ជាពីកូវីដ១៩ហើយ នឹងប្រឈមអ្វីខ្លះ?

តើអ្នកជាសះស្បើយពីជំងឺកូវីដ១៩ អាចនឹងប្រឈមផលវិបាកអ្វីខ្លះនៅពេលក្រោយ?


មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា អ្នកឆ្លងកូវីដ១៩ ដែលបានជាសះស្បើយ អាចនឹងត្រូវប្រឈមផលប៉ះពាល់មួយចំនួននៅថ្ងៃក្រោយ ទាំងផ្នែកសុខភាពផ្លូវចិត្ត និងរាងកាយ។ តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របរទេសមួយចំនួនលើអ្នកជាសះស្បើយពីជំងឺកូវីដ១៩មួយចំនួន គេសង្កេតឃើញថា មានប្រហែលជា ២៣% ទៅ ២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្តនិងឆាប់ព្រួយជាដើម។
លោកជំទាវ ឱ វណ្ណឌីន នាសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងសុខាភិបាលកាលពីថ្ងៃទី ៩ ខែធ្នូ ២០២១

ទន្ទឹម​នេះ ភាព​ឆាប់​នឿយហត់ ឬ​មាន​អារម្មណ៍​មិនសូវ​មាន​កម្លាំងកំហែង ក៏​សង្កេត​ឃើញ​មាន​ដែរ និង​មួយ​ចំនួន​ទៀត ក៏​មានការ​ឆាប់​ទទួល​បាន​នូវ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ឡើង​វិញ​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​។

តាម​ការ​សិក្សា​ពី​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​វេ​ជ្ជា​សាស្ត្រ​បាន​បង្ហាញ​ថា អាច​មាន​រោគ​សញ្ញា​ដែល​នៅ​សេសសល់​បន្ត​ក្នុង​រយៈពេល​ប្រហែល​ជាមួយ​ឆ្នាំ ក្រោយ​ពី​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្ដែ​បុគ្គល​ខ្លះ​ក៏​មិន​មាន​បញ្ហា​នេះ​ដែរ​។ បញ្ហា​ដែល​គេ​សង្កេត​ឃើញ​ថា​ច្រើន​កើត​មាន​នោះ លើ​អ្នកជា​ពី​ជំងឺ​កូ​វី​ដ​១៩​នោះ​រួម​មាន​៖ ឆាប់​នឿយហត់ ឬ​មាន​អារម្មណ៍​ថា​ដូច​ជា​ខ្សោយ​ជាង​មុន​ពេល​ឈឺ ដកដង្ហើម​ដូច​ជា​មិន​បាន​វែង​ៗ ឬ​ពិបាក​ដកដង្ហើម បន្ត​នៅ​ក្អក​ខ្លះ​ៗ អាច​ឈឺសន្លាក់​ដៃជើង អាច​មាន​ឈឺ​ដើមទ្រូង​ខ្លះ​ៗ មាន​បញ្ហា​ការ​ចង​ចាំ និង​បញ្ហា​សម្រាន្ត​មិនសូវ​លក់ ឈឺ​សាច់ដុំ ឬ​ឈឺក្បាល បេះដូង​ដើរ​ញាប់​ជាង​មុន និង​បញ្ហា​បាក់ទឹកចិត្ត អស់សង្ឃឹម ឬ​មាន​អារម្មណ៍​ព្រួយ​ច្រើន​ជាដើម​។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ​អាស្រ័យ​លើ​សរីរាង្គ​របស់​បុគ្គល​ម្នាក់​ៗ​ដែល​មានការ​ឆ្លើយ​តប និង​កា​រវិ​វត្ត​កើត​មាន​មិន​ដូច​គ្នា​នោះ​ឡើយ ជា​ពិសេស ស្ថានភាព​នៃ​អង់ទីគ័រ​របស់​បុគ្គល​ឆ្លើយ​តប​ទប់ទល់​ទៅ​នឹង​ជំងឺ​នេះ ហើយ​ក៏​អាស្រ័យ​លើ​ស្ថានភាព​ដែល​បុគ្គល​បាន​ឆ្លងកាត់​សភាព​ជំងឺ​ស្រាល ឬ​ជំងឺ​ធ្ងន់ធ្ងរ​ផង​ដែរ​។ ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដួស​ទី​៣ ឬ​ដូ​ស​ជំរុញ នា​ពេល​នេះ នឹង​ជួយ​ពង្រឹង​កងការពារ ដើម្បី​ទប់ទល់​ពី​ការ​វ៉ៃ​លុក​ធ្ងន់ធ្ងរ​លើ​សរីរាង្គ​បុគ្គល និង​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ផង​ដែរ​។

រោគ​សញ្ញា​ខាងលើ​នេះ នឹង​ប្រហែលជា​អាច​បាត់​ទៅ​វិញ ក្នុង​រយ​:​ពេល​៦ ទៅ ១២​ខែ ឫ​អាច​ខ្លី​ជាង​នេះ ឬ​ក៏​អាច​កាន់តែ​ធ្ងន់ធ្ងរ ឬ​មិន​បាត់​ទៅ​វិញ អាស្រ័យ​លើ​ការ​បន្ត​ថែទាំ​សុខភាព​របស់​បុគ្គល​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ធ្វើ​លំ​ហាត់ប្រាណ ព្រមទាំង​ការ​ចេះ​បន្ធូរ​អារម្មណ៍ និង​បរិយាកាស​រស់នៅ​ជាដើម​ជា​ពិសេស​ចាំបាច់​ត្រូវ​ចៀសវាង​កុំ​បណ្តោយ​ខ្លួន​ឱ្យ​មានការ​ឆ្លង​កូ​វី​ដ​១៩​ឡើង​វិញ ដែល​វា​អាច​បន្ថែម​ភាព​ប៉ះពាល់​មិនល្អ​ដល់​សរីរាង្គ​ណាមួយ​របស់​បុគ្គល​ដូច​ជា​ប្រព័ន្ធ​សរសៃប្រសាទ បេះដូង ថ្លើម និង​តម្រងនោម​ជាដើម​។ អ្នក​វិទ្យាសាស្ត្រ ក៏​មិន​ទាន់​អាច​បញ្ជាក់​ឱ្យ​ដឹង​បាន​ផង​ដែរ​ថា តើ​ផល​ប៉ះពាល់​សំខាន់​ៗ​អ្វីខ្លះ​ទៀត​លើ​សរីរាង្គ​បុគ្គល ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​កម្រិត​ណា​នោះ និង​ក្នុង​រយៈពេល​យូរ​ប៉ុណ្ណា​នោះ​នៅឡើយ​ទេ ដែល​តម្រូវ​ឱ្យ​មានការ​សិក្សា ច្បាស់លាស់​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​៕

អត្ថបទ សោម ស្រី​ពេជ្រ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗនៅអាស៊ីនៅតែបន្តរក្សាការបូមឧស្ម័នក្នុងប្រទេសមីយ៉ាន់ម៉ា ទោះបីជា ប្រឈមទណ្ឌកម្មពី EU

ព័ត៌មាន
ការបន្តវត្តមានរបស់ក្រុមហ៊ុនថាមពលអាស៊ីក្នុងប្រទេសមីយ៉ាន់ម៉ាបាន និងកំពុងបង្កឲ្យមានក្តីបារម្ភថា ពួកគេអាចរងផលប៉ះពាល់ពីទណ្ឌកម្មថ្មីរបស់សហភាពអ…

វៀតណាមប្រមូលពន្ធពីក្រុមហ៊ុន Google, Facebook និង Microsoft បានជាង ២១៨ លានដុល្លារ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក ហូ ឌុចហ្វុក (Ho Duc Phoc) បានអះអាងថា រដ្ឋាភិបាលបានប្រមូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ