រូបិយប័ណ្ណថៃ

ការហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានរបស់លុយបាតថៃ កំពុងគំរាមកំហែងដល់វិស័យទេសចរណ៍ និងការនាំចេញ


លុយបាតថៃ កំពុងបោះពួយឆ្ពោះទៅរកការហក់ឡើងថ្លៃប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យផ្ទុះវិបត្តិហិរញ្ញវត្ថុនៅអាស៊ីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ មក ហើយវាកំពុងគំរាមកំហែងដល់វិស័យទេសចរណ៍ និងឧស្សាកម្មនាំចេញ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិរបស់ថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អន្តរជាតិ ដ៏ល្បីល្បាញ Bloomberg។
រូបិយប័ណ្ណថៃ
ដោយ

ការហក់ឡើងថ្លៃរហូតដល់ទៅ១០% របស់លុយបាតថៃ ធៀបនឹងប្រាក់ដុល្លារអាម៉េរិក ចាប់តាំងពីចុងខែមិថុនា ឆ្នាំនេះ ដែលជាការហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ១៩៩៨ មកនោះ បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ព្រមទាំងក្រុមហ៊ុនសហគ្រាសនានាដែលបានអំពាវនាវឱ្យរដ្ឋាភិបាលថៃ ចាត់វិធានការជាបន្ទាន់ ដើម្បីទប់កុំឱ្យលុយបាតថៃ ហក់ឡើងថ្លៃលឿនពេក ព្រោះវាជាកត្តាដ៏អាក្រក់ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។

ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ពិឆៃ ណារីបថាផាន (Pichai Nari​ptha​phan) និងអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ប៉ាវពូម រ៉ូចាណាសាគុល (Paopoom Rojanasakul) នៅសប្តាហ៍នេះ បានជំរុញឱ្យធនាគារកណ្តាលថៃ ចាត់វិធានការដើម្បីគ្រប់គ្រង និងកាត់បន្ថយល្បឿនកុំឱ្យរូបិយប័ណ្ណជាតិ មានការប្រែប្រួលតម្លៃឡើងចុះលឿនពេក។

សហព័ន្ធឧស្សាហកម្មថៃ និយាយថា ការហក់ឡើងថ្លៃនៃលុយបាតថៃ ដែលភាគច្រើនបណ្ដាលមកពីការធ្លាក់ថ្លៃនៃប្រាក់ដុល្លារ ក្រោយធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់ កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា គឺខ្ពស់ជាងគេឆ្ងាយណាស់បើធៀបនឹងតម្លៃរូបិយប័ណ្ណរបស់បណ្ដាប្រទេសដៃគូពាណិជ្ជកម្មរបស់ប្រទេសថៃ ហើយកត្តានេះអាចជំរុញឱ្យអ្នកទិញស្វែងរកប្រភពផ្សេងដែលមានតម្លៃថោកជាង។

ទន្ទឹមនេះ ក្រុមប្រឹក្សាទេសចរណ៍ថៃ ក៏បានលើកឡើងដែរថា ទោះបីជាភ្ញៀវទេសចរបរទេសនៅតែមកលេងប្រទេសថៃ ក្នុងចំនួនច្រើនយ៉ាងណាក្ដី តែមិនយូរមិនឆាប់ ការហក់ឡើងថ្លៃនៃលុយបាតថៃនេះ នឹងធ្វើឱ្យភ្ញៀវទេសចរបរទេសទាំងនោះកាត់បន្ថយការចាយវាយលើថ្លៃសណ្ឋាគារ និងការដើរទិញអីវ៉ាន់។

ការហក់ឡើងថ្លៃនៃលុយបាតថៃ គឺជាបញ្ហាថ្មីដ៏ធំមួយទៀតសម្រាប់នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ គឺលោកស្រី ផែថុនថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ដែលបានសន្យាស្ដារសេដ្ឋកិច្ចធំបំផុតទី២ ប្រចាំអាស៊ីអាគ្នេយ៍មួយនេះឱ្យរឹងមាំឡើងវិញ និងកាត់បន្ថយថ្លៃចំណាយជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។

ទោះជាប្រទេសថៃ សម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ទាបជាងបណ្ដាប្រទេសក្នុងតំបន់ដូចជាឥណ្ឌូនេស៊ី និងហ្វីលីពីន ជាដើមក្ដី ក៏វិស័យទេសចរណ៍ និងការនាំចេញរបស់ថៃ នៅតែជាចំណុចខ្លាំង និងជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ថៃ។

ដោយសារការនាំចេញមានចំណែកគ្របដណ្ដប់រហូតដល់ជិត៦០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ រដ្ឋាភិបាលថៃ កំពុងរិះរកវិធីធ្វើយ៉ាងណារក្សាកំណើននៃការនាំចេញក្នុងពេលថ្មីៗនេះ។

ទោះជាយ៉ាងណា លោក ក្រៀងក្រៃ ធានុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា ថា ការហក់ឡើងថ្លៃយ៉ាងឆាប់រហ័សនៃលុយបាតថៃ កំពុងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរសម្រាប់អាជីវកម្មនានារួមទាំងថ្លៃដើមខ្ពស់ក្នុងការផលិត និងការកើនឡើងយ៉ាងគំហុកនៃការហូរចូលទំនិញថោកៗពីប្រទេសចិន ផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួល…

អ្នកជំនាញជំរុញឲ្យអង្គការសហប្រជាជាតិ កំណត់មូលដ្ឋានគ្រឹះឲ្យច្បាស់លាស់ក្នុងការគ្រប់គ្រង AI

កំណើននៃការប្រើប្រាស់ និងសមត្ថភាពស្វ័យប្រវត្តិកម្មរបស់បញ្ញាសិប្បនិម្មិត ដែលហៅកាត់ថា AI កាន់តែមានការកើនឡើង បានឲ្យអ្នកជំនាញមានការបារម្ភ ហើយក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ