និស្សិតថៃផ្ទុះការតវ៉ា

ក្រុមនិស្សិត និងសង្គមស៊ីវិលថៃផ្ទុះការតវ៉ាទ្រង់ទ្រាយធំទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេស ក្រោយរកឃើញភាពមិនប្រក្រតី


នៅថ្ងៃទី១១ ខែកុម្ភៈនេះ ក្រុមអ្នកតវ៉ាជានិស្សិត និងតំណាងសង្គមស៊ីវិលនៅក្នុងប្រទេសថៃ បានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅខាងក្រៅទីស្នាក់ការកណ្តាលនៃគណៈកម្មការរៀបចំការបោះឆ្នោតថៃ ដើម្បីទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងប្រទេស។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីពួកគេរកឃើញភាពមិនប្រក្រតីជាច្រើនបានកើតឡើងនៅក្នុងការបោះឆ្នោតសកលនាពេលថ្មីៗនេះ ដែលបង្កឱ្យមានមន្ទិលសង្ស័យលើតម្លាភាព នៃលទ្ធផលឆ្នោត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English។
និស្សិតថៃផ្ទុះការតវ៉ា
ដោយ

តំណាងក្រុមនិស្សិត និងសង្គមស៊ីវិល ដឹកនាំដោយក្រុមសម្ព័ន្ធភាពធម្មសាតថៃបានប្រមូលផ្តុំគ្នានៅមុខអគាររដ្ឋាភិបាល ដើម្បីដាក់ញត្តិជំរុញការទាមទាររបស់ពួកគេឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ហើយពួកគេអះអាងថា ការធ្វើសកម្មភាពរបស់ខ្លួនគ្មានគណបក្សនយោបាយណាមួយនៅពីក្រោយខ្នងនោះទេ។

នៅក្នុងអំឡុងពេលតវ៉ានោះ ក្រុមបាតុករបានលើកឡើងពីភាពមិនប្រក្រតីជាបន្តបន្ទាប់ដូចជាការដាច់ចរន្តអគ្គិសនីខណៈកំពុងរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលសំខាន់ៗ, ការដឹកជញ្ជូនហិបឆ្នោតចេញទាំងយប់ដោយមន្ទិលសង្ស័យ និងភាពខុសគ្នារវាងតួលេខ ដែលបានប្រកាសធៀបនឹងចំនួនសន្លឹកឆ្នោតជាក់ស្តែង។ លើសពីនេះ ពួកគេបានរិះគន់ប្រព័ន្ធរាយការណ៍លទ្ធផលតាមអនឡាញរបស់គណៈកម្មការរៀបចំការបោះឆ្នោតថា មានភាពយឺតយ៉ាវ និងមានការប្រែប្រួលចំនួនសន្លឹកឆ្នោតដោយគ្មានការបកស្រាយច្បាស់លាស់។

លោក ធីរ៉ាផុប តេងប្រាវ៉ាត់ (Teerapop Tengpravat) តំណាងសង្គមស៊ីវិលបានរៀបរាប់ពីភាពមិនប្រក្រតី និងទាមទារចំនួន ៥ចំណុចសំខាន់ៗរួមមានរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសដោយបើកចំហរ, ស៊ើបអង្កេតវិន័យ និងព្រហ្មទណ្ឌលើមន្ត្រីពាក់ព័ន្ធ, បង្ហាញលទ្ធផលតាមមណ្ឌលនីមួយៗជាសាធារណៈភ្លាមៗ, រៀបចំការបោះឆ្នោតឡើងវិញក្នុងមណ្ឌលដែលមានភាពមិនប្រក្រតីខ្លាំង និងទាមទារឱ្យសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតទាំង៧រូបលាលែងពីតំណែង ដើម្បីទទួលខុសត្រូវ។

ជាការឆ្លើយតបលោក ណាត់តាវ៉ាត់ សាំងកៀនសាក់ (Nattawat Sangiensak) អគ្គលេខាធិការរងគណៈកម្មការរៀបចំការបោះឆ្នោតបានចេញមកទទួលញត្តិ និងសន្យាថា នឹងដោះស្រាយតាមនីតិវិធីច្បាប់ ដោយនឹងពន្លឿនការបញ្ចូលទិន្នន័យទៅក្នុងគេហទំព័រឱ្យពលរដ្ឋផ្ទៀងផ្ទាត់ក្នុងរយៈពេល១ទៅ២ថ្ងៃខាងមុខ។

ដោយឡែកលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាប្រធានគណបក្សភូមិចៃថៃ ដែលនាំមុខក្នុងលទ្ធផលបឋម បានថ្លែងកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ថា លោកគ្មានបញ្ហាអ្វីឡើយចំពោះការរាប់សន្លឹកឆ្នោតឡើងវិញ ដរាបណាការអនុវត្តនោះធ្វើឡើងស្របតាមច្បាប់ និងដើម្បីសេចក្តីសុខរបស់ប្រជាជាតិ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


បង់ក្លាដែសដែលជាគូប្រជែងមួយរបស់កម្ពុជា ទទួលបានការបន្ថយពន្ធគយពីអាម៉េរិកមកនៅត្រឹម១៩%

ប្រទេសបង់ក្លាដែស ដែលជាគូប្រជែងមួយរបស់កម្ពុជា ក្នុងវិស័យនាំចេញផលិតផលវាយនភណ្ឌ ទទួលបានការបន្ថយពន្ធគយពីសហរដ្ឋអាម៉េរិក មកនៅត្រឹម១៩% ក្រោមកិច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ