រដ្ឋបាលក្រុងបាងកក កំពុងថ្លឹងថ្លែងក្នុងការធ្វើពាណិជ្ជកម្មតាមរូបមន្ត Barter Deals ដែលជារូបមន្តដោះដូរផលិតផលជាមួយផលិតផល ឫសេវាកម្មជាមួយសេវាកម្ម ដោយមិនប្រើប្រាស់សាច់ប្រាក់។ ក្រោមផែនការរបស់លោកស្រី សុផាជេ សុទំម៉ាភូម (Suphajee Suthumpun) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចាំផ្ទះរបស់ថៃ មានបំណងចង់នាំចេញកសិផល ជាពិសេសអង្ករទៅដោះដូរយកអាវុធ និងបច្ចេកវិទ្យាយោធាពីចិន និងរុស្ស៊ី។
លោក អាត ភីសាលវានិច (Ath Pisalvanich) អ្នកជំនាញកិច្ចការពាណិជ្ជកម្មដ៏ល្បី១រូបបានហៅយុទ្ធសាស្ត្រពាណិជ្ជកម្មនេះថា ជាការធ្វើពាណិជ្ជកម្មដ៏ឆោតល្ងង់។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើថៃ ប្រើយុទ្ធសាស្ត្រនេះ នោះថៃនឹងរងការប្រតិកម្មពីអាម៉េរិក កសិករបាត់បង់ផលប្រយោជន៍ សមត្ថភាពនៃការប្រកួតប្រជែងទីផ្សារធ្លាក់ចុះ និងបាត់បង់លំនឹងសាច់ប្រាក់ជាដើម។ លោកបានសង្កត់ធ្ងន់ថា មកទល់ពេលនេះ ការចរចារពាណិជ្ជកម្មរវាងថៃ និងអាម៉េរិកដែលបានជាប់គាំងក្រោយយោធាថៃ ឈ្លានពានកម្ពុជា មិនទាន់ដំណើរការនៅឡើយទេ ដូច្នេះថៃ អាចនឹងរងសម្ពាធបន្ថែមទៀតបើហ៊ានប្រើយុទ្ធសាស្ត្រនេះ។
ទោះបីជាផែនការលម្អិតដែលផ្តួចផ្តើមដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈ តែអ្នកជំនាញយល់ឃើញថា ការត្រឡប់ទៅប្រើប្រាស់រូបមន្តដោះដូរពាណិជ្ជកម្មបែបបុរាណនេះ នឹងនាំគ្រោះថ្នាក់ច្រើនជាងចំណេញសម្រាប់សេដ្ឋកិច្ចជាតិរបស់ថៃ៕
ដោយៈ សរ សុជាតិ