លោក ពូនផង ណៃយ៉ាណាផាកន (Poonpong Naiyanapakorn) អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) បាននិយាយថា ទិន្នន័យពីនាយកដ្ឋានឧតុនិយមថៃបង្ហាញថា ស្ថានភាពបាតុភូតអែលនីណូ កំពុងចុះខ្សោយដែលរំពឹងថា នឹងប្ដូរទៅជាស្ថានភាពធម្មតានៅចន្លោះខែមេសា និងខែមិថុនា ហើយ៦០%អាចប្តូរទៅបាតុភូតឡានីញ៉ា នៅចន្លោះពីខែមិថុនា ដល់ខែសីហា។
បើតាមការលើកឡើងរបស់លោក ពូនផង បាតុភូតឡានីញ៉ាមានលក្ខណៈផ្ទុយពីបាតុភូតអែលនីញ៉ូ ពោលគឺបាតុភូតនេះអាចនាំមកនូវខ្យល់បក់ខ្លាំងជាងធម្មតាដោយបក់ពីភាគខាងកើតឆ្ពោះទៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលនឹងនាំមកនូវទឹកក្តៅមកកាន់តំបន់អាស៊ីអាគ្នេយ៍ ជាហេតុធ្វើឱ្យកម្ពស់ទឹកសមុទ្រកើនឡើង និងអាចមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ផងដែរ។
អគ្គនាយករូបនេះបានបន្ថែមថា មុខទំនិញនៅក្នុងកញ្ចប់អតិផរណារបស់ប្រទេសថៃ ដែលរំពឹងថា នឹងរងផលប៉ះពាល់ដោយសារបាតុភូតឡានីញ៉ាភាគច្រើនជាអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ជាពិសេសផលិតផលកសិកម្មដូចជាបន្លែស្រស់ និងផ្លែឈើដែលងាយរងគ្រោះខ្លាំងដោយសារលក្ខខណ្ឌទឹក។
ភ្លៀងធ្លាក់ច្រើនខ្លាំងពេក ក៏អាចប៉ះពាល់ដល់តំបន់ដាំដុះ និងរាំងស្ទះដល់ការប្រមូលផលព្រមទាំងបំផ្លាញដំណាំដែលនាំឱ្យតម្លៃផលិតផលកសិកម្មកើនឡើងកាន់តែខ្ពស់ ដោយសារកង្វះការផ្គត់ផ្គង់ផលិតផលកសិកម្មនៅតាមទីផ្សារជាច្រើន ខណៈបន្លែ និងផ្លែឈើស្រស់មានចំនួនជិត៦%នៃកញ្ចប់អតិផរណារបស់ប្រទេសថៃ។
បើតាមការិយាល័យ TPSO បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ អត្រាអតិផរណារបស់ប្រទេសថៃ បានរងឥទ្ធិពលពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានបង្កើនតម្លៃប្រេង និងជីគីមីជាសកល ខណៈដែលបាតុភូតឡានីញ៉ានឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃកសិកម្ម៕