
ទោះជាយ៉ាងណា ស្រាប់តែនៅថ្ងៃទី២៦ ខែឧសភា កាសែត Khaosod បានចុះផ្សាយថា តុលាការរដ្ឋបាលថៃ បានចេញសេចក្ដីថ្លែងការណ៍បដិសេធថា ខ្លួនមិនបានចេញសាលដីកាបង្គាប់ឱ្យលោកស្រី យីងឡាក់ បងប្រាក់សំណងដ៏ច្រើនសន្ធឹកសន្ធាប់ដូចការចុះផ្សាយនោះឡើយ។
តុលាការរដ្ឋបាលថៃ (Administrative Court) នៅថ្ងៃទី២៦ ខែឧសភា នេះបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ខ្លួនមិនបានចេញសាលដីការបង្គាប់ឱ្យអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា សងការខូចខាតក្នុងទំហំដល់ទៅ៣០៥លានដុល្លារអាម៉េរិក ដែលបណ្ដាលមកពីកម្មវិធីសន្យាជួយទិញស្រូវពីកសិករកាលពីអំឡុងពេលលោកស្រីកាន់តំណែងជានាយករដ្ឋមន្ត្រីនោះឡើយ។ តុលាការនេះ បានបកស្រាយថា តាមពិតសំណុំរឿងប្ដឹងលោកស្រី យីងឡាក់ នេះផ្តើមចេញពីក្រសួងហិរញ្ញវត្ថុថៃ ដែលបានប្ដឹងទាមទារឱ្យលោកស្រី យីងឡាក់ បង់សំណងខូចខាតដែលមានទំហំសរុបរហូតដល់ទៅប្រមាណ១,១ពាន់លានដុល្លារអាម៉េរិកឯណោះ។
តុលាការនេះបានបន្តថា នេះជាបទបញ្ជារដ្ឋបាលដែលបញ្ជាឱ្យលោកស្រី យីងឡាក់ ទូទាត់សង ហើយប្រសិនបើលោកស្រីមិនទូទាត់សងទេ ក្រសួងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធមានសិទ្ធិអំណាចក្នុងការប្រើវិធានការអនុវត្តរដ្ឋបាល ដោយរឹបអូសទ្រព្យសម្បត្តិរបស់លោកស្រី យីងឡាក់ យកទៅលក់ដេញថ្លៃដោយមិនចាំបាច់ប្តឹងទៅតុលាការ។ ក្រោយមក លោកស្រី យីងឡាក់ បានដាក់ពាក្យបណ្ដឹងទៅតុលាការរដ្ឋបាល ដោយអះអាងថា បទបញ្ជារដ្ឋបាលដែលបញ្ជាលោកស្រីសងសំណងដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺមិនត្រឹមត្រូវតាមច្បាប់នោះឡើយ។
ដូចនេះតុលាការរដ្ឋបាលថៃ សូមបញ្ជាក់ថា ខ្លួនគ្រាន់តែអាចសម្រេចបានត្រឹមថា បទបញ្ជាខាងលើនេះស្របច្បាប់ ឬមិនស្របច្បាប់តែប៉ុណ្ណោះ ពោលគឺខ្លួនគ្មានសិទ្ធិអំណាចបង្គាប់ឱ្យលោកស្រី យីងឡាក់ បង់ប្រាក់សំណងនោះឡើយ។ ទន្ទឹមនេះ តុលាការរដ្ឋបាលបានពិនិត្យឃើញថា ផ្នែកមួយនៃបទបញ្ជានេះមិនស្របច្បាប់នោះទេ ជាពិសេសផ្នែកដែលទាមទារឱ្យលោកស្រី យីងឡាក់ បង់សំណង៣០៥លានដុល្លារអាម៉េរិក៕
ដោយ: តែម សុខុម