
ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ មានការធ្លាក់ចុះជាបន្តបន្ទាប់ បន្ទាប់ពីកំពូលមហាសេដ្ឋីរូបនេះចូលប្រឡូកក្នុងនយោបាយ ដោយត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ តែងតាំងឱ្យធ្វើជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ដែលជាស្ថាប័នកំណែទម្រង់ការចំណាយរបស់រដ្ឋាភិបាល។
បើយោងតាមរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយកាលពីពេលថ្មីៗ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សមួយនេះទទួលបានប្រាក់ចំណេញជិត៤០០លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះមានការធ្លាក់ចុះរហូតដល់៦៦%បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែអតិថិជនដ៏មានសក្ដានុពលបានបន្តធ្វើពហិកាមិនទិញរថយន្តរបស់ក្រុមហ៊ុនេះ ក្រោយលោក ម៉ាស់ ចូលរួមធ្វើឱ្យពលរដ្ឋអាម៉េរិកជាច្រើនបានបាត់បង់ការងារធ្វើ។
ក្រោយប្រាក់ចំណេញរបស់ក្រុមហ៊ុនថេស្លាដាំក្បាលចុះ លោក ម៉ាស់ បានអះអាងថា លោកនឹងចំណាយពេលជាមួយក្រុមហ៊ុនថេស្លាឱ្យបានច្រើនជាងមុន ដែលនឹងចាប់ផ្តើមនៅក្នុងខែឧសភា ខាងមុខនេះ។
ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ៩%មកនៅត្រឹមជិត២០ពាន់លានដុល្លារប៉ុណ្ណោះ ខណៈប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះ៧១%មកនៅត្រឹម៤០៩លានដុល្លារ។ នេះជាលើកទី១ហើយក្នុងរយៈពេលមួយឆ្នាំមកនេះ ដែលក្រុមហ៊ុននេះបានប្រកាសពីការធ្លាក់ចុះទាំងប្រាក់ចំណូល និងប្រាក់ចំណេញរបស់ខ្លួនបែបនេះ។ នៅត្រីមាសទី១ឆ្នាំនេះ ក្រុមហ៊ុន Tesla បានចែកចាយរថយន្តបានចំនួនជិត៣៤ម៉ឺនគ្រឿងនៅទូទាំងពិភពលោកដោយធ្លាក់ចុះប្រមាណ១៣%។
ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ប្រទេសចិន ចែកចាយរថយន្តបានច្រើនជាងក្រុមហ៊ុន Tesla នៅពីរត្រីមាសជាប់ៗគ្នា ចំពេលមានប្រតិកម្មប្រឆាំងនឹងសកម្មភាពនយោបាយរបស់លោក ម៉ាស់ ខណៈក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះនៅតែបន្តស្វែងរកភាពជោគជ័យក្នុងទីផ្សារពិភពលោកដដែល៕
អត្ថបទ៖ សុខ មង្គល