ការវិនិយោគផ្នែកឧស្សាហកម្ម

កំពង់ស្ពឺនៅតែខ្វះកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម ប៉ុន្តែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់


ខេត្តកំពង់ស្ពឺ នៅតែមានការទាក់ទាញខ្លាំងសម្រាប់ការវិនិយោគផ្នែកឧស្សាហកម្ម ដែលធ្វើឲ្យខេត្តជាប់តំបន់ប៉ូលសេដ្ឋកិច្ចមួយនេះ ទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ បើទោះជាកន្លងមក ខេត្តកំពង់ស្ពឺជួបប្រឈមនឹងបញ្ហាខ្វះកម្លាំងពលកម្មក្នុងវិស័យនេះក៏ដោយ។ តើរដ្ឋបាលខេត្តកំពង់ស្ពឺ មានដំណោះស្រាយបែបណាចំពោះបញ្ហាកង្វះកម្លាំងពលកម្ម? តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យខេត្តកំពង់ស្ពឺ អាចបន្តទាក់ទាញគម្រោងវិនិយោគជាបន្តបន្ទាប់?
ការវិនិយោគផ្នែកឧស្សាហកម្ម
ដោយ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ នៅតែមានតម្រូវការខ្ពស់លើកម្លាំងពលកម្ម ទាំងក្នុងវិស័យឧស្សាហកម្មកាត់ដេរ វិស័យសំណង់ និងសេវាកម្មនានា។ អភិបាលខេត្តរូបនេះកត់សម្គាល់ឃើញថា នៅឆ្នាំ២០២៣ ខេត្តកំពង់ស្ពឺ ហាក់ទទួលបានឱកាសច្រើនក្នុងការទាក់ទាញគម្រោងវិនិយោគលើវិស័យជាច្រើន ពិសេសវិស័យឧស្សាហកម្មកាត់ដេរតែម្ដង ដែលធ្វើឲ្យកំពង់ស្ពឺស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដែលមានការវិនិយោគច្រើនជាងគេ បន្ទាប់ពីរាជធានីភ្នំពេញ។

សម្រាប់ថ្នាក់ដឹកនាំរូបនេះ កត្តាដែលធ្វើឲ្យអ្នកវិនិយោគភាគច្រើនសម្លឹងឃើញពីឱកាសវិនិយោគនៅខេត្តកំពង់ស្ពឺ គឺដោយសារខេត្តនេះស្ថិតក្នុងទីតាំងភូមិសាស្រ្តអំណោយផល មានហេដ្ឋារចនាសម្ព័ន្ធល្អ គួបផ្សំមានច្រកចេញ-ចូលល្អប្រសើរ។ បើទោះបីនៅមួយរយៈចុងក្រោយនេះ សេដ្ឋកិច្ចសាកលបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែសម្រាប់ខេត្តកំពង់ស្ពឺ ហាក់មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ពោលគឺក្រៅពីវិស័យកាត់ដេរ សេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ក៏មានការពឹងផ្អែកទៅលើវិស័យដទៃមួយចំនួនទៀត ពិសេសវិស័យកសិកម្ម។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគថ្មីៗ ដែល CDC បានអនុម័តទាំង៥គម្រោងនោះ ភាគច្រើន គឺជារោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង និងវាយនភ័ណ្ឌដែលមានទុនវិនិយោគសរុបជាង២៧លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋរហូតជិត៧ពាន់កន្លែង។ ក៏ប៉ុន្តែស្របពេលដែលខេត្តមួយនេះទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ កង្វះកម្លាំងពលកម្មនៅមួយរយៈចុងក្រោយកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ខេត្តមួយនេះ។ យ៉ាងណាក៏ដោយឯកឧត្តម វ៉ី សំណាង កំពុងខិតខំស្វែងរកកម្លាំងពលកម្មបន្ថែម ដើម្បីបំពេញតម្រូវការដែលកំពុងមានការខ្វះខាតនាពេលបច្ចុប្បន្ន។ បើតាមឯកឧត្តម វ៉ី សំណាង បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសសរុបជាង៣៨០រោងចក្រ និងមានកម្មករនិយោជិតសរុបជិត១៦ម៉ឺននាក់។

សូមបញ្ជាក់ថា កម្មករនិយោជិតជិត១៦ម៉ឺននាក់នៅខេត្តកំពង់ស្ពឺបានផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ៥០០លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះវិស័យកាត់ដេរមានជាង១៩០រោងចក្រ និងប្រើកម្លាំងកម្មករនិយោជិតសរុបជិត១៤ម៉ឺននាក់ ដោយផ្តល់ប្រាក់ឈ្នួលសរុបជាង៤៣០លានដុល្លារក្នុងមួយឆ្នាំ។ ការកើនឡើងនៃចំនួនរោងចក្រ-សហគ្រាស នៅក្នុងខេត្តកំពង់ស្ពឺនេះបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញឲ្យសេដ្ឋកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-ចិនកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេដង

ព័ត៌មាន
ភាគីកម្ពុជា-ចិន បានសម្រេចកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជ…

ថៃ គ្រោងចាយ១៦លានដុល្លារ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេស

ព័ត៌មាន
នៅ៩ខែ ឆ្នាំ២០២៣ ថៃទាក់ទាញភ្ញៀវទេសចរបរទេស បានសរុបជាង២១លាននាក់ ហើយនៅត្រីមាសចុងក្រោយ គ្រោងធ្វើយ៉ាងណាទាក់ទាញឱ្យបាន៧លាននាក់បន្ថែមទៀត។ ដើម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ