នៅក្នុងរយៈពេលជាង៨ខែឆ្នាំនេះ ថៃអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិសរុបជាង១៩លាននាក់ ក្នុងនោះចិនមានជាង២លាននាក់។
សារព័ត៌មានធំៗនៅក្នុងប្រទេសថៃបានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន បានដឹកនាំមន្រ្តីរបស់លោកទៅទទួលស្វាគមន៍ភ្ញៀវទេសចរជនជាតិចិននៅអាកាសយានដ្ឋានសុវណ្ណភូមិដោយផ្ទាល់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងឱ្យតម្លៃដល់គោលនយោបាយលើកលែងទិដ្ឋាការ ដែលថៃបានដាក់ចេញ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរបរទេស។
ថ្នាក់ដឹកនាំប្រទេសថៃរូបនេះបានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ភ្ញៀវទេសចរចិនដែលមកដល់ប្រទេសថៃតាមជើងហោះហើរ XJ 761 ដឹកជញ្ជូនដោយក្រុមហ៊ុន Thai AirAsia X ហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ។ ជើងហោះហើរនេះ បាននាំអ្នកដំណើរចំនួន៣៤១នាក់ ដែលជាអ្នកទេសចរដំបូងគេមកពីប្រទេសចិន ដែលបានទទួលគោលនយោបាយលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលថៃ។
លោក ស្រ៊ីថា បានចាត់ទុកការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈវិស័យទេសចរណ៍ គឺជាគោលនយោបាយអាទិភាពមួយ សម្រាប់រដ្ឋាភិបាលរបស់លោក ព្រោះថា វិស័យទេសចរណ៍ គឺជាគន្លឹះដំបូងក្នុងការបង្កើតប្រាក់ចំណូល ដែលអាចជំរុញសេដ្ឋកិច្ច និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋក្នុងទ្រង់ទ្រាយធំ។
សម្រាប់ថ្នាក់ដឹកនាំរូបនេះ វិធានការមួយក្នុងចំណោមវិធានការណ៍អាទិភាព គឺការកែលម្អភាពងាយស្រួលនៃការធ្វើដំណើរចូលមកកាន់ប្រទេសថៃ តាមរយៈគោលនយោបាយលើកលែងទិដ្ឋាការ វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញសក្តានុពល និងអត្រាកំណើនភ្ញៀវទេសចរ ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងើបឡើងវិញទាំងមូលនៃឧស្សាហកម្មទេសចរណ៍ថៃ។
អ្នកជំនាញបានអះអាងថា មកដល់ពេលនេះទីផ្សារទេសចរណ៍ចិនមានសារៈសំខាន់បំផុតសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ថៃ ដោយសារវាបានផ្តល់នូវសក្តានុពលយ៉ាងច្រើនសម្រាប់កំណើនខ្ពស់ទាំងប្រាក់ចំណូលនិងជំរុញកំណើនវិស័យពាក់ព័ន្ធ ខណៈដែលទីផ្សារចិននៅតែប្រឈមមុខនឹងបញ្ហា។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលជាង៨ខែ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ថៃទទួលបានភ្ញៀវទេសចរបរទេសជាង១៩លាននាក់ក្នុងនោះចិនជាប់លំដាប់លេខពីរ ដែលមានភ្ញៀវទេសចរមកកម្សាន្តនៅថៃច្រើនជាងគេរហូតដល់ជាង២លាននាក់។ យ៉ាងណាមិញតាមរយៈការដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការថៃរំពឹងថា នឹងអាចទាក់ទាញអ្នកទេសចរចិនបានជាង៤លាននាក់នាឆ្នាំនេះ ជាមួយការផ្តល់ប្រាក់ចំណូលប្រមាណជា ២៥៧ពាន់លានបាត ឫជាង៧ពាន់លានដុល្លារ។
សម្រាប់ការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការនៅ៥ខែពេញ អាជ្ញាធរថៃរំពឹងថា នឹងភ្ញៀវទេសចរចិនប្រមាណជិត៣លាននាក់នឹងមកលេងប្រទេសថៃ ដោយបង្កើតប្រាក់ចំណូលបានប្រមាណជាង១៤០ពាន់លានបាត ឫជិត៤ពាន់លានដុល្លារ។ ហើយប្រសិនបើគោលនយោបាយនេះដំណើរការប្រកបដោយប្រសិទ្ធភាព វិស័យទេសសចរណ៍ថៃនៅឆ្នាំនេះ អាចនឹងងើបឡើងវិញប្រមាណជា៦២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២៕
ដោយៈ សរ សុជាតិ