ការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩

ប្រមុខការទូតចិនអះអាងថា នឹងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩


ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យីបានអះអាងនៅចុងសប្ដាហ៍មុននេះថា ប្រទេសចិន នឹងបន្ដផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩មកឲ្យប្រទេសកម្ពុជាតាមតម្រូវការ ព្រមទាំងជួយប្រទេសកម្ពុជាក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅក្នុងស្រុកផងដែរ។ រដ្ឋមន្ត្រីការបរទេសចិន អះអាងយ៉ាងដូច្នេះ នៅក្នុងជំនួបទ្វេភាគីជាមួយនឹងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា កាលពីថ្ងៃពុធទី ០៤ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានចិន ស៊ិន ហួ និង CGTN។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី រូបភាព៖ ក្រសួងការបរទេសកម្ពុជា

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១ ដែលជាជំនួបទ្វេភាគី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប្រាក់ សុខុន នៅទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិន។

នៅក្នុងជំនួបទ្វេភាគីនោះ ឯកឧត្តម វ៉ាង យី បានលើកឡើងពីការប្តេជ្ញាចិត្តក្នុងការបន្ដជួយផ្ដល់នូវថ្នាំវ៉ាក់សាំងបង្ការកូវីដ១៩ មកឲ្យកម្ពុជាបន្ថែមទៀត ទៅតាមតម្រូវការរបស់កម្ពុជា ហើយក៏នឹងជួយដល់កម្ពុជាបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ផងដែរ។

ការសន្យានឹងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងនេះ ត្រូវបានគេមើលឃើញថា គឺធ្វើឡើងនៅក្រោយពេលដែល សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្មីៗនេះ បានអំពាវនាវឲ្យមហាមិត្តចិនជួយដល់កម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩នៅកម្ពុជាផ្ទាល់ ដើម្បីផ្គត់ផ្គត់ក្នុងស្រុក និងទៅកាន់ប្រទេសផ្សេងៗទៀតដែលកំពុងមានតម្រូវការវ៉ាក់សាំងផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី ក៏បានលើកឡើងថា កម្ពុជា គឺជាមិត្ត និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ចិន ហើយចិនមានឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមទៀត នៅក្នុងគម្រោងធំៗ ផ្លូវល្បឿនលឿន និងព្រលានយន្ដហោះ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងគម្រោងសំខាន់ៗផ្សេងទៀតជាដើម។

ទន្ទឹមគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកឡើងដែរថា ឯកឧត្តម សាទរចំពោះប្រទេសចិន ដែលតែងតែគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយកម្ពុជាយកចិត្តទុកដាក់ និងគាំទ្រគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល និងគំនិតផ្ដួចផ្ដើមសុវត្ថិភាពទិន្នន័យសកល ដែលត្រូវបានស្នើឡើងដោយប្រទេសចិន។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏ជូនពរឲ្យប្រទេសចិន ទទួលបានជោគជ័យលើការប្រារព្ធពិធីកីឡាអូឡាំពិកនៅរដូវរងាឆ្នាំ២០២២ខាងមុខនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបការីទេសាភិបាលធនាគារជាតិ កោតសរសើរ App អេស៊ីលីដាម៉ូបាល ដែលអាចស្កែន QR Code ​ដើម្បីទូទាត់នៅប្រទេសថៃ

ព័ត៌មាន
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានកោតសរសើរ និងបង្ហាញមោទនភាពចំពោះ App អេស៊ីលីដាម៉ូបាល …

ហេតុអ្វី WHO អំពាវនាវកុំឲ្យភ័យស្លន់ស្លោនឹងកូវីដ១៩បំប្លែងថ្មី អូមីក្រុង?

ព័ត៌មាន
កូវីដ១៩បំប្លែងខ្លួនអូមីក្រុងកំពុងរីករាលដាលពាសពេញពិភពលោកក្នុងពេលដ៏ខ្លី ប៉ុន្តែករណីឆ្លងជាច្រើនហាក់មើលទៅមានសភាពស្រាល ហើយខ្លះទៀតមិនមានចេញរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ