កីឡាស៊ីហ្គេម

ថៃ រំពឹងកើបលុយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានជិត៤៥០លានដុល្លារ ទោះរៀបចំមិនបានល្អ


លោក គង់សាក់ យ៉ុដម៉ានី (Gongsak Yodmani) ប្រធានអាជ្ញាធរកីឡាថៃ បានព្យាករថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលថៃធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥ នេះ នឹងអាចប្រមូលចំណូលបានជិត៤៥០លានដុល្លារអាម៉េរិក ដែលជាតួលេខមួយកើនលើសពីការរំពឹងទុកដំបូងរហូតដល់ទ្វេដង ទោះជាមានការរិះគន់ចំពោះកំហុសនៃការរៀបចំមិនបានល្អក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
កីឡាស៊ីហ្គេម
ដោយ

ប្រធានអាជ្ញាធរកីឡាថៃ លោក គង់សាក់ យ៉ុដម៉ានី បានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅឆ្នាំនេះ បានជួយឱ្យថៃ អាចរកចំណូលបានប្រមាណជិត៤៥០លានដុល្លារសម្រាប់ចាក់ចូលសេដ្ឋកិច្ចជាតិរបស់ខ្លួន។ ចំណូលនេះបានមកពីប្រភេទកីឡាចំនួន៥០ និងការចូលរួមពីអត្តពលិក និងមន្ត្រីប្រតិភូជាង១ម៉ឺននាក់។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាជិត៤០ម៉ឺននាក់រួមទាំងក្រុមគ្រួសារអត្តពលិក អ្នកគាំទ្រអន្តរជាតិ និងអ្នកទេសចរផងដែរ​។ លើសពីនេះការប្រកួតកីឡានេះបានបង្កើតការងារចន្លោះពី១ម៉ឺន២ពាន់ទៅ១ម៉ឺន៤ពាន់កន្លែងនៅក្នុងវិស័យសេវាកម្ម ដឹកជញ្ជូន និងកីឡា។

តួលេខនេះបានកើនលើសពីការរំពឹងទុករបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ប្រហែល២ដង និងច្រើនជាង៦ដងបើធៀបនឹងថវិកាប្រតិបត្តិការសម្រាប់រៀបចំព្រឹត្តិការណ៍នេះដែលមានជាង៦៣លានដុល្លារ ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីខែមិថុនា សម្រាប់ទាំងការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតកីឡាប៉ារ៉ាហ្គេមនាពេលខាងមុខ។

ទោះជាទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុក៏ដោយ តែការរៀបចំកីឡាស៊ីហ្គេមរបស់ថៃ កើតមានបញ្ហាចម្រូងចម្រាសជាច្រើនដូចជាការកាត់សេចក្ដីមានភាពលម្អៀងទៅរកអត្តពលិកថៃ ការរៀបចំកន្លែងស្នាក់នៅមិនបានត្រឹមត្រូវ ការរៀបចំម្ហូបអាហារមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋមូស្លីម និងការដាក់ទង់ជាតិរបស់ប្រទេសមួយចំនួនមិនបានត្រឹមត្រូវ និងបញ្ហាជាច្រើនទៀត។ ក្រៅពីនេះ ព្រឹត្តិការណ៍នេះ ក៏បានប្រឈមមុខនឹងការពន្យារពេលនៃការរៀបចំបណ្តាលមកពីការផ្លាស់ប្តូរនៅក្នុងជួររដ្ឋាភិបាលថៃ ខណៈភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃកាន់តែកើនឡើងបានជំរុញឱ្យកម្ពុជាដកអត្តពលិកទាំងអស់ចេញពីរការប្រកួតភ្លាមៗ បន្ទាប់ពីពិធីបើក៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្នុងចំណោមគណបក្សនយោបាយនៅថៃ តើមានគណបក្សណាមួយដែលអាចមានសមត្ថភាពដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា?

បើគ្មានការប្រែប្រួលទេ ប្រទេសថៃនឹងរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មីនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយព្រះមហាក្សត្រថៃ បានឯកភាពលើសំណើស…

ថៃ ទទួលស្គាល់ថា គ្មានប្រទេសណាមួយគាំទ្រខ្លួនឡើយ និងកំពុងឡាំប៉ាមិនសុខចិត្តជុំវិញរឿងជម្លោះព្រំដែនជាមួយកម្ពុជា

ជារឿងមួយដ៏គួរឱ្យអាម៉ាស់ជាទីបំផុត សម្រាប់ប្រទេសថៃ ខណៈដែលរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺលោក ណាត់ថាផន ណាក់ផានិត នៅថ្ងៃទី ២៣នេះ បានចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ