់ដារគុណភាព សុវត្ថិភាព ក៏ដូចជាស្តង់ដារផ្សេងៗទៀត និងគម្រោងផែនការអភិវឌ្ឍន៍ក្រុមហ៊ុន លីលីហ្វូតឱ្យកាន់តែរីកធំបន្ថែមទៀតផងដែរ។ តាមគម្រោងក្រុមហ៊ុន លីលីហ្វូត អាចនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងរបស់ខ្លួននៅ ឆ្នាំ២០២៣ ខណៈចំនួនភាគហ៊ុនដែលគ្រោងបោះផ្សាយក្នុងជំហ៊ានដំបូងប្រមាណ ១០% នៃចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុន និងមើលជាក់ស្តែងទៅលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិដំបូងសិន ប្រសិនជាមានការដំណើរការរលូន និងជោគជ័យនោះ និងមានការបន្តការពង្រើកការបោះផ្សាយបន្ថែមផងដែរ។

បើតាម ឯកឧត្តម ស៊ូ សុជាតិ ប្រភិរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាបានឱ្យដឹងថា ក្រៅតែពីក្រុមហ៊ុនរបស់​ជំទាវឧកញ៉ា កែវ មុំ ក៏មានក្រុមហ៊ុន​ ម៉េងលី ជេ. គួច អេឌ្យូខេសិនរបស់អ្នកឧកញ៉ា គួច ម៉េងលី ក៏មានផែនការនឹងបោះផ្សាយលក់មូលបត្រ​នៅឆ្នាំក្រោយនេះដែរ។ ឯកឧត្តម ស៊ូ សុជាតិ បញ្ជាក់បន្ថែមថា ការឈានជើងចូលរបស់ក្រុមហ៊ុនទាំងពីរ នៅក្នុងផ្សារហ៊ុនកម្ពុជា គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ជាដំណាក់កាលមួយ ដែលក្រុមហ៊ុនចាប់ផ្តើមការកំរើកខ្លួននូវការរួចរាល់តែម្តង សម្រាប់ការឈានជើងចូលទីផ្សារមូលបត្រ។ បើតាម​ឯកឧត្តម ស៊ូ សុជាតិ ក្រុមហ៊ុនទាំងពីរអាចនឹងចូលរួមបោះផ្សាយមូលបត្រនេះនៅក្នុងឆមាសទី១ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៦ក្រុមហ៊ុន។ ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល៕




អត្ថបទបន្ទាប់


តើឆ្នាំ២០២៣សេដ្ឋកិច្ចកម្ពុជានឹងត្រូវរងសម្ពាធអ្វីខ្លះ?

ព័ត៌មាន
កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិបានព្យាករថា អាចនឹងសម្រេចបានក្នុងរង្វង់៥% ក្នុងឆ្នាំ២០២២ ដែលជាកំណើនមួយរឹងមាំ ទោះបី…

តៃវ៉ាន់ចង់អូសដៃចិនឡើងតតាំងគ្នានៅ WTO ជុំវិញសំណុំរឿងជម្លោះពាណិជ្ជកម្ម

ព័ត៌មាន
កោះតៃវ៉ាន់ អាចនឹងដឹកដៃចិនឡើងទៅអង្គការពាណិជ្ជកម្មពិភពភពលោក ដើម្បីតតាំងក្ដីគ្នា ជុំវិញរឿងជម្លោះពាណិជ្ជកម្ម បន្ទាប់ពីទីក្រុងប៉េកាំងបានបិទខ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ