ជម្លោះព្រំដែន

តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រទេសថៃ ហ៊ុមព័ទ្ធដោយបញ្ហាជម្លោះ មិនកសាងសន្តិភាពជាមួយប្រទេសជិតខាង?


ប្រទេសថៃ គឺជាប្រទេសមួយដែលហ៊ុមព័ទ្ធដោយបញ្ហាជម្លោះជាមួយបណ្ដាប្រទេសជិតខាងដូចជាកម្ពុជា ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ជាក់ស្ដែងកងទ័ពថៃ បានបង្កបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា រហូតឈានដល់ការប្រយុទ្ធគ្នាធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងបណ្តាលឱ្យទាហានទាំងសងខាងស្លាប់ និងរបួសជាច្រើននាក់ ខណៈមកទល់ពេលនេះភាពតានតឹងរវាងប្រទេសទាំងពីរមិនទាន់អាចរកច្រកចេញបាននៅឡើយទេ។ តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រទេសថៃហ៊ុមព័ទ្ធដោយជម្លោះ និងមិនកសាងសន្តិភាពជាមួយប្រទេសជិតខាង?
ជម្លោះព្រំដែន
ដោយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ក្រៅពីកំពុងមានជម្លោះដ៏ក្ដៅគគុកជាមួយកម្ពុជា ថៃ ក៏កំពុងមានជម្លោះព្រំដែនជុំទិសជាមួយប្រទេសជិតខាងដូចជាឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាផងដែរ ដោយសារតែជាតិសាសន៍មួយនេះតែងចាត់ទុកប្រទេសជិតខាងជាប្រទេសមិនមានឋានៈ ឬមានមុខមាត់ស្មើនឹងប្រទេសខ្លួន​។ បើតាមអ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ ភាពអំនួតរបស់ជាតិសាសន៍ថៃ ដែលមានពីជំនាន់មុនៗត្រូវបានបន្តមកដល់បច្ចុប្បន្នតាមរយៈការកសាងកម្លាំងយោធា និងសេដ្ឋកិច្ច ហើយធ្វើសង្រ្គាមឈ្លានពានយកទឹកដីប្រទេសជិតខាង ដោយមិនអនុវត្តតាមច្បាប់អន្តរជាតិ នោះទេ។ ជាក់ស្ដែងប្រទេសថៃ តែងឈ្លានពានមកលើកម្ពុជា ម្ដងហើយម្ដងទៀត និងប្រមាថដល់ធម្មនុញ្ញាអាស៊ាន ដោយពុំបានគោរពច្បាប់អន្តរជាតិ នោះឡើយ។ ការណ៍នេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ ចាត់ទុកជាតិសាសន៍ថៃ ជាមនុស្សរស់ក្នុងរូងភ្នំនៃព្រៃសុខោទ័យ។

​ដោយឡែកលោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា មូលហេតុដែលប្រទេសថៃ មិនមានសន្តិភាពជាមួយប្រទេសជិតខាង ក៏ដោយសារតែប្រទេសនេះបានគូសផែនទីដោយឯកតោភាគី និងមិនឈរលើគោលការណ៍ច្បាប់អន្តរជាតិ នោះទេ ជាហេតុធ្វើឱ្យមានជម្លោះជុំទិសជាមួយបណ្ដាប្រទេសជិតខាងរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។

​បើតាមលោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា យន្តការច្បាប់អន្តរជាតិ នៅតែមានសារសំខាន់ក្នុងការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសថៃ ជាមួយបណ្ដាប្រទេសជិតខាង។ ជាក់ស្ដែងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបានលោកជឿជាក់ថា នៅតែអាចប្រើយន្តការរបស់តុលាការយុត្តិធម៌អន្តរជាតិបាន ដោយសារតែប្រទេសទាំងពីរ គឺជាសមាជិករបស់អង្គការសហប្រជាជាតិ។ បន្ថែមលើនេះ ប្រទេសដែលរងការឈ្លានពានពីថៃ ត្រូវពង្រឹងសមត្ថភាពឱ្យខ្លាំងដើម្បីកុំឱ្យប្រទេសថៃ អាចមកឈ្លានពាននៅថ្ងៃអនាគត៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើការជ្រើសរើសមុខវិជ្ជាវិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រពិតសម្រាប់ប្រឡង ពិតជាឆ្លុះបញ្ចាំងពីសមត្ថភាពសិស្សរៀនខ្សោយ រៀនខ្លាំង ឬយ៉ាងណា?

ថ្មីៗនេះមានការផ្ទុះការវែកញែកយ៉ាងផុសផុលជុំវិញការជ្រើសរើសមុខជំនាញប្រឡងរបស់សិស្សសម្រាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ ក្រ…

តើតម្លៃសម្ភារៈសំណង់នៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយបិទច្រកព្រំដែនកម្ពុជា-ថៃ?

វិស័យសំណង់ គឺជាអនុវិស័យមួយដែលបានរងផលប៉ះពាល់ខ្លាំងនៅអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។ តែយ៉ាងណាអ្នកជំនាញនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ