តាមការប៉ាន់ប្រមាណបង្ហាញថា ក្នុងចំណោមបំណុលគ្រួសារទាំងនោះ មានរហូតដល់ទៅជិត ១ពាន់ ៥០០ លានដុល្លារអាម៉េរិក ជាបំណុលចងការក្រៅផ្លូវការ ដែលមានការប្រាក់ខ្ពស់ប្រកបដោយហានិភ័យ។ ក្រុមអ្នកវិភាគលើកឡើងថា បន្ទាប់ពីសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំរាប់ទសវត្សរ៍មកនេះ សេដ្ឋកិច្ចថៃ នៅពេលនេះកំពុងដាំក្បាលចុះខ្លាំង ស្របពេលបំណុលគ្រួសារក៏ចេះតែកើនឡើងជាលំដាប់ផងដែរ។
ទន្ទឹមនេះ ប្រជាពលរដ្ឋថៃ មួយភាគធំជាប់ផុងក្នុងការងារមិនសូវប្រើជំនាញ ដែលមានប្រាក់ឈ្នួលទាប ហើយនោះក៏ដោយសារតែពួកគេរៀនសូត្របានទាប ខណៈដែលថ្លៃចំណាយជីវភាពចេះតែកើនឡើង ខណៈដែលសេដ្ឋកិច្ចនៃប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន កំពុងងើបឡើងវិញយ៉ាងរឹងមាំពីវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចរបស់ប្រទេសថៃ បែរជាធ្លាក់ចុះទៅវិញ។
យោងតាមក្រុមអ្នករៀបចំផែនការសេដ្ឋកិច្ចជាតិរបស់ប្រទេសថៃ សេដ្ឋកិច្ចរបស់ប្រទេសថៃ សម្រេចបានកំណើនត្រឹមតែ ១,៩%ប៉ុណ្ណោះកាលពីឆ្នាំមុន បើធៀបនឹងកំណើនក្នុងរង្វង់ ៥%ឬខ្ពស់ជាងនេះ នៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ដែលជាមិត្តក្នុងតំបន់អាស៊ាន ហើយសូម្បីតែប្រទេសជិតខាងម៉ាឡេស៊ី ក៏សម្រេចបានកំណើន ៣,៧%ផងដែរ។
ទោះបីជាវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃ ដែលគ្របដណ្ដប់រហូតដល់ទៅប្រមាណ ១ភាគ៥នៃសេដ្ឋកិច្ចរបស់ខ្លួនស្ទុះងើបឡើងវិញយ៉ាងណាក្ដី ក៏ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះមិនល្អប្រសើរប៉ុន្មានឡើយនៅក្នុងឆ្នាំ២០២៤ នេះ។ ធនាគារពិភពលោក (World Bank) កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ បានព្យាករថា សេដ្ឋកិច្ចថៃ នឹងសម្រេចបានកំណើនក្នុងរង្វង់២,៨%ក្នុងឆ្នាំនេះ។ ទន្ទឹមនេះប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចចន្លោះពី៤,៣%ទៅ៥,៨%ក្នុងឆ្នាំនេះ៕
ដោយ: តែម សុខុម