កងទ័ពជើងទឹកថៃ បានព្យាយាមឱ្យសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយចៀសវាងការពិពណ៌នាអំពីវិធានការនៅឈូងសមុទ្រថៃថា ជាការបិទផ្លូវ ព្រោះការប្រើភាសាបែបនេះបានបង្កប់ន័យពីជំហរសង្គ្រាមទ្រង់ទ្រាយធំ និងមានហានិភ័យក្នុងការទាញប្រទេសទី៣ ឱ្យចូលទៅក្នុងជម្លោះ ដែលកំពុងកើតឡើងរវាងប្រទេសថៃ និងកម្ពុជា។ លោក ណារ៉ា ឃុនថូថុម (Capt Nara Khunthothom) អ្នកនាំពាក្យរងកងទ័ពជើងទឹកថៃ បានបញ្ជាក់នៅថ្ងៃទី១៥ ខែធ្នូ ថា ការចាត់វិធានការនៅឈូងសមុទ្រថៃ គ្រាន់តែដើម្បីជូនដំណឹងអំពីតំបន់ ដែលមានហានិភ័យខ្ពស់ដោយសារការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងកម្ពុជា អាចបង្កគ្រោះថ្នាក់ដល់នាវាថៃ ដែលចូលទៅក្នុងតំបន់នោះតែប៉ុណ្ណោះ។
អ្នកនាំពាក្យរងរូបនេះបានព្យាយាមបកស្រាយថា ការជូនដំណឹងអំពីតំបន់ដែលមានហានិភ័យខ្ពស់ គឺខុសពីការបិទឈូងសមុទ្រទាំងស្រុង ហើយការបិទឈូងសមុទ្រទាំងស្រុងអាចធ្វើទៅបានលុះត្រាមានសង្គ្រាមធំ។ បើតាមការអះអាងរបស់អ្នកនាំពាក្យរងរូបនេះ ការដាក់វិធានការរបស់ថៃ គឺដើម្បីហាមឃាត់តែនាវាណា ដែលមានទង់ជាតិថៃ តែប៉ុណ្ណោះ ហើយសកម្មភាពនេះ មិនបានបង្កផលប៉ះពាល់ដល់ប្រទេសទី៣នោះដែរ។
ឆ្លើយតបនឹងសំណួរដែលថា តើអាជ្ញាធរថៃនឹងដោះស្រាយកប៉ាល់បរទេសដែលដឹកប្រេងឥន្ធនៈ ឬទំនិញយុទ្ធសាស្ត្រយ៉ាងដូចម្តេចនោះ? លោក ណារ៉ា បានបញ្ជាក់ជាថ្មីថា ប្រទេសថៃ មិនអាចចាត់វិធានការណា ដែលប៉ះពាល់ដល់ប្រទេសទី៣ បានឡើយ ព្រោះបើធ្វើដូច្នេះវាអាចពង្រីកជម្លោះកាន់តែធំ។
ចំណែកអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ លោក រិតឆា ស៊ុកស៊ូវ៉ាណុន (Ritcha Suksuwanont) បាននិយាយថា អាជ្ញាធរថៃ ទទួលបានព័ត៌មានថា ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ទំនិញយុទ្ធសាស្ត្រកំពុងត្រូវបាននាំចូលទៅក្នុងប្រទេសកម្ពុជា ដែលជំរុញឱ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹង ដូច្នេះហើយការចាត់វិធានការទាំងនេះ គឺជារឿងចាំបាច់៕
ដោយ៖ សុខ មង្គល