ជាមួយគ្នានេះ ក្រសួងឧស្សាហកម្មរបស់ថៃ បានលើកឡើងដែរថា ប្រតិបត្តិកររោងចក្រ និងកម្មករក៏អាចនឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ លោក សូរីយ៉ា បាននិយាយថា មានប្រមាណ៦ម៉ឺនរោងចក្រហើយ ដែលបានចុះឈ្មោះជាមួយក្រសួង និងមានកម្មករនិយោជិតប្រហែល៥លាននាក់នៅក្នុងរោងចក្រ សហគ្រាសខ្នាតតូច និងមធ្យម ដែលកំពុងស្ថិតនៅក្នុងគម្រោងយុទ្ធនាការជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកនេះ ហើយលោកក៏សង្ឃឹមថាគម្រោងនេះ នឹងកាត់បន្ថយភាពពឹងផ្អែកខ្លាំងលើការនាំចូលផលិតផលពីខាងក្រៅផងដែរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក អាកខុម បាននិយាយថា ស្ថិតក្រោមគ្រោងការណ៍នេះ ចំពោះគម្រោងអភិវឌ្ឍន៍របស់រដ្ឋ នឹងត្រូវប្រើប្រាស់ផលិតផលក្នុងស្រុកមិនតិចជាង៦០% នៃការប្រើប្រាស់ផលិតផលសរុបនោះទេ។ ហើយបើការប្រើប្រាស់សម្ភាសន៍ទាំងនោះ ដូចជាការប្រើប្រាស់ដែកសាងសង់អគារ ផ្លូវ ឬស្ពានអីជាដើមនោះ គឺត្រូវប្រើដែកផលិតក្នុងស្រុកឲ្យបានដល់ទៅ ៩០%។
អាជ្ញាធរថៃ រំពឹងថាគ្រោងការណ៍ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកនេះ នឹងជាផ្នែកមួយជួយដល់ការកាត់បន្ថយនូវផលប៉ះពាល់ដែលបណ្ដាលមកពីវិបត្តិកូវីដ-១៩ ហើយក៏ជាការអភិវឌ្ឍនូវប្រសិទ្ធភាពនៃឧស្សាហកម្មក្នុងស្រុកផងដែរ។
ក្រសួងសេដ្ឋកិច្ចថៃ បានបែងចែកកញ្ចប់ថវិកា ជិត៥៨ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំសារពើពន្ធ២០២១ សម្រាប់គម្រោងលទ្ធកម្មរបស់រដ្ឋនេះ។
សហព័ន្ធឧស្សាហកម្មថៃ រំពឹងថាក្រុមហ៊ុន និងសហគ្រាសខ្នាតតូច និងមធ្យម ប្រមាណ ១០ម៉ឺនផលិតផល នឹងចូលរួមនៅក្នុងគម្រោងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកនេះ នៅឆ្នាំ២០២១នេះ៕