ម្នាក់២៨០ដុល្លានាយករដ្ឋមន្ត្រីថៃនឹងផ្តល់ប្រាក់ឲ្យពលរដ្ឋរ

នាយករដ្ឋមន្ត្រីថៃនឹងផ្តល់ប្រាក់ឲ្យពលរដ្ឋម្នាក់២៨០ដុល្លារ ដើម្បីជំរុញដំណើរការសេដ្ឋកិច្ច


នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេដ្ឋា ថាវីស៊ីន បានដាក់ចេញនូវគោលនយោបាយរបស់ រដ្ឋាភិបាលនៅថ្ងៃទី១១ កញ្ញា ដោយបានសន្យាថា នឹងចែកប្រាក់ចំនួន២៨០ដុល្លារតាមប្រព័ន្ធអេបឌីជីថល់ដល់ពលរដ្ឋថៃមួយចំនួន ដើម្បីចាប់ផ្ដើមជំរុញសេដ្ឋកិច្ចថៃឱ្យមានសម្ទុះឡើងវិញ ខណៈដែលថៃគ្រោងនឹងផ្អាកការបង់បំណុលរបស់កសិករខ្នាតតូចនិងសហគ្រាសខ្នាតតូច និងមធ្យមផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័តមានអន្តរជាតិមួយចំនួន។
នាយករដ្ឋមន្ត្រីថៃនឹងផ្តល់ប្រាក់ឲ្យពលរដ្ឋម្នាក់២៨០ដុល្លារ
ដោយ

ដើម្បីបំពេញតាមការសន្យាក្នុងពេលឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃកាលពីមុនពេលបោះឆ្នោតនៅខែឧសភា នោះ រដ្ឋាភិបាលរបស់លោក សេដ្ឋា បានប្រកាសពីក្របខណ្ឌគោលនយោបាយរួមសំខាន់ៗមួយចំនួន ដោយក្នុងនោះលោកបានសន្យាផ្ដល់ប្រាក់ចំនួន១ម៉ឺនបាតប្រហែល២៨០ដុល្លារតាមប្រព័ន្ធឌីជីថលដល់ពលរដ្ឋថៃ ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ដើម្បីជំរុញការប្រើប្រាស់ នៅចំពេលមានការចំណាយខ្ពស់ក្នុងការទ្រទ្រង់ជីវិត។

លោក សេដ្ឋា បាននិយាយថា គោលនយោបាយនេះនឹងត្រួសត្រាយមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឌីជីថលសម្រាប់ប្រទេសជាតិ រៀបចំប្រទេសឱ្យឈានចូលយុគសម័យសេដ្ឋកិច្ចថ្មី បង្ហាញឱកាសថ្មីៗដល់សាធារណជនទូទៅ បើកច្រកផ្លូវសម្រាប់អាជីវកម្មទៅកាន់ប្រភពថវិកាថ្មី និងលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពចំពោះយន្តការទូទាត់នៃប្រព័ន្ធសេដ្ឋកិច្ច និងរដ្ឋាភិបាល។

ការចែកចាយថវិកានៅត្រឹមខែកុម្ភៈនេះ នឹងត្រួតពិនិត្យដោយនាយករដ្ឋមន្ត្រីថ្មីដែលជាអតីតអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងកាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងពេលដំណាលគ្នានេះផងដែរ។ សុន្ទរកថារបស់លោក សេដ្ឋា មិនបានរាប់បញ្ចូលការសន្យាក្នុងពេលបោះឆ្នោតផ្សេងទៀតដូចជាប្រាក់ឈ្នួលអប្បបរមា៦០០បាត និងកំណើនសេដ្ឋកិច្ច៥%នៅត្រឹមឆ្នាំ២០២៧នោះទេ។

ទន្ទឹមនេះដែរ ក្រសួងហិរញ្ញវត្ថុថៃគ្រោងនឹងដាក់ចេញនូវវិធានការសង្គ្រោះមួយចំនួនដោយផ្អាកការទូទាត់បំណុលរយៈពេល៣ឆ្នាំសម្រាប់ប្រជាកសិករខ្នាតតូច និងសហគ្រាសធុនតូច និងមធ្យម (SMEs) សម្រាប់ទំហំកម្ចីមិនលើសពី១លានបាតប្រហែលជិត៣ម៉ឺនដុល្លារ។

ប្រភពពីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា កសិករខ្នាតតូច និងសហគ្រាសធុនតូច និងមធ្យមមានប្រហែល៩០%នៃកូនបំណុលទាំងអស់នៅក្នុងប្រភេទកម្ចីបែបនេះដែលជំពាក់ស្ថាប័នហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ។

ប្រភពដដែលបានបន្តទៀតថា ក្រសួងហិរញ្ញវត្ថុនឹងស្នើគម្រោងនេះទៅរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក សេដ្ឋា ថាវីស៊ីន ដើម្បីពិចារណា និងលើកឡើងពីគម្រោងនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ កញ្ញា ដើម្បីអនុម័ត។ វិធានការជួយសង្គ្រោះនេះរួមមានការព្យួរទាំងប្រាក់ដើម និងការប្រាក់ផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


វៀតណាម និងអាមេរិក ពង្រីកទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស្មើចិន រុស្ស៊ី ឥណ្ឌា និង កូរ៉េខាងត្បូង

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយនឹង វៀតណាមដល់កម្រិតស្មើចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង នៅក្នុង…

ម្រេចកំពតរំពឹងនាំចេញបានជាង១០០តោននៅឆ្នាំនេះ ខណៈនៅ៨ខែនាំចេញបាន៦២តោន

បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងមានការធ្លាក់ចុះ បញ្ហាអតិផរណានៅតែបន្តកើនឡើង ប៉ុន្តែប្រធានសមាគមម្រេចកំពតបានអះអាងថា ការនាំចេញម្រេច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ