វ៉ាក់សាំងកូវីដ១៩

AstraZeneca ចេញមុខការពារប្រសិទ្ធិភាពវ៉ាក់សាំងខ្លួន ខណៈប្រទេសនៅអឺរ៉ុបកាន់តែច្រើនបន្ដផ្អាកចាក់វ៉ាក់សាំង


ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩ AstraZeneca ចេញមុខការពារប្រសិទ្ធិភាពវ៉ាក់សាំងខ្លួន ខណៈប្រទេសនៅអឺរ៉ុបកាន់តែច្រើនបន្ដផ្អាកចាក់វ៉ាក់សាំង ជាមុនសិន។ ទស្សនិកជនប្រាកដជាបានជ្រាបច្បាស់ហើយ នៅប៉ុន្មានថ្ងៃមកនេះមានប្រទេសជាច្រើនពិសេសនៅប៉ែកអឺរ៉ុប បានសម្រេចផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់អង់គ្លេសជាបន្ដបន្ទាប់ បើទោះបីជា អង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យបន្ដប្រើប្រាស់វ៉ាក់សាំងនេះក៏ដោយ។
រូបតំណាង៖ វ៉ាក់សាំងកូវីដ១៩ប្រភេទ AstraZeneca
ដោយ

ជាក់ស្ដែង ថ្មី​ៗ​នេះ មាន​ប្រទេស​អឺរ៉ុប​ចំនួន​២​បន្ថែម​ទៀត​ហើយ គឺ​អៀ​កឡង់ និង​ហូរ​ឡង់ បាន​សម្រេច​ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca របស់​អង់គ្លេស​នេះ​។

កន្លង​មក​ថ្មី​ៗ​នេះ មាន​ប្រទេស​ជា​ច្រើន​បាន​ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca គឺ​ដោយសារ​តែ​ថ្មី​ៗ​នេះ មានការ​រាយការណ៍​ថា មាន​ករណី​សង្ស័យ​មាន​អ្នក​ចាក់​វ៉ាក់សាំង​នេះ​រួច បាន​ជួប​បញ្ហា​កំណក​ដុំ​ឈាម​ក្នុង​ស​សៃ​។

ទោះ​យ៉ាងណា ខាង​មជ្ឈមណ្ឌល​ពិសោធន៍​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca នៅ​អង់គ្លេស​បាន​ធ្វើការ​ត្រួតពិនិត្យ​ឡើង​វិញ និង​បាន​ចេញ​មុខ​ច្រានចោល​នូវ​ការ​លើក​ឡើង​នេះ ដោយ​បញ្ជាក់​ថា គ្មាន​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់​ថា​វ៉ាក់សាំង​AstraZeneca ធ្វើ​ឲ្យ​មាន​កំណក​ឈាម​ក្នុង​ស​សៃ​នោះ​ទេ​។ ជាមួយ​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក​ក៏​បន្ដ​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​នានា​បន្ដ​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង AstraZeneca​នេះ​ដដែល​។

ទោះជា​បែប​នេះ​ក្ដី ថ្មី​ៗ​នេះ​ប្រទេស​ចំនួន​២​ទៀត គឺ​អៀ​កឡង់ និង​ហូរ​ឡង់ បាន​សម្រេច​ផ្អាក​ការ​ប្រើប្រាស់​ថ្នាំ​វ៉ាក់សាំង​នេះ ការ​សម្រេចចិត្ត​ផ្អាក​ដូចនេះ ធ្វើ​ឡើង នៅ​បន្ទាប់​ពី​គេ​ទទួល​បាន​របាយការណ៍​ថា នៅ​ប្រទេស​ន័​រ​វែ​ស មាន​គ្រូពេទ្យ​ជួរ​មុខ​៣​នាក់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ក្រោយ​ចាក់​វា់ក់​សាំង AstraZeneca រួច​។

អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​ន័​រ​វែ​សបាន​ឲ្យ​ដឹង កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ ថា​បុគ្គលិក​សុខាភិបាល​ទាំង​៣​នាក់​នៅ​ក្នុង​ប្រទេស​ន័​រ​វែ​ស ដែល​ទើបតែ​ទទួល​បាន​វ៉ាក់សាំង AstraZeneca កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ មាន​ហូរ​ឈាម​ឥត​ឈប់ មាន​កំណក​ឈាម​ក្នុង​សរសៃឈាម និង​សម្ពាធ​ឈាម​ចុះ​ទាប​ខ្លាំង​។ ករណី​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ករណី​ដែល​កើតឡើង​នៅ​ដា​ណឺ​ម៉ាក ពោល​គឺ​អ្នក​ចាក់​វ៉ាក់សាំង​រួច​បាន​កើត​មាន​ដុំ​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម​។

គួរ​រំឭក​ផង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ​មាន​ប្រទេស​នៅ​អឺរ៉ុប​ចំនួន ៩​ប្រទេស​ហើយ ដែល​បាន​សម្រេច​ផ្អាក​កម្មវិធី​ចាក់​វ៉ាក់សាំង AstraZeneca​។ ស្រប​ពេល​ដែល​ប្រទេស​អ៊ី​តា​លី និង​អូ​ទ្រី​ស មិន​ផ្អាក​ទាំងស្រុង​នោះ​ទេ ដោយ​ប្រទេស​ទាំង​ពីរ​នេះ​គ្រាន់តែ​ផ្អាក​ចាក់​វ៉ាក់សាំង​ក្នុង​បាច់ (Batch) នៃ​វ៉ាក់សាំង​មួយ​ចំនួន ដែល​គេ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នៅ ដា​ណា​ម៉ាក និង​ន័​រ​វែ​ស​ប៉ុណ្ណោះ​។

ក្រៅ​តែ​ពី​នៅ​អឺរ៉ុប កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ដែរ ប្រទេស​ថៃ​ក៏​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ី​ដែល​បាន​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​AstraZeneca របស់​អង់គ្លេស​នេះ​ដែរ ស្រប​ពេល​ដែល​វៀតណាម បាន​ប្រកាស​ផ្ទុយ​ពី​នេះ​ថា ខ្លួន​នឹង​នៅ​តែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ​នេះ​ដដែល ដោយហេតុ​ថា ខ្លួន​ពុំ​ទាន់​មាន​រក​ឃើញ​ករណី​កំណក​ឈាម​នៅ​ក្នុង​សរសៃ​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង AstraZeneca នៅឡើយ​ទេ ប៉ុន្តែ​នឹង​ខិតខំ​តាមដាន​ប្រតិកម្ម​នៅ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​យកចិត្តទុកដាក់​។

នៅ​កម្ពុជា​ឯណេះ​វិញ​ឃើញ​ថា លោក​ជំទាវ ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ធ្លាប់​បាន​ពន្យល់​កាលពី​ពេល​ថ្មី​ៗ​នេះ​ហើយ​ថា វ៉ាក់សាំង​ដែល​កម្ពុជា​កំពុង​ប្រើ​ឈ្មោះ​ថា កូ​វី​ហ្សែ​ល (covishield) មាន​ភាព​ខុស​គ្នា​ពី​វ៉ាក់សាំង ដែល​ប្រើប្រាស់​នៅ​អឺរ៉ុប ដោយ​ខាង​ក្រុមហ៊ុន AstraZeneca បាន​ផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​នៅ​ឥណ្ឌា​ដើម្បី​ផលិត​ដោយ​ខ្លួនឯង​។

សូម​បញ្ជាក់​ថា អង្គការ​សុខភាព​ពិភពលោក និង​គណៈកម្មាធិការ​សុវត្ថិភាព​នៃ​និយតករ​ឱសថ​អឺរ៉ុប កំពុងធ្វើការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ ប៉ុន្តែ​អះអាង​ថា​បច្ចុប្បន្ន​ពុំ​ទាន់​មាន​ភ័ស្តុតាង​បញ្ជាក់​ថា​ការ​ចាក់​វ៉ាក់សាំង AstraZeneca បាន​បណ្ដាល​ឲ្យ​មាន​ឈាមកក​នៅ​ក្នុង​សរសៃ​នៅឡើយ​ទេ​។ គេ​បាន​ដាក់​កា​រស​ន្និ​ដ្នា​ន​ជំហាន​ដំបូង​ថា វា​អាច​បណ្តាល​មក​ពី​ការ​អា​ឡែ​រ​ហ្ស៊ី ឬ អ្នក​ចាក់​អាច​មាន​ប្រតិកម្ម​ជាមួយ​វ៉ាក់សាំង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យោធាថៃនឹងរៀបចំជំរំជនភៀសខ្លួន សម្រាប់អ្នករត់គេចពីការបង្ក្រាបនៅភូមា ក្រោយបាតុករស្លាប់កាន់តែច្រើន

ព័ត៌មាន
ក្រោយសង្កេតឃើញអំពើហឹង្សាក្នុងប្រទេសភូមាកាន់តែបន្តរាលដាលខ្លាំងឡើងៗ ខណៈដែលបាតុករស្លាប់ដោយការបាញ់ប្រហារពីយោធាក៏មានកាន់តែច្រើនឡើងដែរនោះ រដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ