លោក ដានុចា ពេជ្រឆាយ៉ាណាន (Danucha Pichayanan) អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានអះអាងថា សេដ្ឋកិច្ចថៃ ត្រូវបានគេព្យាករថា នឹងកើនឡើងទាបបំផុត២,៣% និងខ្ពស់បំផុត៣,៣% នៅឆ្នាំ២០២៥ ដូច្នេះកំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំក្រោយ អាចមានត្រឹមរង្វង់២,៨ %ប៉ុណ្ណោះ។ កំណើនសេដ្ឋកិច្ចរបស់ថៃ នៅឆ្នាំក្រោយ ត្រូវបានរំពឹងជួយជំរុញដោយការកើនឡើងតម្រូវការប្រើប្រាស់ក្នុងស្រុក ការវិនិយោគរបស់រដ្ឋាភិបាល តម្រូវការឯកជនក្នុងស្រុកមានភាពរឹងមាំ ការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ និងការពង្រីកការនាំចេញប្រកបដោយនិរន្តរភាព។
បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ ការងារអាទិភាពលើការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗសម្រាប់ឆ្នាំក្រោយ រួមមាន ការជំរុញកំណើនក្នុងវិស័យនាំចេញ និងការដោះស្រាយរបាំងពាណិជ្ជកម្មដ៏មានសក្តានុពល ដែលបណ្តាលមកពីគោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិកថ្មី។
យ៉ាងណាមិញ លោក ដានុចា ជឿជាក់ថា ការវិនិយោគរបស់រដ្ឋាភិបាលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយផលប៉ះពាល់នៃរបាំងពាណិជ្ជកម្ម ដែលរំពឹងនឹងកើតមានឡើងនៅឆ្នាំក្រោយ។ ប៉ុន្តែវាទាមទារឱ្យរដ្ឋាភិបាលថៃ ត្រូវពន្លឿនការបញ្ចេញទុនវិនិយោគ និងបង្កើតផែនការវិនិយោគបន្ថែម ដើម្បីជំរុញវិស័យផលិតកម្ម ជាពិសេសវិស័យសំណង់ និងឧស្សាហកម្ម។
ដោយឡែក លោកស្រី ណាតាផន ទ្រីរ៉ាតាណាស៊ីរីគុល (Nattaporn Triratanasirikul) នាយករងគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ K-Research ថៃ បានអះអាងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃ នៅត្រីមាសទី៣ គឺខ្ពស់ជាងការព្យាកររបស់ស្ថាប័នមួយចំនួន ដោយសារការប្រើប្រាស់ក្នុងស្រុកមានភាពរឹងមាំ និងការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះបានព្យាករថា សេដ្ឋកិច្ចថៃ នឹងសម្រេចបានកំណើនក្រោម៣% នៅឆ្នាំក្រោយ ដោយសារគោលនយោបាយរបស់ប្រធានាធិបតីទើបជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ មិនបានផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ និងប្រទេសដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែអត្រាអតិផរណារបស់ថៃ នឹងស្ថិតក្នុងនិន្នាការវិជ្ជមាន៕
ដោយៈ សរ សុជាតិ