
ក្រសួងការពារជាតិ បានចាត់ទុកទង្វើ ដែលមិនស្គាល់ច្បាប់ទម្លាប់របស់ពលរដ្ឋ និងទាហានថៃនេះ វាផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងថៃ ដែលឈរនៅតំបន់នោះបានឯកភាពគ្នា។
លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកអាកប្បកិរិយារបស់ពលរដ្ឋ និងក្រុមទាហានថៃ ដែលមិនស្គាល់ច្បាប់ទម្លាប់បានធ្វើដាក់លើពលរដ្ឋខ្មែរនៅប្រាសាទតាក្របី ដោយហាមពលរដ្ឋខ្មែរមិនឱ្យថតរូបភ្ជាប់ជាមួយក្រមាមានប៉ាក់រូបទង់ជាតិខ្មែរកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ គឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងថៃដែលបានឈរជើងនៅទីនោះបានដឹង និងបានព្រមព្រៀងគ្នាកន្លងមក។
លោកជំទាវបានបន្តថា ក្នុងអំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរ ហើយក្នុងចំណោមទាហានថៃ ដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃ ឡើងមកប៉ុណ្ណោះ ដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។
បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ ក្រោយឃើញបញ្ហានេះកើតឡើង កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របីបានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃ ទាំងនោះថា ការលើកឡើងនេះ ពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថា មិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃ មកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃ យ៉ាងគគ្រឹកគគ្រេងផងដែរ។
បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញ ដោយកម្ពុជា បានអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ ស្របតាមកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នាពីមុន។ ជាមួយគ្នានេះ កងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី៕
អត្ថបទដោយ៖ ជា ម៉ារ៉ា