នៅមួយទសវត្សរ៍កន្លងមកនេះ ប្រទេសថៃ បានពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយោធាជាមួយទីក្រុងប៉េកាំង ដែលធ្វើឱ្យប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយ។ បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០១៤ របស់ប្រទេសថៃ សហរដ្ឋអាម៉េរិក បានកាត់បន្ថយការចូលរួមផ្នែកយោធាជាមួយប្រទេសថៃ ខណៈដែលប្រទេសចិន បានចូលអន្តរាគមន៍ ដោយលក់មីស៊ីល ប្រព័ន្ធរ៉ាដា រថក្រោះ និងថែមទាំងជួយសាងសង់នាវាមុជទឹកដំបូងរបស់ប្រទេសថៃ ទៀតផង។
ទោះបីជាសហរដ្ឋអាម៉េរិក នៅតែធ្វើសមយុទ្ធយោធាធំជាងមុន និងទំនើបជាងមុនជាមួយប្រទេសថៃ ក៏ដោយ ក៏ប្រទេសចិន បានតាមទាន់ជានិច្ច។ ក្រុមអ្នកជំនាញនិយាយថា ការសម្របសម្រួលកាន់តែខ្លាំងឡើងរបស់ប្រទេសថៃ ជាមួយទីក្រុងប៉េកាំង មានន័យថា ទីក្រុងវ៉ាស៊ីនតោន លែងអាចពឹងផ្អែកលើការចូលប្រើប្រាស់មូលដ្ឋានយោធាថៃ ពេញលេញនៅក្នុងជម្លោះក្នុងតំបន់ ជាពិសេសជម្លោះដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់។
ការផ្លាស់ប្តូរនេះ បានបង្កើនហានិភ័យ ដែលសហរដ្ឋអាម៉េរិក និងប្រទេសថៃ អាចរសាត់ចេញពីគ្នាជាយុទ្ធសាស្ត្រ។ វាអាចនាំឱ្យមានការលក់អាវុធតិចជាងមុន ការបណ្តុះបណ្តាលរួមគ្នាថយចុះ និងការចែករំលែកព័ត៌មានសម្ងាត់មានកម្រិត។ សហរដ្ឋអាម៉េរិក បានរារាំងសំណើរបស់ប្រទេសថៃ ក្នុងការទិញយន្តហោះចម្បាំង F-35 រួចហើយ ដែលត្រូវបានគេរាយការណ៍ថា ដោយសារតែការព្រួយបារម្ភមួយផ្នែកអំពីទំនាក់ទំនងរបស់ប្រទេសថៃ ជាមួយប្រទេសចិន។
ទំនោររបស់ប្រទេសថៃ ទៅរកប្រទេសចិន ក៏ធ្វើឱ្យជម្រើសយោធារបស់សហរដ្ឋអាម៉េរិក នៅអាស៊ីអាគ្នេយ៍មានកម្រិតផងដែរ រួមទាំងការដាក់ពង្រាយមីស៊ីល ដែលអាចកើតមាន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន និងកូរ៉េខាងជើង។ ក្នុងពេលជាមួយគ្នានេះ អ្នកវិភាគនិយាយថា សហរដ្ឋអាម៉េរិក បានយកចិត្តទុកដាក់តិចជាងមុនចំពោះអាស៊ីអាគ្នេយ៍ ដោយផ្តោតជំនួសវិញលើប្រទេសដែលនៅជិតប្រទេសចិន ដូចជាជប៉ុន កោះតៃវ៉ាន់ និងហ្វីលីពីនជាដើម។ នេះបានកាត់បន្ថយឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសថៃ និងតំបន់បន្ថែមទៀត។
ខណៈដែលទីក្រុងវ៉ាស៊ីនតោន ពង្រឹងភាពជាដៃគូសន្តិសុខតូចៗនៅកន្លែងផ្សេងទៀត និងកាត់បន្ថយជំនួយអភិវឌ្ឍន៍ ក្រុមអ្នកជំនាញព្រមានថា ឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសថៃ និងអាស៊ីអាគ្នេយ៍ កំពុងធ្លាក់ចុះជាលំដាប់៕
អត្ថបទ តែម សុខុម