លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានចាត់ទុកការប្រកាសសង្រ្គាមដោយឯកតោភាគីរបស់យោធាថៃ ក្នុងចេតនាឈ្លានពានដែនអធិបតេយ្យភាព និងរំលោភបំពានលើជនស៊ីវិលស្លូតត្រង់របស់កម្ពុជា យ៉ាងសាហាវព្រៃផ្សៃនាពេលនេះ គឺជាឧក្រិដ្ឋកម្មសង្រ្គាមមួយ ដែលកម្ពុជា ចាំបាច់ត្រូវកសាងសំណុំរឿងប្ដឹងប្រទេសថៃ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងតុលាការអន្តរជាតិនានា ដើម្បីថ្កោលទោស និងដាក់សម្ពាធឱ្យបានធ្ងន់ធ្ងរចំពោះប្រទេសថៃ ដែលបង្កបទឧក្រិដ្ឋសង្រ្គាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ស្របពេលកងកម្លាំង និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា មួយចំនួន កំពុងប្រឈមមុខនឹងការវាយប្រហារពីយោធាថៃ អ្នកជំនាញរូបនេះ ស្នើឱ្យពលរដ្ឋកម្ពុជា ត្រូវរួបរួមសាមគ្គីគ្នា និងរក្សាការសម្ងាត់នូវទីតាំងកងទ័ព និងលេណដ្ឋាន និងបញ្ឈប់ការផ្សព្វផ្សាយនូវខ្លឹមសារ ឬរូបភាពណាមួយដែលបំបាក់ទឹកចិត្តកងទ័ពកម្ពុជា។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា កម្ពុជា គួររៀបចំឯកសារប្ដឹងប្រទេសថៃ ទៅតុលាការអន្តរជាតិនានា ជុំវិញការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃមកលើកងកម្លាំង និងជនស៊ីវិលរបស់កម្ពុជា ព្រោះបើកម្ពុជា មិនប្តឹងទេ គ្មានតុលាការណាអាចមកដាក់ទោសប្រទេសថៃ បានឡើយ។ សម្រាប់អ្នកជំនាញរូបនេះ វាល្មមដល់ពេលហើយ ដែលប្រជាជនកម្ពុជា ត្រូវរួបរួមគ្នាទប់ទល់នឹងការឈ្លានពានរបស់ថៃ ខណៈពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រទសត្រូវចូលរួមតវ៉ាជាសកលដើម្បីឱ្យប្រទេសនានាលើពិភពលោកបានមើលឃើញនូវទង្វើដ៏គឃ្លើនរបស់យោធាថៃ បំពានមកលើកម្ពុជា ម្តងហើយម្តងទៀត។
គួរជម្រាបថា ក្រោយយោធាថៃ បើកការបាញ់ប្រហារសាជាថ្មីមកលើដែនអធិបតេយ្យភាពកម្ពុជា នៅប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា យោធាថៃ ហាក់បានយកជនស៊ីវិលកម្ពុជា ជាមុខសញ្ញានៃការបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃ។ បើតាមការបញ្ជាក់របស់លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបើកការបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោលស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕