ផលប៉ះពាល់សេដ្ឋកិច្ចហ្វីលីពីន

ផលប៉ះពាល់សេដ្ឋកិច្ចរបស់ហ្វីលីពីនពីការបិទចាក់សោរប្រទេសរយៈពេលវែង


នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ បានផ្ទុះរាលដាលខ្លាំង បានបង្ខំឲ្យបណ្ដាប្រទេសជាច្រើនបានជ្រើសយកវិធីសាស្ត្រចាក់សោរបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ។ វិធានការនេះដ្បិតតែមានតែមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងជំងឺមែន ប៉ុន្ដែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចប៉ះទង្គិចខ្លាំងណាស់ដែរ។ ប្រទេសហ្វីលីពីន ត្រូវបានគេមើលឃើញថា គឺជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសដែលប្រើប្រាស់វិធានការបិទប្រទេសយូរជាងគេក្នុងពិភពលោក។
ហ្វីលីពីន បិទប្រទេសជាថ្មីក្រោយកូវីដ១៩ក្នុងសហគមន៍រាលដាលកាន់ខ្លាំង​ រូបភាព៖ Xinhua
ដោយ

យ៉ាងណាមិញ នៅ​ស​ប្ដា​ហ៍​មុន​នេះ ដោយសារ​តែ​កូ​វី​ដ​-១៩ រាតត្បាត​ជា​ថ្មី​ទៀត រដ្ឋាភិបាល​ប្រទេស​ហ្វី​លី​ពី​ន ក៏​បាន​ប្រកាស​ហាមប្រាម​ជនបរទេស​ចូល​ក្នុង​ប្រទេស​ខ្លួន​ជា​ថ្មី​ទៀត​ហើយ​។ 

តើ​ហ្វី​លី​ពី​ន​បាន​ជួប​បញ្ហា​អ្វីខ្លះ នៅ​អំឡុង​ពេល​នៃ​ការ​បិទ​ចាក់សោរ​បិទ​ប្រទេស​ក្នុង​រយៈពេល​វែង?

សារព័ត៌មាន​ហ្វី​លី​ពី​ន Rapple បាន​ផ្សាយ​ថ្មី​ៗ​នេះ​ថា រយៈពេល​ផុត​ទៅ​១​ឆ្នាំ​ហើយ ដែល​ប្រទេស​ហ្វី​លី​ពី​ន សម្ងំ​ខ្លួន​ពួន​អាត្មា​ទប់ទល់​នឹង​ការ​រាលដាល​កូ​វី​ដ​-១៩ ហើយ​មក​ទល់​នឹង​ពេល​នេះ ប្រទេស​នេះ នៅ​តែ​កំពុង​ជួបនឹង​បញ្ហា​ក្នុង​ការ​ឈាន​ទៅ​បើក​ប្រទេស​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ដូច​ធម្មតា​វិញ​។ ក្នុងអំឡុងពេល​នៃ​ការ​បិទ​ប្រទេស មាន​ប្រជាជន​ហ្វី​លី​ពី​ន​រាប់​លាន​នាក់ បាន​បាត់បង់​ការងារ ខណៈ​ដែល​តម្លៃ ម្ហូបអាហារ​មានការ​កើនឡើង រីឯ​បំណុល​រដ្ឋាភិបាល​ក៏​កំពុង​ប៉ោង​ឡើង​កាន់តែ​ធំ​ផង​ដែរ​។

បើ​យើង​មាន​មើលទៅ​លើ​ផលិតផល​ក្នុងស្រុក​របស់​ហ្វី​លី​ពី​ន កាលពី​ឆ្នាំ​២០២០ គឺ​បាន​ដាំ​ក្បាល​ចុះ​ដល់​ទៅ ៩,៥% ដែល​ជា​តួលេខ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ឡើយ​តាំង​តែ​ពី​សង្គ្រាមលោក​លើ​ទី​២​មក​ម្ល៉េះ​។ GDP របស់​ហ្វី​លី​ពី​ន​បាន​ធ្លាក់​ចុះ ទាប​ខ្លាំង​នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០២០ ដល់​ទៅ​-១៧% នៅ​គ្រា​ដែល​មានការ​រឹត​ត្បឹ​ត​ខ្លាំង​ក្រោយ​ពី​មានការ​ចាក់សោរ​បិទ​ប្រទេស​។ សម្រាប់​ត្រីមាស​ទី​១ នៅ​ឆ្នាំ​២០២១​នេះ GDP របស់​ហ្វី​លី​ពី​ន នៅ​តែ​រំពឹង​ថា នឹង​មាន​តួលេខ​អវិជ្ជមាន​។ ទោះ​យ៉ាងណា រដ្ឋាភិបាល​លោក ដុត​ទ័​រ​តេ បាន​ប៉ាន់​ស្មានថា កំណើន GDP នៅ​ឆ្នាំ​២០២១ អាច​នឹង​មាន​ចន្លោះ​ពី ៦,៥ ទៅ​៧,៥ ភាគរយ និង​ឈាន​ដល់ ៨ ទៅ​១០ ភាគរយ​នៅ​ឆ្នាំ​២០២២​។

ចំពោះ​វិស័យ​ការងារ​វិញ រដ្ឋាភិបាល​ហ្វី​លី​ពី​ន​មាន​ក្ដី​រំពឹង​ខ្ពស់​ថា ចំនួន​អ្នកមាន​ការងារ​អាច​នឹង​ត្រឡប់​មក​ប្រសើរ​ឡើង ខណៈ​ដែល​នៅ​ឆ្នាំ​២០២០ អ្នក​គ្មាន​ការងារ​ធ្វើ​បាន​កើនឡើង​ដល់​ទៅ​ជាង​១០% ស្មើនឹង​ប្រមាណ ៤​លាន​៥​សែន​នាក់​។ នេះ​បើ​តាម​តួលេខ​ពី​អាជ្ញាធរ​ស្ថិតិ​ហ្វី​លី​ពី​ន​។ អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ឆ្នាំ​២០២០ គឺ​មាន​ខ្ពស់​បំផុត​គិត​តាំងពី​ខែមេសា​ឆ្នាំ​២០០៥​មក​។

ប្រទេស​ហ្វី​លី​ពី​ន​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​មាន​ពលករ​ចំណាកស្រុក​ច្រើន​ជាងគេ និង​បាន​ផ្ញើ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ចូល​មក​ក្នុង​ប្រទេស ដោយ​វិស័យ​នេះ បាន​រួម​ច​ណែ​ក​ប្រហែល​ជាង​៩% នៃ GDP របស់​ប្រទេស​នេះ​។ នៅ​ឆ្នាំ​២០២០ ការ​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ពី​ពលករ​ចំណាកស្រុក របស់​ហ្វី​លី​ពី​ន​បាន​ធ្លាក់​ចុះ​បន្តិច ត្រឹមតែ​ជិត ១% ប៉ុណ្ណោះ ដោយ​មាន​ទំហំ​ទឹកប្រាក់​សរុប​ជាង​៣៣​ពាន់​លាន​ដុល្លារ​។ ប៉ុន្ដែ ការ​ធ្លាក់​ចុះ ត្រូវ​បាន​រំពឹង​ថា​អាច​នឹង​បន្ដ​មាន​ច្រើន​ទៀត​នៅ​ឆ្នាំ​នេះ​។

ចំពោះ​អត្រា​អតិផរណា​វិញ នៅ​ហ្វី​លី​ពី​ន​មានការ​កើនឡើង​៥​ខែ​ជាប់​គ្នា​មក​ហើយ ដោយ​គិត​មក​ទល់​នឹង​ខែកុម្ភៈ​កន្លង​ទៅ​នេះ អត្រា​អតិផរណា​មាន​ដល់​ទៅ ៤,៧% ដែល​វា​ជា​ក្ដី​បារម្ភ​មួយ​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​។

ដោយឡែក ការ​វិនិយោគ​ពី​ក្រៅប្រទេស​របស់​ហ្វី​លី​ពី​ន​វិញ នៅ​ឆ្នាំ​២០២០ ធ្លាក់​ចុះ​ជិត​២៥% មាន​តម្លៃ​ទុន​វិនិយោគ​តែ ៦​ពាន់​៥​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ពី​ឆ្នាំ​២០១៩ មាន​ដល់​ទៅ​ជាង​៨​ពាន់​៧​រយ​លាន​ដុល្លារ​។

ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ជួប​បញ្ហា​ដាំ​ក្បាល​ចុះ គេ​ក្រឡេក​ទៅ​មើល​ស្ថានភាព​បំណុល​របស់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​វិញ​គឺ​មានការ​កើនឡើង​ក្រឺត​ៗ​តែ​ម្ដង​។ ជាក់ស្ដែង នៅ​ឆ្នាំ​២០២០ បំណុល​មិន​ទាន់​សង​របស់​ហ្វី​លី​ពី​ន​បាន​កើនឡើង​ជិត​២៧% ដែល​មាន​ដល់​ទៅ​ប្រមាណ ២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​តែ​ត្រូវការ​ថែម​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​កូ​វី​ដ​-១៩​។ ហើយ​គិត​មក​ដល់ បំណាច់​ខែមករា​ឆ្នាំ​២០២១ បំណុល​មិន​ទាន់​សង​នេះ បាន​កើនឡើង​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ នៅ​ហ្វី​លី​ពី​ន​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩ ជាង​១​ម៉ឺ​នាក់​ហើយ ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ដល់​ទៅ​ជាង​៦០​ម៉ឺន​នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ​មាន​ជាង​៥៦​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដារបង្ហាញឈ្មោះក្រុមហ៊ុនធំៗចំនួន ៣០ ដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេនៅឆ្នាំ២០២០

ព័ត៌មាន
បើទោះបីជាឆ្នាំ២០២០ មានការជួបប្រទះនៅការរាតត្បាតនៃមេរោគកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែអគ្គនាយកដ្ឋានពន្ធដារនៅតែរក្សាបានការប្រមូលចំណូលជាមួយកំណើ…

ថៃរំពឹងថាយុទ្ធនាការជំរុញផលិតផលក្នុងស្រុកនឹងបង្កើតម្លៃក្នុងសេដ្ឋកិច្ចជិត៥៨ពាន់លានដុល្លារ

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ ជឿជាក់ថា យុទ្ធនាការថ្មី ក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក Made-in-Thailand ដែលមានន័យថា ផលិតនៅក្នុងប្រទេសថៃ ដែលជាការផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ