លោក ផាយ៉ុង ស្រ៊ីវ៉ានិច ( Payong Srivanich) ប្រធានសមាគមធនាគារថៃបាននិយាយបន្ទាប់ពីកិច្ចប្រជុំ បានលើកឡើងថា សេដ្ឋកិច្ចថៃកំពុងស្ទុះងើបឡើងវិញបន្តិចម្តងៗពីវិបត្តិនៃជំងឺរាតត្បាត ប៉ុន្តែកូនបំណុលដែលងាយរងគ្រោះមួយចំនួន នៅតែត្រូវការវិធានការបន្ធូរបន្ថយបំណុលពីស្ថាប័នហិរញ្ញវត្ថុ ជាពិសេស គឺកសិករ ពាណិជ្ជករ និង អ្នកដែលនៅក្នុងវិស័យសេដ្ឋកិច្ចខា្នតតូច និងមធ្យម ។
លោក ស្រ៊ីវ៉ានិច បន្ថែមថា ប្រសិនបើការព្យួរបំណុលផ្តោតលើគោលដៅដែលចំបញ្ហា ជាជាងគ្រាន់តែនិយាយអំពីគោលនយោបាយ នោះវានឹងអាចក្លាយជាវិធានការសមស្របសម្រាប់ជួយអ្នកដែលកំពុងតែងាយរងគ្រោះ ។
មកដល់ពេលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ច ឧស្សាហកម្ម និង ធនាគារ បានកំពុងតែដាក់ស្នើរាជរដ្ឋាភិបាលថ្មី ផ្តល់អាទិភាពលើបញ្ហានេះជួយដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកដែលជាប់ជំពាក់បំណុលគ្រួសារ។
ប្រធានសមាគមធនាគារថៃរូបនេះ បាននិយាយថា ធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ នៅថៃ គួរតែសហការគ្នា ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ ដែលកំពុងកើនឡើង ។
លោកបានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធគួរតែយកចិត្តទុកដាក់លើផ្នែកងាយរងគ្រោះ ដែលគ្របដណ្តប់លើអ្នកចំណូលទាប កសិករ និងម្ចាស់សហគ្រាសធុនតូច និងមធ្យម។
នៅពេលនេះធនាគារថៃបានដំឡើងអត្រាការប្រាក់លើប្រាក់កម្ចីមកដល់ ២,២៥% ហើយ បន្ទាប់ពីការដំឡើងអត្រាការប្រាក់ចុងក្រោយដោយធនាគារកណ្តាលកាលពីខែមុន។
លោក ផាយ៉ុង ស្រ៊ីវ៉ានិច បានគូសបញ្ជាក់ថា ការពង្រីកសក្តានុពលសេដ្ឋកិច្ច គឺជាកត្តាសំខាន់ដើម្បីពង្រឹងសមត្ថភាពទូទាត់សងបំណុលរបស់អ្នកខ្ចី នៅពេលប្រាក់ចំណូលទាំងផ្នែកអាជីវកម្ម និងគ្រួសារមានភាពប្រសើរឡើង។
នៅពេលនេះគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ច ឧស្សាហកម្ម និង ធនាគារ បានកំពុងរង់ចាំរដ្ឋាភិបាលប្រកាសគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន ដែលគ្រោងធ្វើនៅថ្ងៃទី ១១ ខែកញ្ញាខាងមុខ មុនពេលគណៈកម្មាធិការនេះព្យាករទស្សនវិស័យសេដ្ឋកិច្ចថៃជាថ្មី។
គណកម្មាធិការនេះក៏បានស្នើឱ្យរដ្ឋាភិបាលគួរតែផ្តល់អាទិភាពដល់ការកាត់បន្ថយថ្លៃដើមនៃការរស់នៅ ជាពិសេសថ្លៃដឹកជញ្ជូន និងថាមពល តាមរយៈការឧបត្ថម្ភធន។
គណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសេដ្ឋកិច្ច ឧស្សាហកម្មនិងធនាគារបាននិយាយថា រដ្ឋា ភិបាលក៏គួរតែពិចារណាវិធានការជំរុញសេដ្ឋកិច្ចសម្រាប់វិស័យទេសចរណ៍ និងការនាំចេញផងដែរ។