បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ជំរំជនភៀសខ្លួននឹងបង្កើតឡើងនៅក្នុងខេត្ត រ៉ាក់ណុង និង ខេត្តឆុំផុន ដែលសុទ្ធជាខេត្តជាប់ព្រំដែនភាគខាងត្បូងនៃប្រទេសភូមា។ ពលរដ្ឋដែលចង់ភៀសខ្លួនមកជំរំក្នុងប្រទេសថៃនេះ ត្រូវធ្វើដំណើរប្រមាណ ១.៣០០គីឡូម៉ែត ពីតំបន់ដែលមានអំពើហឹង្សាកើតឡើង ភាគច្រើននៅក្រុងយ៉ង់ហ្គោន មកកាន់ខេត្តជាប់ព្រំដែន។
មន្ត្រីជាន់ខ្ពស់នៃយោធាថៃ បានគូសបញ្ជាក់ថា ជំរំនេះធ្វើឡើងបណ្តោះអាសន្នសិនប៉ុណ្ណោះ ហើយជនភៀសខ្លួននឹងត្រូវបញ្ជូនទៅភូមាវិញ ក្រោយពេលដែលស្ថានការណ៍បានធូរស្រាល។
គួររំឭកផងដែរថា គម្រោងដែលថៃចង់បង្កើតឲ្យមានជំរំជនភៀសខ្លួនសម្រាប់ពលរដ្ឋភូមានេះ ធ្វើឡើងនៅបន្ទាប់ពីអង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិបានរិះគិនចំៗ លើចំណាត់ការរបស់អាជ្ញាធរថៃ ដែលកាលពីសប្តាហ៍មុនថៃបានចាប់បញ្ជូនអ្នករត់គេចខ្លួនពីភូមា៨នាក់ ដែលមកសុំសិទ្ធិជ្រកកោននៅតាមពព្រំដែនត្រឡប់ទៅភូមាវិញ។
មែនទែនទៅជារឿយៗអាជ្ញាធរនៅតាមព្រំដែនថៃក្នុងពេលកន្លងមក និងនៅមុនពេលមានរដ្ឋប្រហារនៅភូមាទៅទៀត តែងតែធ្វើការរឹតត្បឹត និងបង្ក្រាបលើជនចំណាកស្រុកមកពីភូមា ដោយអះអាងថាជាការទប់ស្កាត់ការចម្លងកូវីដ-១៩មកក្នុងប្រទេសថៃ។ គេសង្កេតឃើញមានការរឹតត្បឹត និងការល្បាតតាមព្រំដែនកាន់តែច្រើនចាប់តាំងពីខែធ្នូមក បន្ទាប់ពីជនចំណាកស្រុកភូមារាប់រយនាក់នៅផ្សារលក់គ្រឿងសមុទ្រមួយនៅខេត្ត សាមុតសាខន បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩និងបានចម្លងចូលក្នុងសហគមន៍ថៃ។
យើងសង្កេតឃើញថា ស្ថានភាពនៅក្នុងប្រទេសភូមាហាក់វិវត្តទៅរកការបង្ហូរឈាមកាន់តែខ្លាំក្រោយ តាមការរាយការណ៍បាតុករដែលបានស្លាប់កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទម្សិលមិញមានមិនក្រោម ៥០នាក់នោះទេ។ និន្នាការចុងក្រោយនេះ ក្រុមបាតុករហាក់មានកំហឹងលើប្រទេសចិនកាន់តែខ្លាំង ដោយជារឿយៗពួកគេយល់ថា ចិនជាអ្នកនៅពីក្រោយការទំនុកបម្រុងរដ្ឋប្រហារលើកនេះ។
ជាក់ស្តែងកាលពីថ្ងៃច័ន្ទម្សិលមិញ រោងចក្រដែលវិនិយោគដោយជនជាតិចិន សរុបចំនួន ៣២ ត្រូវបានដុតបំផ្លាញនៅក្នុងការវាយប្រហារពីក្រុមបាតុករទៅលើក្រុមហ៊ុនចិន ដែលទំហំខូចខាតត្រូវបានគេបាន់ប្រមាណថា មានដល់ជាង ៣០លានដុល្លារឯណោះ៕