សារព័ត៌មាន ឌិ ណេស្សិន បានដកស្រង់របាយការណ៍ពីក្រសួងការងារថៃ យកមករាយការណ៍ថា ពលករថៃដែលបានទៅធ្វើការនៅក្រៅប្រទេស សរុបចំនួនជាង ១១ ម៉ឺន ៣ ពាន់នាក់ បានផ្ញើប្រាក់ឈ្នួលមកក្នុងប្រទេស សរុបរហូតដល់ទៅជិត ៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល២ឆ្នាំ។ ពួកគេកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ និងម៉ាឡេស៊ី ជាដើម។
ដោយឡែករឿងដែលអាក្រក់វិញ មជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ផ្លូវគោកថៃបានប្រកាសកាលពីថ្ងៃចន្ទថា ថ្ងៃទី ៦ នៅក្នុងចំណោមថ្ងៃដែលគ្រោះថ្នាក់បំផុតទាំង៧ នៃកម្មវិធីសង្រ្កាន្ត គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងដល់ជាង ២ ពាន់ករណី និងចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៣៦ នាក់។
លោក ឈុតធីណារិន គើតសុំ អគ្គលេខាធិការអចិន្រ្តៃយ៍រងនៃក្រសួងមហាផ្ទៃថៃ បានអះអាងថា នៅថ្ងៃអាទិត្យតែមួយ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៦៣ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣៦នាក់ និងរបួស ២៦៨នាក់។ មូលហេតុធំបំផុតនៃគ្រោះថ្នាក់កាលពីថ្ងៃអាទិត្យ គឺល្មើសល្បឿនកំណត់ ចំនូនជាង ៣៩% បន្ទាប់មកគឺស្រវឹងស្រា ចំនួនជិត ២៤% ហើយគ្រោះថ្នាក់ភាគច្រើនទាក់ទងនឹងម៉ូតូ ពោលគឺមានដល់ទៅជាតិ ៧៨% ។
ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ ក៏ត្រូវបានគេរាយការណ៍ថា មានការកើនឡើងផងដែរ។ អគ្គនាយកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានព្រមានថា អ្នកដែលវិលត្រឡប់ពីកម្មវិធីសង្ក្រាន្ត គួរតាមដានខ្លួនឯងយ៉ាងហោចណាស់ ៧ ថ្ងៃ មុនពេលវិលប្រឡប់មករកទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សចាស់ និងជនងាយរងគ្រោះ ដោយសារមានការបារម្ភអំពីការរីករាលដាលនៃមេរោគ។ តួលេខបង្ហាញថា អត្រាឆ្លងមេរោគកូវីដ ១៩ បានកើនឡើង ២៥០% តាំងពីដើមសប្តាហ៍មុន ដល់ថ្ងៃទី ១៥ ខែមេសា។
លោក ថារ៉េត គ្រុឌណៃរ៉ាវីវង្ស អគ្គនាយកនៃអគ្គនាយកដ្ឋាននេះបាននិយាយថា អ្នកជំងឺចំនួន ៤៣៥ នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺកូវីដ ១៩ ចន្លោះថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែមេសា ពោលគឺប្រមាណជា ៦២ ករណីក្នុងមួយថ្ងៃ។ ក្នុងចំណោមនោះ អ្នកចេញរោគសញ្ញារលាកសួតមានចំនួន ៣០ ករណី ហើយមានអ្នកជំងឺ ១៩ នាក់ ត្រូវដាក់ម៉ាស៊ីនជំនួយដង្ហើម៕