ក្រោយវិលត្រលប់មកដល់ប្រទេសថៃវិញ នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បាននិយាយអួតថា ប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ក្រោយពីរដ្ឋាភិបាលរបស់លោកបានចូលរួមកិច្ចប្រជុំកំពូលជាបន្តបន្ទាប់រួមមាន កិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី និងកិច្ចប្រជុំកំពូល APEC នៅកូរ៉េខាងត្បូង ហើយថា គោលដៅចម្បងនៃការចូលរួមកិច្ចប្រជុំកំពូលទាំងពីរនេះ គឺដើម្បីបើកទីផ្សារថ្មី ដោយបង្ហាញពីចំណុចខ្លាំងរបស់ប្រទេសថៃ។
នាយករដ្ឋមន្ត្រីថៃ រូបនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោកបានជួយផ្សព្វផ្សាយផលិតផលរបស់ថៃ ជាពិសេសទំនិញកសិកម្ម ទេសចរណ៍ និងឱកាសការងារសម្រាប់ពលករថៃ ដោយស្នើសុំដោយផ្ទាល់ទៅកាន់បណ្ដាមេដឹកនាំបរទេសឱ្យបង្កើនកូតាការទទួលយកពលករថៃ ហើយថា ប្រទេសជាច្រើនបានឆ្លើយតបជាវិជ្ជមាន។ លោក អានុទីន បានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោក នឹងបង្កើតក្រុមការងារពិសេសមួយ ដើម្បីតាមដានសំណើទាំងនេះ និងជួយទាក់ទាញការវិនិយោគ និងអ្នកទេសចរបរទេសបន្ថែមទៀត។
នៅឯកិច្ចប្រជុំកំពូលទាំងពីរខាងលើ លោក អានុទីន បានផ្សព្វផ្សាយពីចក្ខុវិស័យរបស់ប្រទេសថៃ ក្នុងការក្លាយជាមជ្ឈមណ្ឌលចំណីអាហាររបស់ពិភពលោក ដើម្បីគាំទ្រដល់សន្តិសុខស្បៀងអាហារជាសកល និងជាមជ្ឈមណ្ឌលឌីជីថលរបស់ពិភពលោក។
ទាក់ទិនបញ្ហាបទល្មើសឆ្លងដែន លោក អានុទីន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសថៃ ក្នុងការធ្វើជាអ្នកឈានមុខគេក្នុងតំបន់នៅក្នុងការដោះស្រាយបញ្ហាបទល្មើសតាមប្រព័ន្ធអនឡាញ និងបទល្មើសឆ្លងដែនផ្សេងៗទៀត ជាជំហរមួយ ដែលលោកអួតថា ត្រូវបានស្វាគមន៍ដោយប្រទេសចិន សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងអូស្ត្រាលី ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើកិច្ចសហប្រតិបត្តិការ៕
ដោយ: តែម សុខុម