
រដ្ឋាភិបាលថៃ នឹងអនុញ្ញាតឲ្យអគារខុនដូធំៗអាចប្រែក្លាយទៅជាកន្លែងផ្តល់សេវាកម្មស្នាក់នៅពេលយប់ដូចសណ្ឋាគារដែរ ដែលបញ្ហានេះ កំពុងបង្កឱ្យមានការខឹងសម្បារពីអ្នកវិនិយោគ និងអ្នករកស៊ីក្នុងសេវាកម្មសណ្ឋាគារ ដែលកំពុងតស៊ូជាមួយការធ្លាក់ចុះអតិថិជន ដោយសារម្ចាស់ខុនដូរនានា ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ។
លោក ធៀនប្រាសិទ្ធ ឆៃវ៉ាផាត្រានុន (Thienprasit Chaiyapatranun) ប្រធានសមាគមសណ្ឋាគារថៃ យល់ឃើញថា សេចក្តីព្រាងច្បាប់សណ្ឋាគារថ្មីរបស់រដ្ឋាភិបាលថៃ ហាក់រំលោភសិទ្ធិអ្នករស់នៅ និងអាចធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរ ហើយលោកបានបង្ហាញការមិនយល់ស្របលើចំណុចមួយចំនួននៅក្នុងសេចក្ដីព្រាងច្បាប់នេះ។ មិនយល់ស្រប ក៏ដោយសារសេចក្តីព្រាងច្បាប់ថ្មីនេះ បើកឱ្យវិនិយោគិនដែលទិញបន្ទប់ខុនដូ ឬលំនៅដ្ឋាននានា អាចដំណើរការដោយស្របច្បាប់ជាបន្ទប់សណ្ឋាគារ ខុសពីច្បាប់សណ្ឋាគារដែលបានអនុម័តតាំងពីឆ្នាំ២០០៤។
ជុំវិញបញ្ហានេះដែរ លោក ស៊ូរ៉ាផុង តេឆារូវិជិត (Surapong Techaruvichit ) នាយកគ្រប់គ្រងក្រុមហ៊ុន Asia Hotel បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ អាចបង្កើតហានិភ័យសម្រាប់អ្នកទិញខុនដូ ឬផ្ទះដែលមានបំណងរស់នៅ ព្រោះសេចក្តីព្រាងនេះ អនុញ្ញាតឱ្យម្ចាស់បន្ទប់ខុនដូ និងផ្ទះអាចផ្លាស់ប្តូរទៅជាសណ្ឋាគារបានយ៉ាងងាយស្រួល។
ជាមួយគ្នានេះលោកស្រី សុផាវ៉ាន់ ថានុំគិធិភូមិ (Supawan Tanomkieatipume) អនុប្រធានគណៈកម្មាធិការទេសចរណ៍នៃសភាពាណិជ្ជកម្មថៃ បាននិយាយថា វិធានការសុវត្ថិភាពជាកាតព្វកិច្ចសម្រាប់សណ្ឋាគារ ហើយប្រតិបត្តិករសណ្ឋាគារត្រូវបានតម្រូវឱ្យបន្តអាជ្ញាបណ្ណរៀងរាល់៥ឆ្នាំម្តង ដើម្បីរក្សាបាននូវស្តង់ដាសុវត្ថិភាព មិនដូចការស្នាក់នៅតាមបន្ទប់ខុនដូ ដែលលើកលែងដោយច្បាប់។ លោកស្រីបានបន្តថា ថៃ កំពុងតស៊ូជាមួយនឹងការយល់ឃើញអវិជ្ជមានទាក់ទងនឹងសុវត្ថិភាព ហើយនឹងការបន្ទាបស្តង់ដានៃឧស្សាហកម្មសណ្ឋាគារ៕
ដោយៈ សរ សុជាតិ