
ថៃ និងឡាវ បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅចុងឆ្នាំនេះ ដើម្បីដាក់ផែនការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់១១ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៧ ស្របពេលការនាំចេញទំនិញរបស់ថៃ ភាគច្រើន មកទីផ្សារកម្ពុជា ត្រូវបានជាប់គាំង ដោយសារអរិភាពព្រំដែនជាមួយកម្ពុជា។
លោកស្រី ឆូទីម៉ា អៀមសាវ៉ាឌីគុល (Chotima Iemsawasdikul) អគ្គនាយកនៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ថៃ បានអះអាងថា ថៃ និងឡាវ ប្ដេជ្ញាជំរុញការពង្រីកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍រវាងប្រជាជាតិទាំងពីរ។ ភាពជាដៃគូនេះនឹងផ្តោតលើគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រជាច្រើនរួមទាំងធ្វើឱ្យច្រកព្រំដែនរបស់ឡាវ ឱ្យស្របតាមស្តង់ដាប្រទេសថៃ ការកែលម្អការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក និងការបើកឡើងវិញនូវច្រកព្រំដែន ដែលបានបិទកាលពីក្នុងអំឡុងកូវីដ-១៩ ដើម្បីបង្កើនសេដ្ឋកិច្ចតាមព្រំដែន និងកាត់បន្ថយថ្លៃដឹកជញ្ជូន និងពេលវេលា។
មកទល់ពេលនេះមិនទាន់មានការបង្ហាញពីទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឡើយទេ ប៉ុន្តែកាលពីឆ្នាំ២០២៤ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទំហំជាង៨ពាន់លានដុល្លារ ដោយថៃ នាំចេញទៅឡាវ មានទំហំជិត៥ពាន់លានដុល្លារ ខណៈឡាវនាំចេញទៅថៃ មានជាង៣ពាន់លានដុល្លារ។
ពាក់ព័ន្ធការប្តេជ្ញាចិត្តរវាងប្រទេសទាំងពីរ អ្នកតាមដានស្ថានភាពព្រំដែនបានលើកឡើងថា សម្រាប់ទំនាក់ទំនងរវាងថៃ និងឡាវ គឺជារឿងរបស់ប្រទេសទាំងពីរ តែពួកគេបានពញ្ញាក់អារម្មណ៍ថា ប្រយ័ត្នករណីឈ្មួញខិលខូចខ្លះបន្លំទំនិញថៃ ជាទំនិញឡាវ ហើយនាំចូលមកកម្ពុជា ស្របពេលបច្ចុប្បន្នទំនិញថៃ មួយចំនួន ត្រូវគេដឹងថា បានដឹកជញ្ជូនចូលកម្ពុជា តាមច្រកប្រទេសឡាវ៕
ដោយៈ សរ សុជាតិ