បើតាម ក្រសួងកសិកម្មថៃ ការដឹកជញ្ជូនអង្ករនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុង ឆុងឈីងប្រទេសចិន ដោយបានប្រើប្រាស់ទូរថភ្លើងចំនួន ២០ទូ និងចំណាយពេលតិចជាង៤៨ម៉ោងប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Star។
បន្ទាប់ពីទទួលបានជោគជ័យក្នុងការនាំចេញអង្ករជាលើកដំបូងតាមផ្លូវដែកឡាវ-ចិននេះ ប្រទេសថៃក៏សង្ឃឹមថា នឹងនាំចេញផ្លែឈើស្រស់ ផ្កាអ័រគីដេ កៅស៊ូ ដំឡូងមី និងដូងប្រេង រួមជាមួយនឹងត្រី ក៏ដូចជាផលិតផលបសុសត្វផ្សេងទៀតតាមរយៈផ្លូវរថភ្លើងថ្មីនេះទៅកាន់ប្រទេសចិនផងដែរ។ ការនាំចេញផ្លែឈើថៃ អាចនឹងកាន់តែនៅស្រស់ល្អក្នុងការដឹកទៅប្រទេសចិន ព្រោះថាវាប្រើពេលតែ ១ ទៅ ២ថ្ងៃប៉ុណ្ណោះ នឹងអាចដាក់លក់នៅលើទីផ្សារបានហើយ។
ទន្ទឹមនេះ រដ្ឋាភិបាលថៃបានបញ្ជាឱ្យផ្លូវដែករដ្ឋថៃធ្វើការរចនា និងសាងសង់ស្ពានថ្មីមួយពីខេត្តណងខៃ ទៅកាន់ប្រទេសឡាវ ក្នុងគោលបំណងតភ្ជាប់ប្រទេសទៅកាន់ផ្លូវដែកឡាវ-ចិនផងដែរ។ ស្ពានថ្មីនេះនឹងឆ្លងកាត់ទន្លេមេគង្គពីណងខៃទៅប្រទេសឡាវ ហើយក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ ប្រទេសឡាវ និងបន្តទៅប្រទេសចិន។ការនាំចេញអង្កររបស់ថៃជាលើកដំបូងទៅកាន់ចិនតាមផ្លូវរថភ្លើងឡាវ-ចិននេះ កំពុងឈានទៅរកការពង្រឹងពាណិជ្ជកម្មទ្វេភាគី និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ នៅថ្ងៃណាមួយ វាក៏នឹងអាចពង្រីកហួសពីប្រទេសចិន ទៅអាស៊ីបូព៌ា អាស៊ីកណ្តាល មជ្ឈិមបូព៌ា រុស្ស៊ី និងអឺរ៉ុបផងដែរ។
សូមជម្រាបថា កាលពីឆ្នាំមុនទំហំពាណិជ្ជកម្មព្រំដែនថៃ-ឡាវបានកើនឡើងដល់ជិត ៦ពាន់លានដុល្លារ មានកំណើនជាង ១២% ធៀបទៅនឹងឆ្នាំមុន។ ក្នុងនោះការនាំចេញពីប្រទេសថៃមានចំនួនជាង ៣ពាន់ ៣រយលានដុល្លារ កើនឡើងជាង ២០% ធៀបនឹងឆ្នាំ២០២០ នាំឲ្យថៃមានអតិរេកពាណិជ្ជកម្មជាមួយឡាវជាង ៩ រយលានដុល្លារពីពាណិជ្ជកម្មតាមព្រំដែននេះ៕អត្ថបទ ស៊ើង និមល់