អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងស៊ូប (Jirayu Houngsub) បានអះអាងថា មកទល់ពេលនេះ កំណាត់ផ្លូវរថភ្លើងល្បឿនលឿនជាង១ភាគ៣ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ដែលតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ទីក្រុងនគររាជសីមា ក្នុងចម្ងាយប្រមាណ២២០គីឡូម៉ែត្រ ខណៈកំណាត់ផ្លូវរថភ្លើងទាំងស្រុងតភ្ជាប់ទៅទីក្រុងណងខៃ ជាប់ព្រំដែនប្រទេសឡាវ នឹងសាងសង់រួចរាល់នៅឆ្នាំ២០៣០ ជាពេលមួយដែលថៃ អាចចាប់ផ្ដើមប្រតិបត្តិការរថភ្លើងល្បឿនលឿនតភ្ជាប់ទៅកាន់ប្រទេសចិន។
ផ្លូវរថភ្លើងចម្ងាយ១ពាន់គីឡូម៉ែត្រ ពីរដ្ឋធានីវៀងចន្ទន៍របស់ឡាវ ទៅកាន់ទីក្រុងគុនមីង នៅភាគនិរតីនៃប្រទេសចិន បានចាប់ផ្តើមសេវាកម្មនៅឆ្នាំ២០២១ ដោយចំណាយថវិកាសាងសង់អស់៦ពាន់លានដុល្លារ ដោយ៧០% ជាការវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងដោយទីក្រុងប៉េកាំង។ ខ្សែរថភ្លើងនេះនឹងត្រូវតភ្ជាប់ជាមួយនឹងខេត្តណងខៃ ប្រទេសថៃ តាមរយៈទីក្រុងវៀងចន្ទន៍ ក្នុងចម្ងាយប្រហែល២៥គីឡូម៉ែត្រ។
លោក ជីរ៉ាយុ បាននិយាយថា នេះជាឱកាសសម្រាប់ប្រទេសថៃ ក្នុងការតភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោក ដោយបានបន្ថែមថា វានឹងនាំប្រទេសថៃ ឱ្យកាន់តែខិតជិតទៅនឹងគោលដៅរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងតំបន់។ ការប្រកាសពីការដាក់ឱ្យដំណើរការផ្លូវរថភ្លើងល្បឿនលឿននេះ បានធ្វើឡើងនៅក្រោយពេលមួយឆ្នាំ បន្ទាប់ពីប្រទេសចិនបានជំរុញឱ្យប្រទេសថៃបង្កើនការអភិវឌ្ឍផ្លូវដែកឱ្យលឿនថែមទៀត៕