រដ្ឋាភិបាលថៃ បានអះអាងកាលពីចុងសប្តាហ៍មុនថា ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត៣៣លាននាក់ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ហើយពួកគេបានចំណាយប្រាក់សរុបជាង៤៤ពាន់លានដុល្លារអាម៉េរិក ខណៈប្រទេសចិន នៅតែជាប្រភពទីផ្សារទេសចរណ៍ដ៏ធំរបស់ថៃ ជាមួយនឹងចំនួនភ្ញៀវទេសចរសរុបជាង៦លាននាក់។
លោក ជីរ៉ាយូ ហួងស៊ឹប (Jirayu Houngsub) អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា នៅសល់២០ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤នេះ ថៃរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបរទេសថែមទៀតជាពិសេសអ្នកមកពីតំបន់អឺរ៉ុបតែម្ដង។
តាមរយៈតួលេខភ្ញៀវទេសចរបរទេសខាងលើបានបង្ហាញឱ្យឃើញថា ប្រទេសថៃ បាននាំមុខគេក្នុងចំណោមដៃគូប្រកួតប្រជែងក្នុងតំបន់មួយចំនួន។ ជាក់ស្ដែងប្រទេសម៉ាឡេស៊ី ទទួលបានភ្ញៀវទេសចរបរទេសជាង១៦លាននាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ខណៈប្រទេសនេះដាក់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបានជាង២៧លាននាក់។
ចំណែកប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរបរទេសជាង១៤លាននាក់ នៅ១០ខែ ឆ្នាំ២០២៤ មានការកើនឡើងជាង៤១% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយភ្ញៀវទេសចរចិន គឺជាប្រភពទីផ្សារឈានមុខគេសម្រាប់វៀតណាម។
ចំណែកប្រទេសឥណ្ឌូនេស៊ី ឯណោះវិញ ទទួលបានភ្ញៀវទេសចរចំនួន១៣លាននាក់ នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៤ ខណៈប្រទេសនេះដាក់គោលដៅស្វាគមន៍ភ្ញៀវទេសចរឱ្យបាន១៧លាននាក់ នៅឆ្នាំនេះ។ ដោយឡែក ប្រទេសសិង្ហបុរី ទទួលបានភ្ញៀវទេសចរបរទេសជាង៨លាននាក់ នៅ៦ខែដំបូងនៃឆ្នាំ២០២៤ ដោយបានកើនឡើងជាង៣០% បើធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ សុខ មង្គល