លោក ផាយ៉ង និយាយថា សមាគមធនាគារថៃ នឹងជួយកូនបំណុលដែលងាយរងគ្រោះទាំងនេះឱ្យស្របតាមគោលការណ៍នៃការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ ហើយថា ចំពោះកូនបំណុលដែលមិនទាន់ខកខានក្នុងការសងត្រលប់ ឬកំពុងជួបការលំបាក និងកូនបំណុលដែលបានខកខានក្នុងការសងត្រប់ នឹងមានសិទ្ធិទទួលបានការរៀបចំឥណទាន ឬ បំណុលឡើងវិញ។
លោក ផាយ៉ង បានបន្ថែមថា ចំពោះគណនីកូនបំណុលដែលបានក្លាយជាកម្ចីមិនដំណើរការ (NPLs) នឹងត្រូវបានធនាគារជួយសម្រួលឱ្យពួកគេសងត្រលប់ក្នុងរយៈពេល៥ឆ្នាំ ហើយធនាគារនឹងបញ្ចុះអត្រាការប្រាក់សម្រាប់ពួកគេមកនៅត្រឹម១៥% ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរ ប្រធានសមាគមធនាគារថៃ រូបនេះបានបន្ថែមទៀតថា ការផាកពិន័យសម្រាប់ការសងត្រលប់មុនកាលកំណត់ ក៏នឹងត្រូវបានលើកលែងផងដែរ សម្រាប់កូនបំណុលដែលបានចូលក្នុងកម្មវិធីរៀបចំឥណទាន ឬបំណុលឡើងវិញ ហើយអតិថិជនអាចទំនាក់ទំនងទៅធនាគារដែលខ្លួនខ្ចីបាន ដើម្បីឱ្យធនាគារទាំងនោះជួយរៀបចំឥណទាន ឬបំណុលឡើងវិញជូនពួកគេ។
លោក ផាយ៉ង បានបន្ថែមថា សមាគមធនាគារថៃ នឹងបង្កើតមូលដ្ឋានទិន្នន័យព័ត៌មានឥណទានថ្មីមួយសម្រាប់កត់ត្រាបង្កាន់ដៃបង់ថ្លៃទឹកភ្លើង និងប្រាក់ចំណូលរបស់ក្រុមអាជីវករដើម្បីសម្រួលឱ្យពួកគេមានសិទ្ធិទទួលបានកម្ចីធនាគារ ជៀសផុតពីការចងការប្រាក់ក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់។
លោកបានបន្តទៀតថា សមាគមធនាគារថៃ ក៏នឹងមានសមាជិករបស់ខ្លួនចាំផ្ដល់ប្រឹក្សា និងណែនាំអតិថិជនអំពីការចាត់ចែងប្រើប្រាស់ហិរញ្ញវត្ថុរបស់ខ្លួនឱ្យចំគោលដៅ និងមានប្រសិទ្ធភាពផងដែរ ដើម្បីជៀសវាងការចាយវាយខ្ជះខ្ជាយលើរបស់មិនចាំបាច់៕
អត្ថបទ៖ សុខ ជា