រដ្ឋមន្ត្រីក្រសួងអប់រំចាំផ្ទះលោក ភើមពូន ឈីដឆប (Permpoon Chidchob) បានលើកឡើងថា សិស្សជាច្រើនបាននាំយកឧបករណ៍ស្មាតហ្វូន ថេប្លេត ឬឧបករណ៍ឌីជីថលដទៃទៀតទៅសាលារៀន និងបានចំណាយពេលច្រើនក្នុងការប្រើប្រាស់ឧករណ៍ទាំងនេះ។ ការស្រាវជ្រាវជាសកលមួយបានរកឃើញថា ការប្រើប្រាស់ឧបករណ៍បែបនេះច្រើនពេកបានរារាំងសមត្ថភាពរបស់មនុស្សវ័យក្មេងក្នុងការរក្សាការផ្តោតអារម្មណ៍ក្នុងពេលសិក្សានៅសាលារៀន និងធ្វើឱ្យភាពឆ្លាតវៃរបស់ពួកគេថយចុះក្នុងរយៈពេលវែងផងដែរ។
បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីរូបនេះ ចំណែកការស្រាវជ្រាវនៅប្រទេសថៃវិញបានបញ្ជាក់ពីផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៅលើការអភិវឌ្ឍខួរក្បាល និងបញ្ញាស្មារតីរបស់មនុស្សវ័យក្មេង។ ដូច្នេះហើយពេលនេះក្រសួងអប់រំថៃ គ្រោងនឹងដាក់កម្រិតលើការប្រើប្រាស់ឧបករណ៍ឌីជីថលនៅតាមសាលារៀន ដើម្បីបញ្ចៀសផលវិបាករបស់សិស្សនៅពេលអនាគត ប៉ុន្តែក្រសួងនេះនៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៃការដាក់កម្រិតនេះនៅឡើយទេ។
សូមរំលឹកថា បច្ចុប្បន្នមានប្រទេសមួយចំនួនក៏បានចាត់វិធានការគ្រប់គ្រង និងដាក់កម្រិតលើសិស្សសាលាក្នុងការប្រើប្រាស់ឧករណ៍បែបនេះនៅតាមសាលារៀនផងដែរ៕
អត្ថបទ៖ សុខ មង្គល