វិស័យពាណិជ្ជកម្ម

មន្ត្រីជំនាញបានព្រមានថា ថៃ មិនអាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក ដោយប្រើវិធីដូចវៀតណាម បានឡើយ


មន្ត្រីជំនាញថៃម្នាក់បានព្រមានថា ថៃ ដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរនៅតំបន់អាស៊ានមិនប្រើវិធីសាស្ត្រទម្លាក់ពន្ធសូន្យភាគរយលើទំនិញអាម៉េរិក ដូចវៀតណាម ដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក នោះទេ។ ការព្រមានបែបនេះ ក៏ដោយសារអ្នកជំនាញមើលឃើញថា វៀតណាម មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជិត៣០ប្រទេស បើទោះជាថៃ មានកិច្ចព្រមព្រៀងបែបនេះជាមួយប្រទេសមួយចំនួនក៏ពិតមែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យពាណិជ្ជកម្ម
ដោយ

លោក សំចៃ ផាកាផាសវីវ៉ាត (Somjai Phagaphasvivat) អ្នកជំនាញខាងសេដ្ឋកិច្ចអន្តរជាតិ បានព្រមានថា ប្រទេសថៃ មិនអាចផ្តល់សំណើពាណិជ្ជកម្មជាមួយនឹងអាម៉េរិក ឱ្យដូចប្រទេសវៀតណាម បានឡើយ ហើយថា វៀតណាម អាចមិនយកពន្ធលើការនាំចូលរបស់អាម៉េរិក ទាំងអស់បាន ក៏ដោយសារតែប្រទេសនេះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងដៃគូ២៧ប្រទេសដែលបានកាត់បន្ថយពន្ធនាំចូលភាគច្រើនរបស់វៀតណាម មកត្រឹមសូន្យ​។

លោកបានបន្ថែមថា ផ្ទុយទៅវិញប្រទេសថៃ ទំនងជាមិនអាចធ្វើដូចវៀតណាម បានឡើយព្រោះប្រទេសនេះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូនៅមានចំនួនតិចជាងដៃគូរបស់វៀតណាមទៅទៀត។ ទោះយ៉ាងណាលោក សំចៃ បានផ្ដល់ជាយោបល់ថា រឿងមួយដែលថៃ ត្រូវពិចារណានោះ គឺប្រទេសថៃ ប្រហែលជានឹងត្រូវធ្វើដូចវៀតណាម បាននៅក្នុងពេលអនាគត។ ប៉ុន្តែពេលនេះ ថៃ ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនសិន ហើយនៅពេលថៃ មានកិច្ចព្រមព្រៀង FTA បន្ថែមទៀតជាមួយនឹងប្រទេសផ្សេងទៀត ពេលនោះថៃនឹងអាចបើកចំហបានពេញលេញដូចវៀតណាម បានហើយ។

បើតាមការលើកឡើងរបស់លោក សំចៃ បច្ចុប្បន្នប្រទេសថៃ កំពុងចរចាជាមួយអាម៉េរិក ក្នុងបំណងសំខាន់បំផុត គឺស្នើសុំកាត់បន្ថយពន្ធលើការនាំចេញទំនិញរបស់ថៃ ទៅកាន់ទីផ្សារអាម៉េរិក ជាថ្នូរនឹងការយកពន្ធ០% លើការនាំចូលទំនិញរបស់អាម៉េរិក មកប្រទេសថៃ។ លោក សំចៃ បានផ្ដល់ជាយោបល់ថា ផលិតផលរបស់អាម៉េរិក ដែលមិនយកពន្ធគួរតែជាផលិតផល ដែលគ្មានការផលិតនៅក្នុងស្រុក ឬក៏អាចផលិតតែក្នុងបរិមាណមានកំណត់បានហើយ។

ទោះយ៉ាងណា លោក សំចៃ បានបន្ថែមថា គោលនយោបាយពន្ធដាររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ មិនមែនគ្រាន់តែសំដៅលើការកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងអាម៉េរិក ជាមួយនឹងប្រទេសផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងនឹងការភ្ជាប់បញ្ហាសន្តិសុខជាមួយនឹងគោលនយោបាយពាណិជ្ជកម្ម ដែលអាចជ្រៀតជ្រែកក្នុងកិច្ចការនយោបាយក្នុងប្រទេសផ្សេងទៀត ដើម្បីធ្វើជាយន្តការសម្រាប់ពង្រីកឥទ្ធិពលរបស់អាម៉េរិកនៅក្នុងតំបន់ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ការប្រមូលចំណូលពន្ធពីល្បែងពាណិជ្ជកម្មទំនងជាមិនអាចគ្រប់តាមផែនការនោះទេ ទោះបីនៅឆមាសទី១សម្រេចបានជាង៧០%ក៏ដោយ តើមកពីមូលហេតុអ្វី?

ការប្រមូលចំណូលពន្ធក្នុងវិស័យល្បែងពាណិជ្ជកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំដោយ…

រដ្ឋាភិបាលថៃ ជំរុញឱ្យធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកឱ្យវិនិយោគិនអាចជួលអចលនទ្រព្យរយៈពេល៩៩ឆ្នាំ

រដ្ឋាភិបាលថៃ កំពុងធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកដៃឱ្យវិនិយោគិនអាចជួលអចលនទ្រព្យឱ្យយូរថែមទៀតពី៣០ឆ្នាំ ដល់៩៩ឆ្នាំ ក្នុងបំណងចាក់បញ្ចូលថវិកាក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ