វិស័យហិរញ្ញវត្ថុ

គណៈរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ថវិកាជាតិសម្រាប់សារពើពន្ធឆ្នាំ២០២៥ ឈានដល់ជាង១០០ពាន់លានដុល្លារ


គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី១៦ មករា បានអនុម័តកញ្ចប់ថវិកាជាតិជាង១០០ពាន់លានដុល្លារ សម្រាប់សារពើពន្ធឆ្នាំ២០២៥ ដោយកើនឡើង៣,៤% បើធៀបនឹងឆ្នាំ២០២៤ ជាមួយនឹងឱនភាពថវិកាកើនដល់ប្រមាណ២០ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យហិរញ្ញវត្ថុ
ដោយ

លោកស្រី រូដក្លៅ ស៊ូវ៉ានគិរី (Rudklao Suwankiri) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ បានអនុម័តក្របខ័ណ្ឌថវិកាជាតិ សម្រាប់សារពើពន្ធឆ្នាំ២០២៥ តាមសំណើរបស់ការិយាល័យថវិកាក្នុងទំហំ១០១ពាន់លានដុល្លារ ដោយកើនឡើង៣.៤% បើធៀបនឹងថវិកាជាតិសម្រាប់សារពើពន្ធឆ្នាំ២០២៤ ដែលមានចំនួនជាង៩៧ពាន់លានដុល្លារ។

អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា កញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៥ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ រួមបញ្ចូលទាំងឱនភាពថវិកាប្រមាណ២០ពាន់លានដុល្លារ ដែលបានកើនឡើងជិត៣% ផងដែរ បើធៀបនឹងតួលេខសម្រាប់ឆ្នាំ២០២៤។

លោកស្រីបានបន្ថែមថា រដ្ឋាភិបាលថៃ នៅតែត្រូវការឱនភាពថវិការយៈពេលខ្លី ដើម្បីបន្តគាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាព ហើយរដ្ឋាភិបាលក៏រំពឹងដែរថា នឹងទទួលបានប្រាក់ចំណូលដុលចំនួនជាង៨០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥ ដោយកើនឡើង៣,៦% បើធៀបនឹងឆ្នាំ២០២៤ ជាមួយនឹងបំណុលសាធារណៈមានចំនួនជាង៣៥៦ពាន់លានដុល្លារ ដែលស្មើនឹង៦៣,៧% នៃផលិតផលក្នុងស្រុកសរុប(GDP)។

រដ្ឋាភិបាលថៃរំពឹងថា ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ប្រទេសនេះនឹងកើនឡើងក្នុងចន្លោះពី៣,១%ទៅ៤,១% ជាមួយនឹងកំណើនជាមធ្យម៣,៦%ក្នុងឆ្នាំ២០២៥ ហើយអត្រាអតិផរណានឹងមានចន្លោះពី១,៥%ទៅ២,៥% ខណៈ GDP របស់ថៃ ត្រូវបានព្យាករថា នឹងមានទំហំជាង៥៦១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

លោកស្រី រូដក្លៅ ស៊ូវ៉ានគិរី (Rudklao Suwankiri) បានឱ្យដឹងថា ជំហានបន្ទាប់ទៀត គឺជាការអំពាវនាវឱ្យការិយាល័យថវិកាអញ្ជើញបណ្ដាទីភ្នាក់ងាររដ្ឋាភិបាល ឱ្យដាក់សំណើចំណាយរបស់ពួកគេ ដើម្បីធ្វើការពិចារណា។

ទាក់ទិនការពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកស្រី រូដក្លៅ ស៊ូវ៉ានគិរី (Rudklao Suwankiri) បាននិយាយថា ការិយាល័យថវិកាបានស្នើសុំពន្យារពេលមួយសប្តាហ៍បន្ថែមទៀតពីកាលបរិច្ឆេទចាស់ ដែលគ្រោងធ្វើពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំដដែល។ ការពន្យារពេលនេះមានគោលបំណងឱ្យស្ថាប័នទាំងអស់រៀបចំសំណើរបស់ពួកគេ ឱ្យបានស្របតាមគោលនយោបាយ ដែលនាយករដ្ឋមន្ត្រីថៃ បានដាក់ចេញកាលពីថ្ងៃទី១២ ខែមករា៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកនាំចេញក្នុងតំបន់កាន់តែបារម្ភពីស្ថានភាពចលាចលនៅសមុទ្រក្រហម ដែលជាច្រកកប៉ាល់កុងតឺន័រដ៏សំខាន់

ព័ត៌មាន
ស្ថានការណ៍វិវត្តន៍ចុងក្រោយនៅសមុទ្រក្រហម បាននិងកំពុងបង្កក្តីបារម្ភកាន់តែខ្លាំងក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននាំចេញក្នុងតំបន់ ដោយ…

ប្រទេសធំៗ៣ព្រមព្រៀងបង្កើតរូបិយប័ណ្ណ BRICS ប្រជែងលុយដុល្លារ ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសំខាន់ៗរបស់អាម៉េរិក

ព័ត៌មាន
ក្ដីស្រមៃបង្កើតរូបិយប័ណ្ណរួមដ៏ថ្មីសន្លាងមួយសម្រាប់ប្លុកប្រទេស BRICS នឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះហើយ ខណៈដែលប្រទេសសមាជិកចំនួន៣របស់ប្លុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ