អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលបានវិនិយោគលើការដាំដុះ និងនាំចេញដូងប្រេងដ៏ធំជាងគេមួយនៅកម្ពុជា បានចាត់ទុកការហាមឃាត់ការនាំចេញប្រេងដូងរបស់ថៃ អាចជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការជំរុញការនាំចេញ ជាពិសេសជំរុញឱ្យតម្លៃដូងប្រេងលើទីផ្សារមានការកើនឡើងមួយកម្រិតទៀត។ មហាសេដ្ឋីកសិកម្មរូបនេះជឿជាក់ថា តាមរយៈការបិទការនាំចេញរបស់ថៃ វានឹងជួយជំរុញឱ្យតម្រូវការដូងប្រេងនៅលើទីផ្សារអន្តរជាតិ មានការកើនឡើងខ្ពស់ជាងមុន ដ្បិតថៃ ជាប្រទេសផលិតដូងប្រេងដ៏ធំមួយនៅលើពិភពលោក។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានវាយតម្លៃថា ការហាមឃាត់មិនឱ្យមានការនាំចេញប្រេងដូងទៅក្រៅប្រទេសពីសំណាក់ក្រសួងពាណិជ្ជកម្មថៃនេះ អាចដើម្បីការពារផលប្រយោជន៍នៃការប្រើប្រាស់ប្រេងឆាក្នុងស្រុករបស់ថៃ។ ពាក់ព័ន្ធស្ថានភាពទីផ្សារនាំចេញ និងតម្លៃដូងប្រេងនៅកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានអ្នកជំនួញជើងចាស់រូបនេះអះអាងថា ហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ខណៈទិន្នផលនៅឆ្នាំនេះវិញ ក៏មិនមានការប្រែប្រួលនោះដែរ ដោយជាមធ្យមក្នុង១ហិកតាទទួលបានដូងប្រេងប្រមាណ១៨តោន។
គួរជម្រាបថា ការនាំចេញដូងប្រេងទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅក្នុងឆ្នាំ២០២៣ កន្លងទៅ សម្រេចបានជាង៦ម៉ឺនតោន មានការកើនឡើងប្រមាណ៥ពាន់តោន បើធៀបនឹងឆ្នាំ២០២២ ហើយបើគិតជាប្រាក់មានទំហំ៥០លានដុល្លារអាម៉េរិក។ ឥណ្ឌា គឺជាទីផ្សារនាំចូលដូងប្រេងធំជាងគេរបស់ក្រុមហ៊ុនេះ៕