នៅក្នុងរយៈពេលជាង៥ទសវត្សរ៍មកនេះ អត្រានៃការមានកូននៅក្នុងប្រទេសថៃ បានធ្លាក់ចុះខ្លាំងយ៉ាងឆាប់រហ័សពីកូន៦នាក់ ក្នុងស្ត្រីម្នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ មកនៅត្រឹមតែកូនម្នាក់ក្នុងឆ្នាំ២០២២ ដែលជាលទ្ធផលនឹងជះផលផលប៉ះពាល់ដល់កម្លាំងពលកម្ម និងសន្ទុះកំណើនសេដ្ឋកិច្ចកាន់តែយឺតនាពេលអនាគត។ ស្របពេលសេដ្ឋកិច្ចថៃ ធ្លាប់តែសម្រេចបានកំណើនខ្ពស់ចន្លោះពី៥% ទៅ៧% ក្នុង១ឆ្នាំ ពេលនេះថៃ អាចសម្រេចបានកំណើនចន្លោះពី៣% ទៅ៤%ប៉ុណ្ណោះ ហើយបើកម្លាំងការងារក្នុងស្រុកមិនកើនឡើងទេ នោះកំណើនអាចនឹងបន្តធ្លាក់ចុះមកនៅក្រោម២%។
ទន្ទឹមនេះ ការលូតលាស់យឺតយ៉ាវផ្នែកភាសារបស់កុមារថៃ ក៏កំពុងកើនឡើងផងដែរ។ ការស្ទង់មតិរបស់ក្រសួងសុខាភិបាលថៃ ក្នុងឆ្នាំ២០២២-២០២៣ បានបង្ហាញថា ២២,៥% នៃកុមារថៃ ដែលមានអាយុពី០-៥ ឆ្នាំបានបង្ហាញសញ្ញានៃការលូតលាស់យឺតយ៉ាវ ជាពិសេសជំនាញភាសា។ និន្នាការនេះបានបន្តពីឆ្នាំ២០១៩ -២០២៣ ដោយមានកុមារកាន់តែច្រើនបង្ហាញសញ្ញាយឺតយ៉ាវក្នុងការយល់ និងការប្រើប្រាស់ភាសា។
ហើយបញ្ហាសុខភាពផ្លូវចិត្ត ក៏កំពុងកើនឡើងផងដែរក្នុងចំណោមកុមារថៃ។ នាយកដ្ឋានសុខភាពផ្លូវចិត្តថៃ បានរាយការណ៍ថា ក្នុងចំណោមកុមារថៃ១៤នាក់ អាយុចន្លោះពី៥ឆ្នាំដល់៩ឆ្នាំ គឺមានកុមារម្នាក់បង្ហាញសញ្ញានៃការលូតលាស់យឺតយ៉ាវផ្នែកបញ្ញាស្មារតីដូចជា IQ ទាប ការថប់បារម្ភ និងការពិបាករៀនជាដើម ដែលអាចបង្កឱ្យកុមារមានបញ្ហាសុខភាពផ្លូវចិត្ត និងការប្រើប្រាស់គ្រឿងញៀននៅពេលដែលពួកគេធំឡើង។ ហើយកត្តារួមផ្សំទាំងអស់នេះនឹងធ្វើឱ្យស្ថិរភាពសេដ្ឋកិច្ច និងស្ថិរភាពសង្គមរបស់ប្រទេសថៃ នាពេលអនាគតប្រឈមនឹងហានិភ័យ៕
ដោយ: តែម សុខុម