វិស័យកសិកម្ម

តើមានកត្តាអ្វីខ្លះបានទាញទម្លាក់ប្រាក់ចំណូលពីការនាំចេញគ្រប់ស្វាយចន្ទីឱ្យធ្លាក់ចុះជិត១៧% នៅឆ្នាំ២០២៣?


ប្រធានសមាគមស្វាយចន្ទីកម្ពុជា អះអាងថា នៅពេញមួយឆ្នាំ២០២៣ ស្ថានភាពនាំចេញគ្រាប់ស្វាយរបស់កម្ពុជា ហាក់មានទំនោរធ្លាក់ចុះ ទាំងបរិមាណ និងចំណូលបើធៀបទៅនឹងឆ្នាំ២០២២។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា កត្តាដែលធ្វើឲ្យការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិថយចុះ គឺបណ្ដាលមកពីកត្តាប្រឈមមួយចំនួននៅក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ពិសេសបញ្ហាខ្វះឃ្លាំងសហគមន៍ ដែលធ្វើឲ្យសមាគមមិនអាចឆ្លើយតបទៅតាមតម្រូវការនៃការបញ្ជាទិញ។
វិស័យកសិកម្ម
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា កត់សម្គាល់ឃើញថា បើទោះបីស្វាយចន្ទីបានក្លាយជាដំណាំយុទ្ធសាស្រ្ត និងទទួលបានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ពិតមែន ប៉ុន្តែវិស័យនេះនៅជួបបញ្ហាប្រឈមមួយចំនួនដូចជាកង្វះដើមទុន និងកង្វះឃ្លាំងស្តុកសហគមន៍ជាដើម ដែលកត្តានេះបានធ្វើឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីមិនអាចឆ្លើយតបទៅតាមតម្រូវការនៃការបញ្ជាទិញរបស់ក្រុមហ៊ុនបរទេស។ បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្នកម្ពុជាមិនខ្វះលទ្ធភាពក្នុងការផលិតគ្រាប់ស្វាយចន្ទីនោះទេ ហើយកម្ពុជាក៏មិនខ្វះទីផ្សារបញ្ជាទិញដែរ ប៉ុន្តែបច្ចុប្បន្នវិនិយោគិនក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ ទើបធ្វើឲ្យបណ្ដាប្រទេសដទៃមានឱកាសប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ដើម្បីយកទៅកែច្នៃសម្រាប់នាំចេញ។ បញ្ហាប្រឈមទាំងនេះ ក៏បានទាញទម្លាក់ការនាំចេញរបស់កម្ពុជាផងដែរ។ ជាក់ស្តែងនៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជាសម្រេចបានជាង៦៥ម៉ឺន៦ពាន់តោនថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២។

បើតាមលោក អួន ស៊ីឡុត ដ្បិតនៅឆ្នាំ២០២៣កន្លងមកនេះ មានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនពីស្ថាប័នធនាគារលើការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះដល់កសិករ ពាណិជ្ជករ និងអ្នកកែច្នៃក៏ពិតមែន ប៉ុន្តែសម្រាប់លក្ខខណ្ឌកម្ចីហាក់មានភាពសាំញ៉ាំ ដែលធ្វើឲ្យសហគ្រាសកែច្នៃស្វាយចន្ទីក្នុងស្រុកមិនអាចរកទុនបង្វិល ដើម្បីទិញគ្រាប់ស្វាយចន្ទីស្ដុកទុកសម្រាប់កែច្នៃ។ ដូច្នេះកត្តានេះហើយទើបបានធ្វើឲ្យគ្រាប់ស្វាយចន្ទីឆៅប្រមាណ៩៥% ត្រូវបាននាំចេញ​។

សម្រាប់ប្រធានសមាគមរូបនេះ បញ្ហាខ្វះឃ្លាំងសហគមន៍ ថ្លៃដើមផលិតក្នុងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីខ្ពស់ ការខ្វះទុនបង្វិល ការខ្វះកម្លាំងពលកម្មជំនាញសម្រាប់វិស័យកែច្នៃក្នុងស្រុក ជាដើម នៅតែជាបញ្ហាប្រឈមនៅឡើយសម្រាប់វិស័យស្វាយចន្ទីកម្ពុជា។ លើសពីនេះ ការខ្វះការវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក នៅតែបង្កជាក្ដីបារម្ភសម្រាប់ទីផ្សារគ្រាប់ស្វាយចន្ទីដ្បិតវាបានបើកឱកាសសម្រាប់ឈ្មួញកណ្ដាលអាចកំណត់តម្លៃគ្រាប់ស្វាយចន្ទីតាមចិត្តរបស់ពួកគេ។

សូមបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


CDC អនុម័តគម្រោងជិត២៧០គម្រោងជាមួយទុនវិនិយោគជិត៥ពាន់លានដុល្លារនៅឆ្នាំ២០២៣

ព័ត៌មាន
នៅពេញមួយឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានអនុម័យគម្រោងថ្មី និងពង្រីកផលិតកម្មបានជិត២៧០គម្រោង ជាមួយទុនវិនិយោគសរុបជិត៥ពាន់លាន…

ថៃ និងចិន គ្រោងលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍ចាប់ពីខែមីនា ដើម្បីជំរុញវិស័យទេសចរណ៍ និងការវិនិយោគ

ព័ត៌មាន
ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅតំបន់អាស៊ីអគ្នេយ៍ និងមហាយក្សចិន ដែលមានសេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ