លោកស្រី ទ្រីនុច ធៀនថង រដ្ឋមន្ត្រីក្រសួងការងារចាំផ្ទះរបស់ថៃ បានចេញមកអះអាងថា ពលករខ្មែរនៅប្រទេសថៃ មិនត្រូវបានបណ្តេញឱ្យត្រឡប់ទៅស្រុកកំណើតវិញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដូចពាក្យចចាមអារ៉ាមនោះទេ។ រដ្ឋមន្ត្រីការងារចាំផ្ទះរូបនេះបានសង្កត់ធ្ងន់ថា ចំពោះពលរដ្ឋខ្មែរស្របច្បាប់ត្រូវបានអនុញ្ញាតឱ្យធ្វើការដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ខណៈពលករខ្មែរ ដែលត្រូវផុតកំណត់ការងារត្រឹមថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយបានបន្តលិខិតអនុញ្ញាតការងាររួច អាចបន្តស្នាក់នៅ និងធ្វើការនៅប្រទេសថៃ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៧ ហើយពួកគេអាចមានជម្រើសបន្តស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៩។ រដ្ឋមន្ត្រីរូបនេះបានបន្តថា មកដល់ពេលនេះមិនមានលិខិតការងាររបស់កម្មករកម្ពុជា ណាម្នាក់ ត្រូវផុតកំណត់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នោះទេ។
ពាក់ព័ន្ធបញ្ហានេះ លោក ស៊ុមឆៃ មរកតស្រ៊ីវ៉ាន់ (Somchai Morakotsriwan) អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានកំពុងសម្របសម្រួលជាមួយភ្នាក់ងារសន្តិសុខ ដើម្បីបង្កើតវិធានការសមស្របសម្រាប់ពលករកម្ពុជា ឱ្យមានតុល្យភាពរវាងតម្រូវការសេដ្ឋកិច្ច ស្ថិរភាពសង្គម និងសន្តិសុខជាតិ។
កាលពីពេលថ្មីៗក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានអំពាវនាវឱ្យពលករខ្មែរនៅប្រទេសថៃ បន្តស្នាក់នៅ និងធ្វើការនៅប្រទេសថៃធម្មតា និងចៀសវាងការជួបជុំ និងធ្វើដំណើរមកកាន់ច្រកព្រំដែន ដើម្បីបញ្ចៀសបញ្ហាផ្សេងៗដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា កាន់តែឡើងកម្តៅខ្លាំង។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗបានសម្រេចផ្អាកការធ្វើដំណើរចេញចូលព្រំដែនរវាងកម្ពុជា-ថៃ ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋនៃប្រទេសទាំងពីរ៕
ដោយៈ សរ សុជាតិ