បរិមាណនៃការលក់មាសធ្លាក់ចុះជាងមុននេះ គឺដោយសារតែ តម្លៃមាសធ្លាក់ចុះ ហើយអ្នកទិញគឺបានទិញមាសក្នុងចំនួនច្រើនរួចទៅហើយ នេះបើតាមការអះអាងរបស់លោក គ្រីត ឆារាត់ ហ៊ីរុនយ៉ាសិរី ប្រធានក្រុមហ៊ុន MTS Gold។
ដោយសារតែតម្លៃមាសបានកើនឡើងខ្ពស់នៅក្នុងរយៈពេល៧ឆ្នាំ បានជំរុញឲ្យមានការលក់មាសដាច់យ៉ាងខ្លាំង ខណៈដែលអ្នកមានមាសសន្សំទុកជាច្រើន បានប្រញាប់ប្រញាល់លក់ចេញនៅអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ ដែលមេរោគឆ្លងនេះកំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម និងសេដ្ឋកិច្ច។
មាសត្រូវបានគេដឹងថា គឺជាវត្ថុមានតម្លៃមួយ ដែលសុវត្ថិភាពក្នុងការទុកដាក់ នៅពេលមានវិបត្តិសេដ្ឋកិច្ច។
កាសែតបាងកកប៉ុស្ដិ៍ រាយការណ៍ថា កាលពីសប្ដាហ៍មុននេះ នៅផ្លូវយ៉ាវវ៉ារ៉ាត់ក្នុងទីក្រុងបាងកកមានប្រជាជនឈរតម្រង់ជួរជាច្រើនលាតសន្ធឹងរាប់រយម៉ែត្រ ដើម្បីរង់ចាំចូលទៅបញ្ជរលក់មាស ដើម្បីយកមាសរបស់ពួកគេទៅលក់ប្ដូរជាសាច់ប្រាក់។
ទោះយ៉ាងណា ចំពោះការនាំចេញមាស ក៏មានការលំបាកដែរ បន្ទាប់ពីជើងហោះហើរភាគច្រើន ត្រូវបានបិទ និងវិធានការបិទប្រទេស គឺបានធ្វើឡើងនៅប្រទេសដែលជាទីផ្សារមាសធំៗមួយចំនួន ដោយវាបានបង្ខំឲ្យអ្នករកស៊ីទិញលក់មាសខ្លះ ត្រូវផ្អាកប្រតិបត្តិការ របស់ពួកគេព្រោះតែបារម្ភខ្លាចជួបបញ្ហាកង្វះលំហូរសាច់ប្រាក់។
ប្រធានសមាគមអ្នកជួញដូរមាស លោក ជីទី តាំងសិដ្ឋផាឌី បាននិយាយថា មានតែមនុស្សមួយក្ដាប់តូចប៉ុណ្ណោះ ដែលបានចេញមកទិញមាស ខណៈដែលហាងលក់គ្រឿងអលង្ការជាច្រើនបានបិទទ្វារ នៅអំឡុងពេលមានការរីករាលដាលនៃមេរោគ កូវីដ-១៩នេះ។
លោក ជីទី បន្ថែមថា អ្នកជួញដូរមាសក្នុងស្រុក ក៏កំពុងជួបការលំបាកដែរ ដោយសារតែត្រូវប្រឈមនឹងបញ្ហាដឹកជញ្ជូន នៅពេលដែលត្រូវនាំចេញមាសទៅ អឺរ៉ុប។
បើយោងតាមក្រសួងពាណិជ្ជកម្មថៃ ការនាំចេញមាសក្នុងរយៈពេល២ខែដំបូងនៅឆ្នាំនេះ មានប្រមាណ៥ម៉ឺន២ពាន់គីឡូក្រាម មានច្រើនជាង៣ដង នៃការនាំចូលមាសត្រឡប់មកវិញដែលមានជាង១,៦ ម៉ឺនគីឡូក្រាម។ ការនាំចេញមាសរយៈពេល២ខែដំបូងឆ្នាំ២០២០នេះមានតម្លៃជាទឹកប្រាក់សរុបប្រមាណជាង ២.៤០០ លានដុល្លារអាមេរិក ខណៈដែលការនាំចូលវិញមានជាង ៦០០លានដុល្លារអាមេរិក៕