នយោបាយថៃ

តើយោធារបស់ថៃ កំពុងប្រុងជើងការ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ឬយ៉ាងណា?


យោធាថៃ នៅពេលនេះកំពុងមានប្រជាប្រិយភាព និងឥទ្ធិពលកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេស បន្ទាប់ពីបានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ដែនអធិបតេយ្យភាពរបស់កម្ពុជា បំពានច្បាប់អន្តរជាតិ។ ប្រជាប្រិយភាពយោធាកើនឡើង នៅចំពេលអំណាចរាជរដ្ឋាភិបាល ធ្លាក់ចុះ កំពុងធ្វើឱ្យផ្ទុះការព្រួយបារម្ភផ្ទៃក្នុងកាន់តែខ្លាំងឡើងថា យោធាថៃ កំពុងប្រុងជើងការដើម្បីធ្វើរដ្ឋប្រហារជាថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនសរុបប្រមាណ ៧០ លាននាក់ និងមានប្រវត្តិជោកជាំនៃការរដ្ឋប្រហារមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអាល្លឺម៉ង់ DW កាលពីថ្ងៃពុធ ទី១៣ ខែសីហា។
នយោបាយថៃ
ដោយ

ពេលនេះប្រភពចេញពីផ្ទៃក្នុងប្រទេសថៃ កំពុងមានការព្រួយបារម្ភថា យោធាថៃ អាចនឹងប្រុងជើងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីល ខណៈដែលយោធាថៃ កំពុងមានប្រជាប្រិយភាព និងឥទ្ធិពលកាន់តែខ្លាំងនៅមួយរយៈចុងក្រោយនេះ ជាពិសេសបន្ទាប់ពីឈ្លានពានកម្ពុជា។

យោងតាមប្រភពពី DW ដែលបានចុះផ្សាយកាលពីថ្ងៃពុធ ទី១៣ ខែសីហា ឱ្យដឹងថា ប្រទេសថៃ ធ្លាប់កើតមានរដ្ឋប្រហារចំនួន ១២ លើករួចមកហើយ បើគិចាប់ពីឆ្នាំ១៩៣១ មក ហើយ ទោះបីជារដ្ឋាភិបាលស៊ីវិលបានវិលត្រលប់ចូលកាន់អំណាចវិញបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៣ យ៉ាងណាក្ដី ក៏កងទ័ពថៃ នៅតែមានឥទ្ធិពលខ្លាំង ដែលសូម្បីរដ្ឋាភិបាលស៊ីវិលរបស់ថៃក៏ញញើតដែរ។ ជាក់ស្ដែង ការឈ្លានពានមកលើកម្ពុជា នៅមួយរយៈចុងក្រោយនេះបានធ្វើឱ្យយោធាថៃ កាន់តែឡើងចាងអាចធ្វើអ្វីតាមទំនើងចិត្តដែលភាគច្រើនគ្មានការគ្រប់គ្រង ឬ ពិនិត្យពិច័យពីរដ្ឋាភិបាលស៊ីវិលឡើយ។

ជាការពិតណាស់ នៅមួយរយៈចុងក្រោយនេះ ការជឿទុកចិត្តរបស់សាធារណជនថៃ លើយោធារបស់ខ្លួនកំពុងកើនឡើង ដោយការស្ទង់មតិបង្ហាញថា ពលរដ្ឋថៃមានទំនុកចិត្តលើកងទ័ពច្រើនជាងមេដឹកនាំស៊ីវិល។

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានព្យាយាមបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន តាមរយៈការទូរស័ព្ទមកសម្ដេចតេជោ ប៉ុន្តែសារសំឡេងសន្ទនានោះ ត្រូវបានបែកធ្លាយដែលធ្វើឱ្យលោកស្រីបាត់បង់ការជឿទុកចិត្តពីប្រជាជន និងអ្នកនយោបាយថៃ។ មិនយូរប៉ុន្មានលោកស្រីក៏ត្រូវបានព្យូរតំណែង ហើយគណបក្សភឿថៃ របស់លោកស្រីពេលនេះក៏កំពុងរងសម្ពាធកាន់តែខ្លាំងដែរ ដោយអ្នកខ្លះចោទប្រកាន់ថា គណបក្សនេះមានទំហរទន់ជ្រាយពេក ហើយថែមទាំងគ្មានស្មារតីជាតិនិយមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បក្សសម្ព័ន្ធនៅក្នុងជួររដ្ឋាភិបាលចម្រុះ ក៏បានបែកខ្ញែកកាន់តែខ្លាំងដែរ។

ទន្ទឹមនឹងនេះ តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាលស៊ីវិលពេលនេះត្រូវបានកាន់កាប់ដោយក្រុមឧត្តមសេនីយ៍ ហើយរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចក៏រងការរង្គោះរង្គើ។ ក្រុមអ្នកវិភាគព្រមានថា តុលាការធម្មនុញ្ញថៃ អាចនឹងសម្រេចហាមឃាត់លោកស្រី ផែថងថាន មិនឱ្យធ្វើនយោបាយនៅដើមខែកញ្ញា ដ៏ខ្លីខាងមុខ ខណៈដែលឪពុករបស់លោកស្រី គឺលោក ថាក់ស៊ីន ប្រឈមនឹងការជាប់ពន្ធធនាគារពីបទបរិហារកេរ្តិ៍ព្រះរាជវង្សដែលធ្វើឱ្យយោធាថៃ កាន់តែឡើងចាង។

ខណៈដែលរដ្ឋប្រហារជាថ្មីមិនទាន់កើតឡើងនៅឡើយ ក្រុមអ្នកជំនាញនិយាយថា វាជាហានិភ័យដែលកំពុងកើនឡើង នៅពេលដែលយោធាមានឥទ្ធិពលកាន់តែខ្លាំង ខណៈដែលរដ្ឋាភិបាលចុះខ្សោយ ហើយស្ថានភាពតានតឹងរបស់ប្រទេសជាតិនៅតែបន្ត។

លោក គេន លូហាទេពផានុត (Ken Lohatepanont) បេក្ខភាពបណ្ឌិត នៃសាកលវិទ្យាល័យ Michigan បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន DW ថា គណបក្សភឿថៃ របស់គ្រួសារត្រកូល ថាក់ស៊ីន មិនបានត្រៀមខ្លួន ដើម្បីការរបោះឆ្នោតជាថ្មីនោះទេ។ បន្ថែមពីនេះ ការបន្ដកាន់អំណាចរបស់ពួកគេ ក៏កាន់តែលំបាកដែរ លុះត្រាតែពួកគេត្រូវសម្រុះសម្រួលជាមួយនឹងសម្ព័ន្ធមិត្តក្រុមអភិរក្សនៅក្នុងជួររដ្ឋាភិបាលចម្រុះបន្ថែមទៀត។ ស្ថិតក្នុងស្ថានភាពវិបត្តិនេះ លោក លូហាទេពផានុត យល់ថា វានឹងអាចនឹងបើកផ្លូវសម្រាប់អតីតមេដឹកនាំរដ្ឋប្រហារលោក ប្រាយុទ្ធ ចាន់អូចារ ឱ្យត្រឡប់មកដល់ដឹកនាំរដ្ឋាភិបាលវិញ។ គណបក្ស United Thai Nation របស់លោក Prayut បច្ចុប្បន្នរក្សាសម្ព័ន្ធភាពនៅដដែល ហើយការត្រលប់មកវិញរបស់លោកប្រាយុទ្ធ អាចជាអ្វីដែល គណបក្សភឿថៃយល់ព្រមធ្វើតាម ដើម្បីជៀសវាងការបោះឆ្នោតដែលទំនងជាចាញ់។

ទោះយ៉ាងណា អ្នកវិភាគខ្លះទៀត លើកឡើងថា ទោះបីជាការធ្វើរដ្ឋប្រហារជាថ្មី ទំនងជាពិបាកនឹងកើតមាននៅពេលនេះក្ដី ប៉ុន្ដែ វាក៏នៅតែមានលទ្ធភាពអាចកើតឡើងដែរ ពិសេសនៅពេលដែល ឥទ្ធិពលយោធាកំពុងកើនឡើងដោយសារជម្លោះព្រំដែន ដែលកំពុងបន្ត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមអ្នកវិភាគនយោបាយថៃថា បក្សភឿថៃ នឹងទាញលោកស្រី ផែថងថាន ឱ្យចុះចេញពីតំណែង នៅមុនការសម្រេចរបស់តុលាការធម្មនុញ្ញ

ក្រុមអ្នកវិភាគនយោបាយថៃ បានប្រមើលទុកថា បក្សភឿថៃ នឹងទាញដៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ  ឱ្យចុះចេញពីតំណែងនាយករដ្ឋមន្ត្រី នៅមុនការសម្រេចរបស់…

ម៉ាកយីហោរបស់អាម៉េរិក ដែលរងការធ្វើពហិការនៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កំពុងខំប្រឹងប្រជែងគ្នាដើម្បីទទួលបានអតិថិជនឡើងវិញ

ប្រតិបត្តិករម៉ាកយីហោហាងអាហាររហ័សទាន់ចិត្ត (Fast Food) របស់អាម៉េរិក ដែលរកស៊ីនៅប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ដែលបានរងគ្រោះ ដោយការធ្វើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ