គណៈកម្មាធិការទទួលបន្ទុកប្រាក់ឈ្នួលរបស់រដ្ឋាភិបាល និយោជក និងតំណាងនិយោជិតនៅមុននេះបានយល់ព្រមថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃក្នុងអត្រាជាង២% ដែលនឹងអនុវត្តនៅក្នុងខែមករា ប៉ុន្តែលោក សេដ្ឋា ថាវីស៊ីន បានចាត់ទុកការដំឡើងប្រាក់ឈ្នួលនេះថា នៅទាបពេក ខណៈលោកធ្លាប់បានសន្យាក្នុងពេលឃោសនាបោះឆ្នោតថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់៤០០បាត ឬប្រហែលជាង១១ដុល្លារ បើទោះជាមានកង្វល់ពីការប្រកួតប្រជែងក៏ដោយ។
រដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ លោក ភីប៉ាត រ៉ាតចាគីតប្រាកាន (Phipat Ratchakitprakarn) បានប្រាប់អ្នកយកព័ត៌មានថា ការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងអត្រាប្រាក់ឈ្នួលក្នុងស្រុក និងក្រុមវិជ្ជាជីវៈនឹងបិទបញ្ចប់នៅខែមីនា ដើម្បីកំណត់ពីតំបន់ និងក្រុមណា ដែលត្រូវដំឡើងប្រាក់ឈ្នួល។
ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន គឺចន្លោះពី៩ដុល្លារ៥០សេនដល់ជាង១០ដុល្លារ២០សេន ប៉ុន្តែតួលេខនេះអាចនឹងមានការប្រែប្រួលខុសគ្នាបន្តិចបន្តួចអាស្រ័យទៅតាមតំបន់ ឬក៏ផ្នែកលើជំនាញវិជ្ជាជីវៈផ្សេងៗនៅក្នុងប្រទេសនេះ។
ក្រុមហ៊ុនមួយចំនួនបានព្រមានថា ការដំឡើងប្រាក់ឈ្នួល ចំពេលការចំណាយលើប្រាក់កម្ចីកំពុងតែកើនឡើង គួបផ្សំនឹងសេដ្ឋកិច្ចរបស់ថៃកំពុងតែដើរយឺតជាងប្រទេសដៃគូក្នុងតំបន់មួយចំនួនទៀតនោះ អាចធ្វើឱ្យបាត់បង់ការប្រកួតប្រជែងនៅតាមឧស្សាហកម្មមួយចំនួន។
ដោយឡែកលោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ បានអនុម័តរក្សាកម្រិតគោលដៅអតិផរណារបស់ធនាគារកណ្តាលឱ្យនៅដដែល គឺនៅចន្លោះពី១%ទៅ៣%សម្រាប់ឆ្នាំ២០២៤។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសថៃ បានស្ថិតនៅកម្រិតដក០,៤៤%ក្នុងខែវិច្ឆិកា ឆ្នាំនេះ ពោលគឺជាកម្រិតទាបបំផុតក្នុងរយៈពេលជិត៣ឆ្នាំមកនេះ៕
អត្ថបទ៖ សុខ ជា