ជប៉ុនស្នើចិនឱ្យប្រាប់ពលរដ្ឋរបស់ខ្លួនឈប់យាយីជប៉ុនតទៅទៀត

ជប៉ុនស្នើចិនឱ្យប្រាប់ពលរដ្ឋរបស់ខ្លួនបញ្ឈប់ការយាយីជប៉ុនតទៅទៀត បន្ទាប់មានពីការបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រហ្វូគូស៊ីម៉ា


នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កាលពីថ្ងៃទី២៨ខែសីហា បានស្នើឱ្យប្រទេសចិនជួយជំរុញពលរដ្ឋរបស់ខ្លួនឱ្យបញ្ឈប់សកម្មភាពយាយីរំខាន រួមទាំង ការហៅទូរសព្ទ និងការគប់ដុំថ្មទៅកន្លែងការទូត និងសាលារៀនរបស់ជប៉ុនតទៅទៀត ខណៈអំពីទាំងនេះ កើតឡើងក្រោយពេលដែលជប៉ុនបានសម្រេចការបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលធ្វើឲ្យប្រទេសចិនខឹងសម្បារ និងថ្មីៗនេះថែមទាំងបានហាមឃាត់ការនាំចូលគ្រឿងសមុទ្រទាំងអស់ពីប្រទេសជប៉ុនផងដែរ។
ជប៉ុនស្នើចិនឱ្យប្រាប់ពលរដ្ឋរបស់ខ្លួនឈប់យាយីជប៉ុនតទៅទៀត
ដោយ

ប្រទេសជប៉ុនបានចាប់ផ្ដើមបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលក្នុងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហាដោយគេរំពឹងថា ការបញ្ចេញទឹកនេះនឹងបន្តធ្វើសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ទៅមុខទៀត។

ការណ៍នេះត្រូវបានប្រឆាំងយ៉ាងខ្លាំងពីក្រុមនេសាទ និងប្រទេសជិតខាង រួមមានកូរ៉េខាងត្បូង និងចិនជាដើម ដោយកាលពីចុងសប្ដាហ៍មកនេះ ពលរដ្ឋកូរ៉េខាងត្បូងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា ដើម្បីថ្កោលទោសការបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មនេះ បើទោះបីជាជប៉ុនបានអះអាងថា វាបានឆ្លងកាត់ការចម្រោះរួចហើយក៏ដោយ។ ចំណែកប្រទេសចិនវិញ បានហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុនភ្លាមៗដើម្បីជាការឆ្លើយតបនឹងការបញ្ចេញទឹកនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បាននិយាយថា មានការហៅទូរសព្ទរាប់ពាន់លើកមកពីប្រទេសចិនសំដៅទៅរកការិយាល័យរដ្ឋាភិបាលនៅទីក្រុងហ្វូគូស៊ីម៉ា និងប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរនេះ ហើយទីភ្នាក់ងារ NHK បានបញ្ជាក់ថា អ្នកហៅទូរស័ព្ទជាច្រើនបានស្រែកជា ភាសាចិនដោយអ្នកខ្លះបានស្រែកថា «ភ្លីភ្លើ ឬល្ងង់» ជាដើម និងប្រើពាក្យខឹងក្រោធផ្សេងទៀតផងដែរ។
ជាមួយក្ដីបារម្ភពាក់ព័ន្ធបញ្ហានេះ លោក គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី២៨សីហា បានស្នើឱ្យប្រទេសចិនប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យឈប់ធ្វើការយាយីរំខានអាជ្ញាធរជប៉ុនតទៅទៀត ហើយលោកបាននិយាយថា វាគួរឱ្យសោកស្ដាយបំផុតចំពោះការព្រឹត្តបែបនេះ។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ម៉ាសាតាកា អូកាណូ បានកោះហៅឯកអគ្គរដ្ឋទូតចិនលោក វូ ជាំងហាវ ដើម្បីស្នើសុំឱ្យពលរដ្ឋចិនធ្វើសកម្មភាព ដោយអត់ធ្មត់ និងមានទទួលខុសត្រូវ។
លោក គីស៊ីដា ក៏បានសន្យាកាលពីថ្ងៃទី២៨ខែសីហាដែរថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីការពារឧស្សាហកម្មនេសាទរបស់ជប៉ុនពីផលប៉ះពាល់ នៃការហាមឃាត់របស់ចិនចំពោះការនាំចូលអាហារសមុទ្រពីជប៉ុន ហើយនិយាយថា លោកនឹងប្រកាសពីវិធានការគាំទ្រឧស្សាហកម្មនេះនៅចុងសប្តាហ៍នេះ។
ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរកាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហាដោយជំរុញឱ្យពលរដ្ឋជប៉ុនមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅក្នុងប្រទេសចិនខណៈដែលកំពុងមានការយាយី និងការតវ៉ាហិង្សាកាន់តែខ្លាំងឡើង និងកុំនិយាយភាសាជប៉ុនឭៗពេកនៅតាមទីសាធារណៈ ដើម្បីជៀសវាងការរំខានពីអ្នកដទៃនៅទីនោះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីថៃថា គណៈរដ្ឋមន្ត្រីថ្មីរបស់លោកនឹងដំណើរការនៅពាក់កណ្តាលខែកញ្ញា

ព័ត៌មាន
លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃដែលទើបតែទទួលសេចក្តីទុកចិត្តពីសភា បានអះអាងថា គណៈរដ្ឋមន្ត្រីថៃថ្មីអាចដំណើរការនៅពាក់កណ្តាលខែកញ្ញា ប៉ុ…

កម្ពុជាដាក់ឲ្យអនុវត្តទម្រង់លក្ខខណ្ឌកិច្ចសន្យារួមមួយសម្រាប់កម្ចីក្រោម៥ម៉ឺនដុល្លារ

ព័ត៌មាន
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្ដង់ដាកិច្ចសន្យាឥណទានក្នុងទម្រង់លក្ខខណ្ឌកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ