យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ គណៈកម្មការរៀបចំការបោះឆ្នោតថៃ នៅមិនទាន់អាចប្រកាសលទ្ធផលផ្លូវការ១០០% បាននៅឡើយទេ ចំពេលដែលមានការចោទប្រកាន់យ៉ាងចាស់ដៃជុំវិញភាពមិនប្រក្រតីផ្នែកបច្ចេកទេសក្នុងការរៀបចំការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ ចំណុចដ៏រសើបបំផុតនោះ គឺការប្រើប្រាស់ប្រព័ន្ធបាកូដ និងលេខកូដ QR នៅលើសន្លឹកឆ្នោត ដែលអ្នកជំនាញអះអាងថា វាបានរំលោភលើគោលការណ៍បោះឆ្នោតដោយសម្ងាត់ ដែលជាគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ។ បច្ចុប្បន្នពាក្យបណ្តឹងជាច្រើនត្រូវបានដាក់ជូនតុលាការ ដើម្បីពិនិត្យឡើងវិញនូវសុពលភាព នៃការបោះឆ្នោតនេះ។
លោក ប៉ាត់តាណា រឿនចៃឌី (Pattana Ruenjaidee) អ្នកច្បាប់ល្បីឈ្មោះម្នាក់មកពីសាកលវិទ្យាល័យ Ramkhamhaeng បានពន្យល់ថា តាមច្បាប់សភាតំណាងរាស្ត្រអាចកោះប្រជុំបាន លុះត្រាតែមានការបញ្ជាក់សមាសភាពសមាជិកសភាយ៉ាងហោចណាស់៩៥%។ គណៈកម្មការរៀបចំការបោះឆ្នោតថៃ មានឱកាសត្រឹមរយៈពេល៦០ថ្ងៃប៉ុណ្ណោះ ពោលគឺត្រឹមថ្ងៃទី៨ ខែមេសា ដើម្បីដោះស្រាយបញ្ហានេះ។ លោក ប៉ាត់តាណា បានសង្កត់ធ្ងន់ថា ប្រសិនបើតុលាការធម្មនុញ្ញរកឃើញថា ប្រព័ន្ធបច្ចេកទេសបាកូដ អាចអនុញ្ញាតឱ្យគេតាមដានដឹងពីអត្តសញ្ញាណម្ចាស់ឆ្នោតនោះ ការបោះឆ្នោតនេះនឹងត្រូវប្រកាសជាមោឃៈភ្លាមៗ។
ក្នុងករណីសេណារីយ៉ូនេះកើតឡើងមែន នោះវាមិនត្រឹមតែបង្កឱ្យមានវិបត្តិនយោបាយដ៏ជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថ្នាក់ដឹកនាំ នៃគណៈកម្មការរៀបចំការបោះឆ្នោតថៃ ក៏ត្រូវប្រឈមមុខនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ពិសេសពាក់ព័ន្ធនឹងការខាតបង់កញ្ចប់ថវិកាជាតិ ដ៏មហាសាលរហូតដល់២២០លានដុល្លារ ដែលត្រូវបានប្រើប្រាស់សម្រាប់ការរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ៕
អត្ថបទៈ សួន ឡង់ទី