ទោះបីជាប្រឈមនឹងវិបត្តិមេរោគកូវីដ-១៩ នៅក្នុងឆ្នាំ ២០២០នេះ ប្រទេសថៃ ត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចតាមប្រព័ន្ធអនឡាញធំជាងគេលំដាប់ទី ២ ក្នុងតំបន់ នៅពីក្រោយ ប្រទេសឥណ្ឌូនេស៊ី ដែលឈរលើលំដាប់កំពូល។
នៅក្នុងរបាយការណ៍ e-Conomy SEA ២០២០ របស់ក្រុមហ៊ុន GOOGLE សហការជាមួយក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី បានបង្ហាញថា ៣០% នៃអ្នកប្រើប្រាស់សេវាកម្មឌីជីថល នៅក្នុងប្រទេសថៃ គឺជាអ្នកប្រើប្រាស់ថ្មី ដែលទើបតែប្រើប្រាស់ដោយសារតែវិបត្តិមេរោគកូវីដ១៩ តែយ៉ាងណាក៏ដោយ ៩៥% នៃពួកគេនឹងបន្តសកម្មភាពតាមប្រព័ន្ធអនឡាញ នៅក្រោយពេលដែលវិបត្តិនេះបញ្ចប់។
របាយការណ៍ខាងលើនេះ បានសិក្សាទៅលើ ភាពរីកចម្រើនលូតលាស់នៃ សេដ្ឋកិច្ចអនឡាញរបស់ ប្រទេសក្នុងតំបន់អាស៊ានចំនួន ៦ រួមមាន ថៃ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី ហើយវាបានគ្របដណ្តប់លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្មតាមអនឡាញ វិស័យដឹកជញ្ជូននិងចំណីអាហារ សេវាកម្មហិរញ្ញវត្ថុ និងវិស័យអប់រំផ្នែកបច្ចេកវិទ្យា ជាដើម។
សេដ្ឋកិច្ចតាមប្រព័ន្ធអនឡាញរបស់តំបន់អាស៊ាន ក៏ត្រូវបានគេព្យាករណ៍ដែរថា នឹងកើនឡើងដល់ ជាង១០០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ ដែលកើនឡើង ៥% ធៀបនឹងឆ្នាំ២០១៩កន្លងទៅ ហើយសេដ្ឋកិច្ចតាមប្រព័ន្ធអនឡាញនេះ នឹងកើនដល់ជាង ៣០០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥ខាងមុខ។
គួរជម្រាបដែរថា នៅក្នុងឆ្នាំ ២០២០នេះ មានអ្នកប្រើប្រាស់ជាង ៤០លាននាក់ ដែលជា អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញលើកដំបូងបំផុត ដែលធ្វើឲ្យតួលេខនៃអ្នកប្រើប្រាស់សរុបកើនដល់ ៤០០លាននាក់ ពោលគឺ ៧០% នៃចំនួនប្រជាជនសរុបក្នុងតំបន់អាស៊ាន គឺនៅអនឡាញ៕