វិស័យសេដ្ឋកិច្ច

IMF បង្កើនការព្យាករកំណើនសេដ្ឋកិច្ចសកលមានក្នុងរង្វង់ជាង៣% នៅឆ្នាំ២០២៤ នេះ


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចសកលក្នុងរង្វង់ជាង៣% នៅក្នុងឆ្នាំ២០២៤ នេះ ដោយសារតែសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបានបង្ហាញពីភាពធន់នឹងវិបត្តិក្នុងពេលកន្លងមកនេះ។ ទោះជាយ៉ាងណា ការរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប ហាក់មិនទាន់មានភាពវិជ្ជមាននៅឡើយទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា កំណើនសេដ្ឋកិច្ចសកលនៅក្នុងឆ្នាំ២០២៤ នេះនឹងមានសន្ទុះខ្លាំងជាងការរំពឹងដោយសម្រេចបានកំណើនក្នុងរង្វង់៣.១% គឺដូចគ្នាទៅនឹងឆ្នាំ២០២៣ ដោយសារសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបានបង្ហាញពីភាពធន់នឹងវិបត្តិមុនៗ បូករួមតម្រូវការប្រើប្រាស់រឹងមាំដែលជួយជំរុញកំណើន។

នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល (World Economic Outlook) ចុងក្រោយរបស់ខ្លួន មូលនិធិ IMF បានដំឡើងការព្យាកររបស់ខ្លួនក្នុងអត្រា០.២% ដោយសារតែស្ថានភាពសេដ្ឋកិច្ចធូរស្រាលនៅប្រទេសចិន សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ធំៗ ហើយមូលនិធិនេះ ក៏បានព្យាករដែរថា សេដ្ឋកិច្ចសកលនឹងសម្រេចបានកំណើនក្នុងរង្វង់៣,២% នៅឆ្នាំ២០២៥ ដែលខ្ពស់ជាងឆ្នាំ២០២៤ បន្តិច។

ទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចសកលនេះនៅតែមានកម្រិតទាបខ្លាំងជាប្រវត្តិសាស្ត្រ បើធៀបនឹងកំណើនសេដ្ឋកិច្ចសកលចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ដែលមានអត្រាជាមធ្យម៣.៨%។ ទស្សនវិស័យសម្រាប់កំណើនសេដ្ឋកិច្ចអឺរ៉ុប ត្រូវបានទម្លាក់បន្តិចសម្រាប់ឆ្នាំ២០២៤ ដែលភាគច្រើនដោយសារតែកំណើនខ្សោយជាងការរំពឹងទុកកាលពីឆ្នាំ២០២៣។ កត្តាមួយចំនួនដែលបានរារាំងកំណើននៅក្នុងតំបន់នេះរួមមានលក្ខខណ្ឌរូបិយវត្ថុតឹងតែង និងការដកការគាំទ្រផ្នែកសារពើពន្ធ បន្ទាប់ពីផ្ទុះវិបត្តិកូវីដ-១៩ គួបផ្សំនឹងផលិតភាពទាបផងដែរ។

ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនធំៗមួយចំនួននៅតំបន់អឺរ៉ុប នៅតែបង្ហាញសញ្ញាទទួលរងផលប៉ះពាល់ខ្លាំងនៅឡើយពីឥទ្ធិពលនៃសង្រ្គាមនៅប្រទេសអ៊ុយក្រែន ដូច្នេះហើយមូលនិធិ IMF បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនៅតំបន់អឺរ៉ុប សម្រេចបានកំណើន០,៥% ក្នុងឆ្នាំ២០២៣។

នៅក្នុងឆ្នាំ២០២៤នេះ មូលនិធិ IMF បានបន្ទាបការព្យាកររបស់ខ្លួន០.៣% បើប្រៀបធៀបនឹងរបាយការណ៍មុននេះរបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២៣ ហើយពេលនេះមូលនិធិនេះបានព្យាករអំពីការស្ទុះងើបឡើងវិញជាមួយនឹងកំណើន GDP ឈានដល់០,៩%% នៅប្លុកអឺរ៉ុប ដោយសារកត្តាមួយចំនួនដូចជាកំណើននៃតម្រូវការប្រើប្រាស់ក្នុងគ្រួសារ ការធ្លាក់ចុះអតិផរណា និងកំណើនប្រាក់ចំណូលជាដើម៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បណ្ដាធនាគារថៃ ចាត់វិធានការជួយកូនបំណុល ដែលជួបការលំបាកជាង៦លាននាក់ ដោះស្រាយបញ្ហាបំណុល

ព័ត៌មាន
ប្រធានសមាគមធនាគារថៃ (TBA) លោក ផាយ៉ង ស្រ៊ីវ៉ានិច (Phayong Srivanich) បានបញ្ជាក់កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា បណ្ដាធនាគារដែលជាសមាជិ…

គម្រោងសាងសង់រដ្ឋធានីថ្មីតម្លៃរាប់សិបពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ី ស្ថិតក្នុងភាពមិនប្រាកដប្រជា

ព័ត៌មាន
គម្រោងសាងសង់រដ្ឋធានីថ្មីឈ្មោះ នូសានតារា (Nusantara) របស់ឥណ្ឌូនេស៊ី ដែលគ្រោងចំណាយដល់ទៅចន្លោះពី៣០ ទៅ៤០ពាន់លានដុល្លារ ដែលកំពុងលេចចេញជារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ