បញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី-ត្រាត (CTBDC) បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ថា ការដាក់បម្រាមគោចរនេះធ្វើឡើងក្នុងបំណងរក្សាស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសាធារណៈ និងដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃពីការគំរាមកំហែងពីខាងក្រៅ។
ក្រោមបទបញ្ជានេះ ពលរដ្ឋថៃត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះរបស់ខ្លួនរវាងម៉ោង៧យប់ដល់ម៉ោង៥ព្រឹកនៅក្នុងស្រុកខ្លងយ៉ៃ បូរ៉ៃ ឡាំង៉ុប ខាវសាមីង និង មឿងត្រាត ហើយប្រជាជនដែលមានការចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីមន្ត្រីយោធា ឬ ប៉ូលិស ឬមន្ត្រីរដ្ឋបាលមូលដ្ឋានដូចជាមេស្រុករង និង មេភូមិជាដើម។ បទបញ្ជានេះនឹងមានសុពលភាពរហូតដល់មានការជូនដំណឹងនៅពេលក្រោយទៀត។ ការដាក់បម្រាមគោចរនេះធ្វើឡើង ក្រោយថៃបានលើកហេតុផលថា មានករណីបាញ់ផ្លោងគ្រាប់ M79 ចំនួន៣ធ្លាក់នៅក្បែរទីស្នាក់ការកណ្តាលនៃក្រុមកងម៉ារីនខេត្តត្រាតកាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ៕
ដោយ៖ សុខ មង្គល