អ្នកជំនាញសេដ្ឋកិច្ចរបស់ថៃ ១រូប បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលថា បណ្តាញបោកប្រាស់តាមអនឡាញ ឬឧក្រិដ្ឋកម្មបច្ចេកវិទ្យាបានធ្វើឱ្យប្រទេសថៃ ខាតបង់ប្រាក់រហូតដល់១ទ្រីលានបាត ឬជិត៣១ពាន់លានដុល្លារក្នុង១ឆ្នាំ និងបានស្នើឱ្យរដ្ឋាភិបាលថៃ ប្រញាប់សម្អាត និងរៀបចំខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលអាជីវកម្មស្អាតស្អំរបស់ពិភពលោកឡើងវិញ។
លោកបណ្ឌិត អាត ភីសានវ៉ានិច (Aat Pisanwanich) អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ាន បានលើកឡើងថា តាមការសិក្សារបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ថៃ មានទំនាក់ទំនងយ៉ាងសំខាន់ចំពោះប្រតិបត្តិការបោកប្រាស់ដែលភ្ជាប់ជាមួយកាស៊ីណូ និងក្រុមក្លែងបន្លំ ដែលកំពុងតែធ្វើឱ្យថៃ ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រផេះនៅលើពិភពលោក។ លោកបានអះអាងថា យ៉ាងហោចណាស់មានទឹកប្រាក់រហូតដល់ជិត៣១ពាន់លានដុល្លារក្នុង១ឆ្នាំ ឬស្មើនឹង១០%នៃ GDP របស់ថៃ ជាប្រាក់ដែលមិនបង្កើតតម្លៃសេដ្ឋកិច្ចនោះទេ តែវាលុយដែលអូសទម្លាក់សក្តានុពលកំណើនសេដ្ឋកិច្ចថៃ ឲ្យធ្លាក់ចុះទៅវិញ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា ប្រតិបត្តិករនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញនេះ កំពុងបំផ្លាញទំនុកចិត្តអន្តរជាតិ មកលើប្រព័ន្ធសេដ្ឋកិច្ចរបស់ថៃ និងបង្កឱ្យមានការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុដ៏តឹងរ៉ឹងពីដៃគូពាណិជ្ជកម្មនានា ដូចជាសិង្ហបុរីជាដើម។ ហើយប្រសិនបើមិនបានត្រួតពិនិត្យច្បាស់លាស់ទេនោះ បណ្តាញទាំងនេះនឹងប៉ះពាល់ដល់មុខមាត់របស់ប្រទេសថៃ និងរារាំងការវិនិយោគបរទេសរយៈពេលវែង។
តែយ៉ាងណាលោកយល់ថា បញ្ហានេះ ថៃ មិនអាចដោះស្រាយតែម្នាក់ឯងបាននោះទេ ពោលគឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ ជាពិសេសប្រទេសមហាអំណាចដូចជាសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ដែលមានសមត្ថភាពរឹបអូសទ្រព្យសម្បត្តិឧក្រិដ្ឋជន។ សម្រាប់អ្នកជំនាញរូបនេះ ប្រទេសថៃ ត្រូវតែចាប់យកឱកាសនេះ ដើម្បីផ្តាច់ខ្លួនចេញពីក្រុមបោកប្រាស់ និងបញ្ជាក់ឱ្យច្បាស់ដល់សហគមន៍ពិភពលោកថា ប្រទេសថៃពិតជាស្អាតស្អំ។
ដើម្បីប្រែក្លាយប្រទេសកុំឱ្យធ្លាក់ទៅក្នុងយន្តការ និងសកម្មភាពសេដ្ឋកិច្ចប្រផេះ អ្នកជំនាញរូបនេះ ជំរុញឱ្យរដ្ឋាភិបាលថៃ ត្រូវតែប្រែក្លាយប្រទេសថៃ ទៅជាមមណ្ឌលសកលសម្រាប់អាជីវកម្មប្រកបដោយតម្លាភាព និងសីលធម៌ ដែលជាមជ្ឈមណ្ឌលអាជីវកម្មស្អាតរបស់ពិភពលោក។ លោកបានព្រមានថា ប្រសិនបើថៃ អនុញ្ញាតឱ្យបញ្ហានេះបន្តដោយគ្មានសកម្មភាពរឹងមាំ នោះមុខមាត់របស់ប្រទេសថៃនឹងកាន់តែយ៉ាប់យ៉ឺន ហើយភាពជឿជាក់របស់ថៃនឹងរងទុក្ខ បើធៀបជាមួយនឹងប្រទេសអាស៊ានដទៃទៀត ដែលមិនមានបញ្ហាបែបនេះ។ នេះជាហេតុផលមួយដែលការវិនិយោគបរទេសនៅក្នុងប្រទេសថៃ បានធ្លាក់ចុះយ៉ាងខ្លាំង៕
ដោយៈ សរ សុជាតិ