រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានជំរុញឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការលើបញ្ហាមីននៅតាមព្រំដែនកម្ពុជា ហើយការលើកឡើងនេះធ្វើឡើងអំឡុងជំនួបពិភាក្សាអំពីបញ្ហានេះ រវាងរូបលោកជាមួយលោកស្រី ខារ៉ូលីន មេឡានី រីហ្គីមបាល់ (Carolyne-Melanie Regimbal) ប្រធានការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការរំសាយអាវុធ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។
រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានអះអាងផ្ទុយពីការពិតថា ប្រទេសថៃ បានបំពេញកាតព្វកិច្ចតាមសន្ធិសញ្ញាក្រុងអូតាវ៉ា យ៉ាងខ្ជាប់ខ្ជួន និងបានប្រើប្រាស់យន្តការទ្វេភាគី ដែលមានស្រាប់ដោយសុច្ឆន្ទៈ។
លោកបាននិយាយថា ប្រទេសថៃ មិនមានបំណងចង់ធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានយោបាយទេ ប៉ុន្តែពិការភាពជាអចិន្ត្រៃយ៍ដែលទាហានថៃ ៧នាក់ទទួលរងដោយសារតែការប្រើប្រាស់មីនរបស់កម្ពុជា គឺជាការរំលោភបំពានលើមាត្រា ១ នៃអនុសញ្ញា។
ប្រទេសថៃ បានអះអាងថា ខ្លួនមានភស្តុតាងរឹងមាំ ដែលបង្ហាញថា មីនថ្មីៗត្រូវបានដាក់បង្កៃនៅលើទឹកដីថៃ ហើយចាប់តាំងពីពាក់កណ្តាលខែកក្កដា មក ទាហានថៃ ចំនួន១៨នាក់ បានរងរបួសដែលក្នុងនោះ៧នាក់ បានបាត់បង់អវយវៈ។ រដ្ឋមន្ត្រីការបរទេសថៃ រូបនេះ បានចោទសួរថា តើអនុសញ្ញាក្រុងអូតាវ៉ានេះ អាចរក្សាភាពជឿជាក់បានយ៉ាងដូចម្តេច ប្រសិនបើរដ្ឋភាគីមួយអាចដាក់បង្កៃមីនថ្មីៗ ហើយគ្រាន់តែបដិសេធ គឺរួចខ្លួននោះ។
លោក ស៊ីហាសាក់ ភួងកេតកែវ បានលើកឡើងបន្តថា ដំណោះស្រាយដ៏យុត្តិធម៌ និងមានតម្លាភាពបំផុត គឺការស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្របសម្រួលការបង្កើតគណៈកម្មការស្វែងរកការពិតឯករាជ្យមួយ ដោយអះអាងថា សូមកុំយកបញ្ហានេះធ្វើជារឿងនយោបាយ ហើយត្រូវពឹងផ្អែកលើយន្តការដែលបានបង្កើតឡើងរួចហើយនៅក្នុងអនុសញ្ញា។ ប្រមុខការទូតថៃ រូបនេះ បន្តអះអាងគួរឱ្យអស់សំណើចថា ភស្តុតាងទាំងអស់ត្រូវបានពិនិត្យប្រកបដោយវិជ្ជាជីវៈដោយបណ្ដាទីភ្នាក់ងារថៃ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលបានបញ្ជាក់ថា មីនទាំងនោះត្រូវបានដាក់បង្កៃថ្មី និងដោយចេតនានៅក្នុងទឹកដីថៃ។
ជាការឆ្លើយតបភាគីកម្ពុជា បានច្រានចោលការចោទប្រកាន់ដ៏គួរឱ្យអស់សំណើចពីភាគីថៃ និងបានចោទសួរអំពីភស្តុតាងរបស់ប្រទេសថៃ។
អំឡុងដំណើរទស្សនកិច្ចនៅក្រុងហ្សឺណែវ លោក ស៊ីហាសាក់ ភួងកេតកែវ ក៏បានជួបជាមួយលោក វ៉ូលឃើ ធើក (Volker Türk) ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយបញ្ជាក់ជាថ្មីថា ប្រទេសថៃ តែងតែគាំទ្រវិធីសាស្រ្តសន្តិភាព និងបានទម្លាក់កំហុសលើកម្ពុជាថា មិនបានបង្ហាញភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហានោះទេ។
ទន្ទឹមនេះ លោក ស៊ីហាសាក់ ភួងកេតកែវ ក៏បានធានានៅចំពោះមុខឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរថា វីរៈកងទ័ពកម្ពុជា ទាំង១៨រូប ដែលត្រូវបានឃុំឃាំងនៅក្នុងប្រទេសថៃ កំពុងត្រូវទទួលបានការប្រព្រឹត្តស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងបានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម (ICRC) ចូលពិនិត្យមើលពួកគាត់ជាហូហែរផងដែរ៕
ដោយ: តែម សុខុម